ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាព ជំងឺ និងឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារ ដល់លោកព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដើម្បីជួយសម្រាលការលំបាកក្នុងពេល សង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំយកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខភាព របស់លោកព្រហ្ម ម៉ាញ ដែលជាសិល្បករជើងចាស់ មានស្នាដៃជាច្រើនក្នុងការចូលរួម លើកកម្ពស់វិស័យសិល្បៈ តាមរយៈការសម្តែង និងច្រៀងអាយ៉ៃ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើពីការថែទាំសុខភាព អនុវត្តតាម វេជ្ជបញ្ជាគ្រូពេទ្យ និងសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អរឹងមាំឡើងវិញ។
ជាកិច្ចឆ្លើយតប លោកស្រី ម៉ាញ មសកា កូនស្រីរបស់លោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វី។
គួរបញ្ផាក់ថា វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោកព្រហ្ម ម៉ាញ បានដួលសន្លប់បាត់ស្មារតី និងត្រូវបានក្រុមគ្រួសារ បញ្ផូនទៅសម្រាក នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ ក្បែរស្ពានអាកាស៧មករា ដើម្បីតាមដានស្ថានភាពជំងឺ លើសឈាមរបស់លោក។
ជាមួយគ្នានេះ បើតាមការ បញ្ជាក់ពីតារា កំប្លែងអ្នកនាង កាឆយ បានលើកឡើងថា លោកពូ ព្រហ្មម៉ាញ បានធូបន្តិចហើយ តែគាត់នៅងើបវិលហើយញ៉ាំអីមិនទាន់បាន។
ចំណែកអ្នកស្រី គង់ សុចិន្តា ដែលត្រូវជាភរិយាលោក ព្រហ្ម ម៉ាញ បានប្រាប់ឱ្យដឹងថា នៅថ្ងៃនេះ (២១មីនា) ស្វាមីអ្នកស្រីគឺលោកតា ព្រហ្ម ម៉ាញ បានដឹងខ្លួនជាធម្មតាហើយ ខណៈក្រុមគ្រូពេទ្យក៏បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាប់មកបន្ទប់សម្រាកធម្មតាវិញ ដើម្បីតាមដាន ជំងឺ។ អ្នកស្រីបន្តថា ថ្វីត្បិតលោកព្រហ្ម ម៉ាញ បានដឹងខ្លួនហើយក្តី ប៉ុន្តែក៏នៅបារម្ភរឿងមួយ គឺសម្ពាធឈាមឡើងចុះខុសប្រក្រតីទើបធ្វើឱ្យលោក ព្រហ្ម ម៉ាញ នៅធ្វើទុក្ខម្តងៗ។/