Saturday, October 19, 2024
Homeព័ត៌មានជាតិព្រះ​តេជ​គុណ​ប៊ុត ប៊ុន​តិញ ដាំ​កូន​គ្រញូង ១០០​ដើម នៅ​សៀម​រាប

ព្រះ​តេជ​គុណ​ប៊ុត ប៊ុន​តិញ ដាំ​កូន​គ្រញូង ១០០​ដើម នៅ​សៀម​រាប

ខេត្តសៀមរាប  កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម សហការជាមួយអាជ្ញាធរអប្សរា បាន ដឹកនាំដាំកូនគ្រញូង ចំនួន១០០ដើម នៅក្នុង បរិវេណវត្តថ្មីដំរីសែនជ័យ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ក្បែរកន្លែង ដើមគ្រញូងចំណាស់២០០ឆ្នាំ ដែលត្រូវបាន មន្ត្រីអាជ្ញាធរអប្សរាកាប់រំលំ កាលពីពេលកន្លង មកនេះ។

យោងតាមប្រភពអាជ្ញាធរអប្សរា បាន ឱ្យដឹងថា កូនគ្រញូងចំនួន១០០ដើម ត្រូវបាន អាជ្ញាធរអប្សរា យកទៅប្រគេនព្រះសង្ឃ ដើម្បី ដាំក្នុងបរិវេណវត្តថ្មីដំរីសែនជ័យ នៅក្នុងភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ថិត នៅក្នុងតំបន់ការពារនៃឧទ្យានអង្គរ ដែលបញ្ជាក់ ពីកិច្ចសហការរវាងអាជ្ញាធរអប្សរា និងបណ្តាញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដើម្បី ជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងឧទ្យានអង្គរ។

លោកហង់ ពៅ អគ្គនាយករងអាជ្ញាធរអប្សរា បានប្រគេនកូនគ្រញូង ទៅព្រះសង្ឃ ដោយផ្ទាល់ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅវត្តថ្មីដំរីសែនជ័យ។ ពិធីដាំ ត្រូវ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ដោយ មានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ ភ្នាក់ងារអភិរក្សព្រៃឈើ ព្រមទាំងថ្នាក់ដឹកនាំព្រះសង្ឃ និងអាជ្ញាធរអប្សរា យ៉ាងច្រើនកុះករ។

ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិក បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មានថេរដីកាថា សកម្មភាពដាំដើមគ្រញូងនៅ ពេលនេះ គឺធ្វើឡើងដើម្បីផ្សះផ្សាការខឹងសម្បា របស់ប្រជាពលរដ្ឋចំពោះការបាត់បង់ ឱ្យទៅ ជាការការពារវិញ។ បើយើងជំរុញការខឹងសម្បា ឱ្យចេះតែកើនឡើង វាបានត្រឹមតែជាភ្លើងធ្វើឱ្យឆេះនគរយើង។ កាលណាវាឆេះ វានឹងបាត់ ការចូលរួម បាត់បង់ការគាំទ្រ។ ដូច្នេះ វានឹង បាត់បង់អ្វីគ្រប់យ៉ាង ជាពិសេស គឺកម្រិតវប្បធម៌ ដែលមានតម្លៃមហាសាលរបស់យើង ដែលត្រូវការការចូលរួមពីយើងទាំងអស់គ្នា

ព្រះតេជគុណ បន្ថែមថា ការចូលរួមដាំ កូនកូនឈើប្រណីត ដែលជាឈើកម្រនៅពេល នេះ ក៏ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរបស់ពិភពលោកសព្វថ្ងៃនេះដែរ។ ពិភពលោក ដែលឡើងកម្តៅ អាកាសធាតុប្រែប្រួលជាញឹកញាប់ ក៏ដោយសារការបាត់បង់ធនធានធម្មជាតិ ព្រៃឈើនេះឯង។ លើសពីនេះ ព្រះតេជគុណក៏គ្រោងនឹងបន្តកិច្ចសហការជាមួយអាជ្ញាធរអប្សរា ដើម្បីនាំយកកូនឈើប្រណីត របៀបនេះទៅដាំក្នុងវត្តនានាដែលស្ថិតនៅក្នុង ឧទ្យានអង្គរ ធ្វើឱ្យវត្តដែលនៅក្បែរបេតិកភណ្ឌ អង្គរ ក្លាយជាវត្តបៃតង មានពណ៌ស្រស់ស្អាត ត្រជាក់ត្រជុំទៀតផង។

ជាមួយគ្នានេះ ព្រះតេជគុណប៊ុត ប៊ុនតិញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងកម្ចាត់ជនទុច្ចរិតដែលបំផ្លាញព្រៃឈើ។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ការចូលរួមដាំដើមគ្រញូងនេះ ជាចលករសង្គម មួយមានសារសំខាន់ មិនអាចខ្វះបាន ព្រោះបើ មនុស្សមិនចូលរួមធ្វើអំពើល្អ និងការពារផល ប្រយោជន៍សង្គមទេ ប្រទេសជាតិ និងសាសនា នឹងកាន់តែអាក្រក់។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ នៅក្នុងហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ទាក់ទងនឹងការដាំដើម គ្រញូងនេះថា កូនគ្រញូងចំនួន១០០ដើម ត្រូវ បានក្រុមសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដាំរួចរាល់ហើយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

អ្នកចូលរួមដាំជាងពីររយនាក់ មកពីបណ្តាញ ព្រះសង្ឃឯករាជ្យ ព្រះសង្ឃវត្តដំរីសែនជ័យ អាជ្ញាធរអប្សរា ពុទ្ធបរិស័ទចំណុះជើងវត្ត និង មគ្គុទ្ទេសក៍ទេសចរ។

ក្រៅពីការដាំកូនគ្រញូងមួយរយដើម ដែល បានប្រគេនដោយអាជ្ញាធរអប្សរា បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក៏បានផ្តល់ មូលនិធិការពារកូនគ្រញូង ជាថវិកាចំនួនមួយ លានរៀលផងដែរ។ ថវិកានេះនឹងត្រូវចាត់ចែង គ្រប់គ្រងដោយព្រះគ្រូសូត្រស្តាំវត្តដំរីសែនជ័យ។

សារផ្ញើជូនញាតិញោមជនរួមជាតិខ្មែរ គ្រប់រូប ៖ យើងត្រូវប្រកាន់មាគ៌ាដែលត្រឹមត្រូវ ដែលព្រះបរមគ្រូសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ទី១គិតត្រូវតាមផ្លូវដែលមានប្រយោជន៍ គឺ សេចក្តីសុខដល់ខ្លួន សហគមន៍ និងប្រទេស ជាតិ។ គិតត្រូវ ដល់ការចូលរួមការងារ អំពើល្អ រួមទាំងការថែរក្សាធនធានធម្មជាតិ ដើម្បីផ្តល់ នូវសេចក្តីសុខឱ្យប្រទេសជាតិ និងពិភពលោក ទាំងមូល។ ទី២និយាយត្រូវ គឺនិយាយការពិត ពីបញ្ហាសង្គម ពិភាក្សា និងបបួលគ្នាធ្វើអំពើល្អ។ និយាយពីមហន្តរាយ និងវិនាសកម្មព្រៃឈើក្នុង ប្រទេសជាតិយើង ហើយត្រូវបបួលគ្នាចូលរួម ការពារ និងកម្ចាត់ជនទុច្ចរិត។ ទី៣ធ្វើត្រូវ សំដៅទៅលើការងារត្រូវ ដែលមានប្រយោជន៍ ដល់ការការពារផលប្រយោជន៍ សាសនា និង ប្រទេសជាតិ។ ការងារដែលមានប្រយោជន៍ ត្រូវហ៊ានលះបង់ និងពុះពារធ្វើឱ្យបានច្រើន។

ក្តីរំពឹងទុក ៖ យើងសង្ឃឹមថា គ្រញូងមួយរយដើម នឹងក្លាយទៅជាទ្រព្យសម្បត្តិសាសនា និងជាមរតករបស់ជាតិយើង។ គ្រញូងទាំងមួយរយដើមនេះ ក៏នឹងជួយជាលម្អដល់តំបន់ឧទ្យាន អង្គរផង។ យើងក៏មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រញូងមួយរយដើមនេះ បានជាបច្ច័យល្អដល់ សេចក្តីត្រូវការរបស់ពិភពលោក គឺទេសចរណ៍ ធម្មជាតិ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

លោកហង់ ពៅ អគ្គនាយករងអាជ្ញាធរអប្សរា បានថ្លែងអំណរគុណចំពោះព្រះសង្ឃ ដែលបានបំផុសចលនាបន្ថែមទៀតដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមគាំទ្រសកម្មភាពថែទាំ និងដាំឡើងវិញនូវព្រៃឈើដែលជារនាំងការពារដ៏សំខាន់នៃប្រាង្គប្រាសាទ។ មិនតែប៉ុណ្ណោះ  សកម្មភាពចូលរួមរបស់ព្រះសង្ឃនៅពេលនេះ គឺស្របតាមគោលនយោបាយបរិស្ថាន របស់  អាជ្ញាធរអប្សរា ដែលមានការប្តេជ្ញាចិត្តជំរុញ ការស្ថាបនាសង្គមមួយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នា រវាងធម្មជាតិ ប្រាសាទ និង អ្នកស្រុក ពោលគឺរវាងបរិស្ថាន វប្បធម៌ និង សហគមន៍៕

RELATED ARTICLES