ខេត្តកំពង់ស្ពឺ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គវក-១៩) និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពីជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់ បង្កជាមហន្តរាយដល់សង្គមជាតិ។
លោកស្រី ឱ វណ្ណឌីន បានច្រានចោលព័ត៌មានខាងលើនេះ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ “វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ” ដែលបានរៀបចំនៅសាលាខេត្តកំពង់ស្ពឺ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ឥឡូវមានបញ្ហាអ្នកដែលដើរផ្សព្វផ្សាយថា កុំឱ្យទៅចាក់វ៉ាក់សាំងថែមធ្វើអីទៀត បើបានចាក់វ៉ាក់សាំងរួចហើយ ចាក់ហើយនៅឈឺដដែល និងមានជនខិលខូចគាត់ដើរផ្សព្វផ្សាយថា ចាក់វ៉ាក់ទៅវាបង្កើតទៅជាជំងឺមហារីកឈាម វាបង្កើតទៅជាមហារីកកោសិកា ដែលវាខុសពីលក្ខណៈបច្ចេកទេសត្រឹមត្រូវពិតប្រាកដ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការដែលមានព័ត៌មានប្រឌិតពីជនខិលខូច ដែលបំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង គឺជាការខុសឆ្គងធំណាស់ និងជាការបង្កជាគ្រោះមហន្តរាយដ៏ធំទៅដល់ប្រជាពលរដ្ឋ និងបង្ករមហន្តរាយទៅដល់សុខភាពសាធារណៈ និងដល់ សង្គមជាតិផងដែរ។
លោកស្រី បានអះអាងដែរថា បុគ្គលអ្នកប្រឌិតព័ត៌មានទាំងនោះ មិនមែនមិនដឹងពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែមានបំណងផ្សេង គឺចង់ឱ្យអង់ទីគ័រការពារក្នុងខ្លួនរបស់ប្រជាពលរដ្ឋធ្លាក់ចុះ និងមានការឆ្លងផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ដែលយើងមិនអាច មើលរំលងបានទ្បើយ ហើយអ្នកដែលបានដើរផ្សព្វផ្សាយនោះ នឹងធ្វើការទម្លាក់កំហុសទៅលើការដាក់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តែម្តង។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំមានការធ្វេសប្រហែសឱ្យសោះ ប្រសិនដល់ពេលហើយ សូមទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ដោយវ៉ាក់សាំងទាំងអស់នៅកម្ពុជា សុទ្ធតែជាវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោករួចទៅហើយ៕