Monday, December 23, 2024
Homeបរិយាយសែន​ស្តាយ! អ្នក​ចេះ​របេះ​ក្បាច់

សែន​ស្តាយ! អ្នក​ចេះ​របេះ​ក្បាច់

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះវិសាមញ្ញៃនតុលាការកម្ពុជា (អ.វ.ត.ក) ហៅសាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត ចំពោះមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម២រូប គឺនួន ជា និងខៀវ សំផន។ សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់រងទុក្ខវេទនាក្នុងរបបប៉ុល ពត សម្តែងកិច្ចស្វាគមន៍ សូម្បីតែបរទេសក៏អបអរសាទរផងដែរ។ ប៉ុន្តែ អ្វីដែលយើងមានអារម្មណ៍មិនល្អនោះ នៅត្រង់ “សែនស្តាយ! អ្នកចេះរបេះ ក្បាច់” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

របបកម្ពុជាប្រជាធិបតេយ្យ បានចាប់កំណើតឡើង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពេលរបបសាធារណរដ្ឋ ខ្មែរ ត្រូវផ្តួលរំលំ ហើយរហូតដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបផុតកំណត់ ដែលសរុបទៅបាន៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ អំឡុង ពេលនោះ ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ដែលក្លាយជាទាសករលើកទំនប់ ជីកប្រឡាយ ធ្វើការហួសកម្លាំង បានកើតឡើង ដែលយើងមិនបាច់រៀបរាប់ទេ ព្រោះសកម្មភាពរបស់កម្មាភិបាលខ្មែរក្រហម តាំងពីលើដល់ក្រោម ត្រូវបានសាក្សីឡើងបំភ្លឺ នៅសាលាក្តីខ្មែរក្រហម ល្អិតល្អន់រួចហើយ ទើបចៅក្រមពហុសាសន៍ សម្រេចចេញសាលក្រម ប្រកបដោយគតិយុត្តិធម៌ ល្មម ទទួលយកបានទាំងអស់គ្នា។ ការផ្តន្ទាទោសដាក់គុកមួយជីវិតនេះ សមរម្យហើយ ប៉ុន្តែ សួរថា “តើតានួន ជា និងតាខៀវ សំផន ជាប់គុកបានប៉ុន្មានឆ្នាំទៀត បើពួកគាត់មានអាយុក្បែរ៩០ឆ្នាំ ទៅហើយនោះ?” ប្រជាពលរដ្ឋខ្លះ ចង់ឱ្យតុលាការកូនកាត់ ផ្តន្ទាទោសដាក់គុកពួកគាត់១០០ឆ្នាំ ឬ២០០ឆ្នាំ ទើបសមនឹងកំហុស ពោលគឺ បើពួកគាត់ស្លាប់ទៅ ត្រូវបូជារើសឆ្អឹងមកដាក់ គុកទៀតទើបល្អ។ ទោះយ៉ាងណា ប្រជាពលរដ្ឋដែលចងកំហឹងនឹងមេដឹកនាំខ្មែរក្រហមនោះ មិនមែនជាចៅក្រមនោះទេ ដូច្នេះ បើចៅក្រមប្រកាសដាក់គុកមួយជីវិត ក៏ចេះតែទទួលយកទៅ។

អ្វីដែល “នគរធំ” ចង់លើកឡើងនៅពេលនេះ គឺពុំមែននៅត្រង់សោមនស្សរីករាយនឹងការផ្តន្ទាទោសនោះទេ ប៉ុន្តែចំណុច សំខាន់បំផុតត្រង់ “សោកស្តាយអ្នកចេះដឹងកំពូលដែលខំតស៊ូចាប់មនោគមន៍វិជ្ជាក្រហមឆ្អិនឆ្អៅ តាំងពីក្មេងរហូតសក់ស បានត្រឹម ជាប់គុក”។ សូមរំព្ញកថា នៅក្នុងចង្កោមមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដែលប្រជាពលរដ្ឋស្គាល់ច្បាស់ជាងគេ គឺលោកខៀវ សំផន។ គាត់ចាប់កំណើតនៅខេត្តស្វាយរៀង ជាកូនអ្នកច្បាប់ ជាសិស្សរៀនពូកែតាំងពីក្មេង ត្រូវបានទទួលអាហារូបករណ៍ទៅ បន្តការសិក្សានៅប្រទេសបារាំង រហូតបានសញ្ញាបត្របណ្ឌិតខាងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ គាត់ជាបុគ្គលស្អាតស្អំបំផុត ទោះជា បានធ្វើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានថៅកែគ្រាក់ឱ្យស៊ីញ៉េជាថ្នូរនឹងប្រាក់៣០ម៉ឺនរៀល សម័យសង្គមរាស្ត្រនិយម ដែលកាល នោះ មាស១ជី តម្លៃ៣០០រៀល ក៏គាត់មិនព្រមទទួលសំណូក។ គាត់ជិះកង់ទៅធ្វើការ ហូបបាយកកនឹងសៀង។ បក្ខពួករបស់ គាត់មាន ហ៊ូ យន់ និងហ៊ូ នឹម ក៏សុទ្ធតែស្អាតស្អំដូចគ្នា ដោយសារមនោគមន៍វិជ្ជាក្រហមឆ្អិនឆ្អៅ ចូលពេញខ្លួនក្បាល ចង់ឱ្យ សង្គមស្អាតស្អំដូចពួកគាត់។ ប្រជាពលរដ្ឋខ្មែរ មិនសូវស្គាល់សាឡុត ស ដែលកែឈ្មោះថា ប៉ុល ពត, ឡៅ បេងគន ដែលកែ ឈ្មោះថា នួន ជា ក៏ដូចជា អៀង សារី និងអៀង ធីរិទ្ធ ជាប្រពន្ធនោះឡើយ តែធ្លាប់ដឹងថា លោកស្រីខៀវ ប៉ុណ្ណារី ប្រពន្ធ សាឡុត ស ជាអតីតសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិ អត្តលេខ២ បន្ទាប់ពីលោកកេង វ៉ាន់សាក់ ជាសាស្ត្រាចារ្យអត្ត- លេខ១។ និយាយរួម មេដឹកនាំខ្មែរក្រហម សុទ្ធតែអ្នកចេះដឹងកំពូល ជាពិសេស លោកខៀវ សំផន ចេះខ្លាំងជាងគេបំផុត ដែល ប្រជាពលរដ្ឋភាគច្រើនស្គាល់គាត់ច្បាស់ ទើបគាត់មិនប្តូរឈ្មោះ ពេលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើតឡើង ដែលកាល នោះ គេដឹងថា សមមិត្តប៉ុល ពត ជាលេខាបក្ស និងជានាយករដ្ឋមន្ត្រី និងសមមិត្ត នួន ជា អនុលេខាបក្ស ប្រធានសភា គឺពីរ នាក់ហ្នឹង ដូរឈ្មោះ សាឡុត ស និងឡៅ បេងគន ផ្ទុយទៅវិញ សមមិត្តខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ អត់ដូរឈ្មោះ ដូចគេទេ តាមបញ្ជីជាផ្លូវការ ប៉ុន្តែ ឈ្មោះក្នុងបដិវត្តន៍ ហៅសមមិត្តហែម។

ដូច្នេះយើងឃើញថា ទោះបីជាខៀវ សំផន មិនបានកាន់អំណាចនីតិប្រតិបត្តិ ក៏គាត់មានគេស្គាល់ច្រើន ដោយសារ ចំណេះវិជ្ជាជ្រៅជ្រះជាងគេនេះឯង។ លុះគាត់ក្លាយជាប្រមុខរដ្ឋ មិនគិតយកចំណេះពេញខ្លួននោះមកជួយកសាងប្រទេស ឱ្យរីកចម្រើនដូចប្រទេសជិតខាង បែរជាចូលរួមចំណែកក្នុងការបោសសម្អាតអ្នករដ្ឋការចាស់ កម្ទេចបញ្ញវន្ត លុបបំបាត់សាសនា ប្រើកម្លាំងមនុស្សកសាងទំនប់ ប្រឡាយជំនួសគ្រឿងចក្រ។ គាត់បដិសេធថា មិនបានដឹង ហាក់ដូចជាមិនទំនងសោះ ព្រោះ គាត់មានឋានៈហួសបញ្ញវន្ត ឬអាចហៅអ្នកប្រាជ្ញក៏បាន ចុះហេតុអ្វីគាត់មិនដឹងថា មានការកាប់សម្លាប់ បង្អត់បាយប្រជា- ពលរដ្ឋខ្មែរ? កាលសម្តេចឪ ព្រះបរមរតនកោដ្ឋ ជាប់ក្នុងព្រះបរមរាជវាំង ដែលព្រះអង្គធ្លាប់ហៅថា “គុកវាំង” នោះ គឺមាន លោកខៀវ សំផន ចេញចូលមើលការខុសត្រូវ ចុះហេតុអ្វីគាត់ថា មិនបានដឹងពីការអនុវត្តច្បាប់ព្រៃរបស់អង្គការ?

ត្រង់ហ្នឹងហើយ ជាការសោកស្តាយនោះ គឺស្តាយត្រង់មនុស្សចេះដឹងកំពូល ដូចលោកខៀវ សំផន ក្លាយទៅជាមនុស្សអវិជ្ជា។ ការសមគំនិតធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយឱ្យប៉ុល ពត ដែលមានចំណេះទាបជាង ដឹកមុខបាននោះ ជាកំហុសធ្ងន់ធ្ងរណាស់។ ពេលនេះ លោកខៀវ សំផន កំពូលអ្នកចេះរបេះក្បាច់ បានក្លាយជាអ្នកទោសជាប់គុកមួយជីវិតទៅហើយ ពុំដឹងថា តើគាត់មាន វិប្បដិសារៈ ឬយ៉ាងណានោះទេ។ គាត់គ្មានសំណាងដូចសមមិត្តអៀង សារី និងភរិយា ដែលរួចផុតបណ្តឹងអាជ្ញា ដោយសារ មរណភាព ខណៈដែលប៉ុល ពត ឬបងធំទី១ បានត្រឹមចោលឆ្អឹងនៅក្នុងព្រៃ។ បុគ្គលចេះដឹងកំពូល កាន់អំណាចកំពូល ទោះបីជា គេចខ្លួនផុតពីច្បាប់រដ្ឋ ក៏មិនអាចគេចផុតពីច្បាប់ឋាននរកនោះដែរ នេះបើយោងតាមទ្រឹស្តីព្រះពុទ្ធសាសនា។ អ្នកចេះតិច ឬ ឋានៈទាប ទោសទណ្ឌក៏ទាបដែរ ជួនកាលគ្មានទោសតែម្តង ជាក់ស្តែង អតីតកងឈ្លបខ្មែរក្រហមមួយចំនួន ដែលធ្លាប់សម្លាប់ មនុស្ស សព្វថ្ងៃខ្លះបានក្លាយជាអាចារ្យវត្ត ឬក៏សាងផ្នួសជាសង្ឃអស់ទៅហើយ។

ពេលនេះ សំណុំរឿងខៀវ សំផន-នួន ជា ត្រូវបានបញ្ចប់ហើយ ប៉ុន្តែ សាលាក្តីខ្មែរក្រហម នៅតែបន្តទទួលជំនួយពីបរទេស មកបន្តបេសកកម្មកាត់ទោសមេខ្មែរក្រហមថ្នាក់កណ្តាលទៅមុខទៀត។ ការកោះហៅអតីតកម្មាភិបាលខ្មែរក្រហម មកកាត់- ទោសបន្ថែមទៀត លើសំណុំរឿង០០៣-០០៤នោះ អាចនឹងមានភាពចម្រូងចម្រាសជាមួយរាជរដ្ឋាភិបាលមិនខានឡើយ ប៉ុន្តែ យើងសុំមិននិយាយពីវគ្គបន្តនោះទេ គ្រាន់តែសម្តែងការសោកស្តាយ ចំពោះអ្នកចេះដឹងក្លាយទៅជាអ្នកទោសដែលគេស្អប់ ខ្ពើមបំផុត។

ការកាត់ទោសខៀវ សំផន អ្នកចេះដឹងកំពូលនេះ ចាត់ទុកជាគំរូ សម្រាប់អ្នកចេះដឹងស្រករក្រោយ មានការប្រុងប្រយ័ត្ន។ សម័យនេះ យើងឃើញនាហ្មឺនជាន់ខ្ពស់ ទាំងស៊ីវិល ទាំងកងប្រដាប់អាវុធ សុទ្ធតែមានសញ្ញាបត្របណ្ឌិត ដែលភាគច្រើន ជា បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ គណបក្សប្រឆាំង ក៏មានបណ្ឌិត បញ្ញវន្ត ដូចគ្នា កំពុងប្រកួតប្រជែងគ្នាលើសង្វៀននយោបាយ តាមលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ បើអ្នកចេះខ្លាំង ដើរតាមប្រជាធិបតេយ្យ សូមឱ្យត្រង់គន្លង កុំភ្លាត់ស្នៀតដើរតាម “កម្ពុជា ប្រជាធិបតេយ្យ” ក្រែងតុលាការកើតក្រោយ ចេញសាលក្រម សាលដីកាដូចខៀវ សំផន។

សរុបទៅ “សែនស្តាយ! អ្នកចេះរបេះក្បាច់” ពុំមែនជារឿងអាណិតអាសូរ ពេលឃើញតាខៀវ សំផន ជាប់គុកមួយជីវិត នោះទេ ប៉ុន្តែ ជារឿងសោកស្តាយដែលអ្នកចេះកំពូលម្នាក់ ខំរៀនតាំងពីស្រុកខ្មែរ ដល់ស្រុកបារាំង និងតស៊ូតាំងពីសក់ខ្មៅ ដល់សក់ស បានត្រឹមជាប់គុកមួយជីវិត។ ទោះយ៉ាងណា យើងក៏មានបំណងប្រាថ្នាសូមឱ្យរឿងខ្មែរក្រហម ក្លាយទៅជា “អហោ- សិកម្ម” ទៅចុះ ពោលគឺផ្តន្ទាទោសតែមេដឹកនាំកំពូលៗបានហើយ ដោយបើកឱ្យកម្មាភិបាលថ្នាក់ក្រោម រួចទុក្ខទោសទៅចុះ ដើម្បីឯកភាពជាតិ និរន្តរភាពជាតិតទៅ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES