ខេត្តកណ្តាល ៖ នគរបាលស្រុកកៀនស្វាយ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ប្រធានអង្គការវឌ្ឈនភាពកសិកម្មនិងធម្មជាតិ ព្រមទាំងបក្ខពួក ដែលបានធ្វើសកម្មភាពជំរិតទារប្រាក់ពីពលរដ្ឋនេសាទត្រី ដោយប្រើឧបករណ៍ឆក់ខុសច្បាប់ រួចបញ្ជូនទៅតុលាការ ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិធី។

ហេតុការណ៍នេះ បានកើតឡើងកាលពីអំឡុងខែកុម្ភៈ និងធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅចំណុចកើតហេតុ ស្ថិតនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះក្នុងករណីខាងលើ មានចំនួន ១៩នាក់ រួមមាន ៖ ទី១-ឈ្មោះយឹង ឌុង ភេទប្រុស អាយុ៤០ឆ្នាំ ទី២-ឈ្មោះយឺន ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ទី៣-ឈ្មោះហុង រស្មី ភេទប្រុស អាយុ៣៩ឆ្នាំ ទី៤-ឈ្មោះយ៉ិន យិន ភេទប្រុស អាយុ៤០ឆ្នាំ ទី៥-ឈ្មោះយឺន ឈុនទ្បោ ភេទប្រុស អាយុ៤១ឆ្នាំ ទី៦-ឈ្មោះវ៉ាន់ សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ទី៧-ឈ្មោះ ម៉េង ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ ទី៨-ឈ្មោះយឺន សេរី ភេទប្រុស អាយុ៣៥ឆ្នាំ ទី៩-ឈ្មោះ ស៊ឹម សាន់ ភេទប្រុស អាយុ២៨ឆ្នាំ ទី១០-ឈ្មោះហោ ថៃ ភេទប្រុស អាយុ៣១ឆ្នាំ ទី១១-ឈ្មោះទ្បន រ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ ទី១២-ឈ្មោះទិត្យ ទុំ ភេទប្រុស អាយុ៤៣ឆ្នាំ ទី១៣-ឈ្មោះឡន សុវណ្ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ទី១៤-ឈ្មោះកែវ មុន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ទី១៥-ឈ្មោះទ្បេង ឃុន ភេទប្រុស អាយុ៣៣ឆ្នាំ ទី១៦-ឈ្មោះខន ង៉ុក ភេទប្រុស អាយុ២៧ឆ្នាំ ទី១៧-ឈ្មោះថឺ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ទី១៨-ឈ្មោះសាត់ ស៊ីណា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី១៩-ឈ្មោះទឹក ដំ ភេទប្រុស អាយុ៣២ឆ្នាំ។ អ្នកទាំងអស់គ្នា មានមុខរបរជាអ្នកនេសាទ។

ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានចំនួន ៣នាក់ រួមមាន ទី១-ឈ្មោះឃិន ធី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអនុប្រធានអង្គការវឌ្ឈនភាពកសិកម្មនិងធម្មជាតិ មានលំនៅ ភូមិអូស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះនួន សុផានី ភេទប្រុស មុខរបរសមាជិកអង្គការវឌ្ឈនភាពកសិកម្មនិងធម្មជាតិ មានលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣-ឈ្មោះឃិន ប៊ុនទី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសមាជិកអង្គការវឌ្ឈនភាពកសិកម្មនិងធម្មជាតិ មានលំនៅ ភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២និង៣០នាទីរសៀល ជនសង្ស័យខាងលើ រួមជាមួយបក្ខពួក បានចាប់ឈ្មោះថឺ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានលំនៅ ភូមិអង្គរជ័យ ជុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងតែឆក់ត្រីតាមប្រឡាយចុងខ្សាច់ ហើយក៏បានជំរិតទារប្រាក់ ចំនួន២០០ដុល្លារ ជាថ្នូរក្នុងការដោះលែង តែឈ្មោះថឺ ហុង បានប្រគល់ប្រាក់ចំនួន ៥០ម៉ឺនរៀល ឱ្យទៅជនសង្ស័យ។



លោកអធិការនគរបាលស្រុកកៀនស្វាយ បន្តថា លុះដល់ថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០និង៥នាទីព្រឹក ជនសង្ស័យដដែល បានមកជំរិតទារប្រាក់ពីឈ្មោះទឹក ដំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទត្រី មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន ១២ម៉ឺនរៀល ជាថ្នូរក្នុងការឆក់ត្រី និងបង្គាប់ឱ្យឈ្មោះ ទឹក ដំ ប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរឆក់ត្រី នៅចំណុចចុងខ្សាច់ ត្រូវបង់ប្រាក់ឱ្យពួកខ្លួន ក្នុងម្នាក់ចំនួន ១២ម៉ឺនរៀល។
លោកអធិការ បន្តទៀតថា លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០នាទីរសៀល ឈ្មោះយ៉ិន យិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ និងឈ្មោះវ៉ាន់ សុធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរមានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានត្រឡប់មកពីរកត្រីវិញ (ឆក់ត្រី) នៅបឹងកណ្តាល ។ លុះពេលមកផ្លូវកែង ចង់ខ្សាច់ ស្រាប់តែឈ្មោះធី អាយុប្រហែល៥២ឆ្នាំ ឈ្មោះទី អាយុប្រហែល២៨ឆ្នាំ និងបក្ខពួក ៦នាក់ទៀត មិនស្គាល់ឈ្មោះ បាននាំគ្នាចាប់ឈ្មោះយ៉ិន យិន ភេទប្រុស និងឈ្មោះវ៉ាន់ សុធារ៉ា ភេទប្រុស ដែលមានឧបករណ៍ឆក់ត្រីខុសច្បាប់ ។ បន្ទាប់មក ឈ្មោះខាងលើ និងបក្ខពួក បានឱ្យអ្នកទាំងពីរនាក់បង់ប្រាក់ឱ្យពួកគេ ក្នុងម្នាក់ ១៥ម៉ឺនរៀល។

លោកអធិការ បន្តទៀតថា បន្ទាប់មក អ្នកទាំង២ ក៏បានបង់ប្រាក់ឱ្យទៅឈ្មោះធី ភេទប្រុស និងឈ្មោះទី ភេទប្រុស និងបក្ខពួក ចំនួន ៧៥០០០រៀល ក្នុងម្នាក់ រួចហើយឈ្មោះធី ក៏បាននិយាយប្រាប់ឈ្មោះយ៉ិន យិន ភេទប្រុស និងឈ្មោះវ៉ាន់ សុភារ៉ា ភេទប្រុស ឱ្យប្រាប់ទៅអ្នកដែលរកត្រី (ឆក់ត្រី) នៅចុងខ្សាច់ទាំងអស់ ត្រូវមកបង់ប្រាក់ឱ្យខ្លួន និងបក្សពួក ក្នុងម្នាក់ចំនួន១៥០០០០រៀល បើមិនបង់ប្រាក់ឱ្យទេ និងចាប់យកសម្ភារៈសម្រាប់រកត្រី។
ប្រភពដដែល បន្តថា លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២និង៣០នាទីរសៀល ឈ្មោះឃិន ប៊ុនទី ភេទប្រុស និងបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ បានមកផ្ទះរបស់ឈ្មោះតឹក ដុំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទត្រី មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រកកៀនស្វាយ ដើម្បីចាំទទួលប្រាក់ពីប្រជាពលរដ្ឋរកត្រី (ឆក់ត្រី) ដែលត្រូវយកប្រាក់មកបង់ឱ្យខ្លួន និងបក្ខពួក ជាថ្នូរក្នុងការឆក់ត្រី ចំនួន ៧នាក់។
ប្រភពដដែល បន្តថា លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឈ្មោះឃិន ប៊ុនទី បានមកផ្ទះរបស់ឈ្មោះតឹក ដំ នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដើម្បីយកប្រាក់ពីឈ្មោះសាត់ ស៊ីណា ហៅតាសេ ឈ្មោះយឺន ឈ្មោះយឺន សេរី ហៅចំរើន និងឈ្មោះយឺន ឈួនឡោ ដែលអ្នកទាំង៤នាក់នេះ មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយយកក្នុងម្នាក់ ១០០០០០រៀល ជាថ្នូរក្នុងការឆក់ត្រី។
បន្ទាប់មក ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យខាងលើ មកប៉ុស្តិ៍ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើនេះមែន៕