ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីជំទង់វ័យ១៣ឆ្នាំម្នាក់ ត្រូវបានម្តាយបង្កើតរបស់ខ្លួន មានគំនិតស្មោគគ្រោក រួមគំនិតជាមួយនឹងបុរសម្នាក់ ដោយបើកដៃ ទុកឱកាសឱ្យបុរសរូបនោះ ចូលទៅចាប់រំលោភកូនស្រីរបស់ខ្លួនទាំងកំរោល រហូតដល់បានសម្រេច ទីបំផុត រឿងរ៉ាវបានបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងជនល្មោភកាម ទាំងស្ត្រីជាម្តាយបង្កើតចិត្តអប្រិយ នាំយកមកចាត់ការតាមច្បាប់។
ករណីម្តាយបង្កើតបើកដៃឱ្យប្រុសម្នាក់ចូលចាប់រំលោភកូនស្រីរបស់ខ្លួនរហូតដល់បានសម្រេចខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅនឹងផ្ទះរបស់ក្មេងស្រីរងគ្រោះ ត្រង់ចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ។
តាមប្រភពពីសមត្ថកិច្ចស្រុកឧដុង្គ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះពេជ្រ ស្រីអ៊ី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ (អ្នកផ្តល់ទីតាំងឱ្យជនសង្ស័យ ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន)។ និងទី២-ឈ្មោះសេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាអ្នកប្រព្រឹត្តអំពើរំលោភលើក្មេងស្រីរងគ្រោះ)។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីសង្ស័យឈ្មោះពេជ្រ ស្រីអ៊ី និងមានលំនៅក្នុងភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ។
ប្រភពដដែលបន្តថា នៅក្នុងករណីខាងលើនេះ គេនៅមិនទាន់ដឹងថា តើហេតុអ្វីបានជាស្ត្រីម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ មានគំនិត ស្មោគគ្រោកយ៉ាងណានោះទេ បានជាហ៊ានផ្សំគំនិតជាមួយនឹងជនសង្ស័យថែមទាំងផ្តល់ទីតាំងឱ្យជនសង្ស័យចាប់រំលោភកូនស្រីបង្កើត ខ្លួនឯងយ៉ាង ដូច្នេះទៅវិញ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ មុននឹងបញ្ផូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ផូនទៅចាត់ការបន្តតាមនីតិវិធី។/