ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានចូលទៅរកសេវាម៉ាស្សានៅហាងមួយកន្លែង លុះចូលទៅដល់ ក៏សួរមេការរកនារីបម្រើផ្លូវភេទ លុះគេប្រាប់ថា មានតែសេវាម៉ាស្សា អត់មានសេវាស្រួល (រួមភេទ) ទេ ស្រាប់តែបុរសរូបនោះឆេះឆួលកំហឹង រករឿងអុកឡុកក្នុងហាង រួចទាញដំបងវាយកម្ទេចរបស់របរ និងកញ្ចក់ទ្វារហាង បែកបាក់ខ្ទេច រួចក៏ព្យាយាមរត់គេចទៅសម្ងំនៅសណ្ឋាគារមួយកន្លែង តែចុងក្រោយ ត្រូវសមត្ថកិច្ចចុះក្របួចជាប់ដល់ក្នុងសណ្ឋាគារ។
ករណីហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅ ចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ សង្កាត់២ ក្រុងព្រះសីហនុ។
ជនបង្កហេតុដែលចូលរកសេវាផ្លូវភេទក្នុងហាងម៉ាស្សា អត់បានតាមបំណង បែរជាបង្កហិង្សាវាយបំផ្លាញរបស់ទ្រព្យក្នុងហាងគេខ្ទេចអស់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាជនជាតិចិន។
តាមប្រភពពីបុគ្គលិកដែលធ្វើការនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ (ជនបង្ក) បានដើរចូលមកហាងម៉ាស្សា (ទីតាំងកើតហេតុ) រួចក៏បានហៅមេការសួររកនារីបម្រើផ្លូវភេទ ខណៈនោះ មេការប្រាប់ថា កន្លែងនេះពុំ មានសេវាបម្រើផ្លូវភេទទេ។ ភ្លាមៗនោះស្រាប់តែបុរសជនជាតិចិន នេះខឹងសម្បាយ៉ាងខ្លាំង រួចក៏ទាញដំបងមកវាយរបស់របរក្នុងហាងខ្ទេចអស់ បន្ទាប់មកក៏រត់គេចខ្លួនបាត់ទៅ។
ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក ក៏ឃើញបុរសជនជាតិចិនរូបនេះ លេចមុខមកម្តងទៀត ដោយកាន់ដុំឥដ្ឋ និងដុំថ្ម គប់សំដៅមកហាង បណ្តាលឱ្យបែកកញ្ចក់ទ្វារ និងខូចខាតសម្ភារមួយចំនួនធំ រួចព្យាយាមរត់ចូលសណ្ឋាគារ “កាស៊ីណូប៉ាវទូ” តែត្រូវបុគ្គលិកហាងដេញតាមពីក្រោយទាន់ និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តង។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអន្តរាគមន៍ពិសេសខេត្តព្រះសីហនុ បានចុះមកដល់ សណ្ឋាគារ កាស៊ីណូប៉ាវទូ ដែលជនបង្កហេតុរត់ចូលទៅសំងំលាក់ខ្លួន និងសុំការសហការជាមួម្ចាស់សណ្ឋាគារ សុំឱ្យជនបង្កចុះមកធ្វើការដោះស្រាយគ្នាជាមួយម្ចាស់ហាងម៉ាស្សា នៅស្នងការដ្ឋាននគរបាលខេត្ត ទើបជនបង្កហេតុព្រមចេញសងថ្លៃខូចខាតឱ្យម្ចាស់ហាង ដើម្បីបញ្ចប់រឿង៕