ខេត្តសៀមរាប ៖ ករណីបុរសជាមន្ត្រីនគរបាលខេត្តសៀមរាប ១រូប ដែលរងការចោទប្រកាន់ថាបានប្រើអំពើហិង្សាទៅលើក្មេងស្រី អាយុជាង១ខួប បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ទីបំផុតត្រូវបានលាតត្រដាងទាំងស្រុងហើយ ដោយ តាមពិតគឺជាករណីឪពុកចុង វាយធ្វើទារុណកម្ម និងខាំកូនស្រី រហូតដល់ស្ត្រីជាប្រពន្ធ និងត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះ ទ្រាំលែងបាន សម្រេចដាក់ពាក្យបណ្តឹង ហើយពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ យកមកសាកសួរ។

ករណីអំពើហិង្សាក្នុងគ្រួសារ ឪពុកចុងជាមន្ត្រីនគរបាល វាយធ្វើទារុណកម្មនិងខាំកូនស្រីតូចអាយុ ១ខួប បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់នេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ក្មេងស្រីរងគ្រោះដែលទទួលរងអំពើទារុណកម្មយ៉ាងឃោរឃៅពីសំណាក់ឪពុកចុងខាងលើនេះ មានឈ្មោះអ៊ឹង សុខកណ្ណិការ អាយុ ១៣ខែ (ជាង១ខួប) មានម្តាយឈ្មោះតាន់ សុខហ្គេច មានលំនៅក្នុងភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណែកជនសង្ស័យដែលប្រើអំពើហិង្សាទៅលើកូនចុង មានឈ្មោះលក្ខិណា វីរៈរិទ្ធ ជាមន្ត្រីនគរបាល អត្តលេខ ៧១៨៤៨ មានឋានន្តរស័ក្តិ ព្រិន្ទបាលឯក ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ថា នៅវេលាម៉ោង ៧និង៣៩នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ តាមបញ្ជាពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង សមត្ថកិច្ចបានទទួលករណីអំពើហិង្សាក្នុងគ្រួសារ (ឪពុកចុងវាយកូនដើម) ឈ្មោះតាន់ សុខហ្គេច ត្រូវជាម្តាយក្មេងស្រីរងគ្រោះឈ្មោះអ៊ឹង សុខកណ្ណិការ ត្រូវឪពុកចុង ឈ្មោះលក្ខិណា វីរៈរិទ្ធ
ជានគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សា វ៉ៃដំ និងខាំ ឱ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍ដដែល បន្តថា បន្ទាប់ពីទទួលបានបញ្ជាពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង សមត្ថកិច្ច ១១៧ ក៏បានធ្វើអន្តរាគមន៍ ដោយនៅវេលាម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃដដែល សមត្ថកិច្ច១១៧ លោកវរសេនីយ៍ត្រី ទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅលោកស្រី ដួង ថាវរី ស្នងការរងផែនជួញដូរនិងការពារអនីតិជន ដើម្បីចុះអន្តរាគមន៍បន្ទាន់។

ជាលទ្ធផល នៅវេលាម៉ោង ៨និង០៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ ដឹកនាំដោយលោកស្រី ដួង ថាវរី បានទទួលពាក្យបណ្តឹង និងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានចេញដីកា បញ្ជាឱ្យចូលខ្លួន លេខ ១៨៥ អយក/២២ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឱ្យឈ្មោះលក្ខិណា វីរៈរិទ្ធ ដើម្បីចូលខ្លួនធ្វើការសាកសួរ។

គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះដែលរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារឪពុកចុង ជាប៉ូលិសខេត្តសៀមរាប វាយធ្វើទារុណកម្ម និងខាំនោះ ខណៈពេលនេះ កំពុងស្ថិតនៅក្នុងការតាមដានសុខភាពពីក្រុមគ្រួពេទ្យនៅឡើយ។
យោងតាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា “ចៅស្រី គួរឱ្យអាណិត អាយុទើបតែ១៣ខែ ត្រូវរងគ្រោះដោយអំពើហិង្សា ពេលនេះកំពុងស្ថិតក្នុងការបន្តតាមដានរបស់ក្រុមគ្រូពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផា) ខេត្តសៀមរាប”។

ការលើកឡើងរបស់លោកស្រី យូ សុភា ធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោកទៀ សីហា អភិបាលខេត្តសៀមរាប ឱ្យធ្វើកិច្ចការនេះជាបន្ទាន់។ ជាមួយគ្នានេះដែរ លោកប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាប ក៏បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយនឹងរូបក្មេងរងគ្រោះ ដោយអមនិងសំណេរថា “លើកដៃទៅរួច”។

គួរបញ្ជាក់ថា ករណីអំពើហិង្សាលើកុមារខាងលើនេះ បានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម បន្ទាប់ពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានបង្ហោះរូបភាពកូនស្រីតូចអាយុជាង១ខួប រងរបួសហើមជាំពេញផ្ទៃមុខនិងខ្លួនប្រាណ ដោយសារស្នាដៃប្តីចុង ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ជាមួយសំណេរថា «កូនអើយ

កូន មិនដឹងកូនឈឺប៉ុនណាទេ បើអាច ម៉ាក់ចង់ឈឺជំនួសកូនវិញ កូនខ្ញុំៗស្រលាញ់ស្មើជីវិត មិនគួរណាអ្នកហ៊ានដាច់ចិត្តធ្វើបាបកូនខ្ញុំដល់ថ្នាក់ហ្នឹងទេ កូនខ្ញុំគ្នាខុសអី កូនខ្ញុំគ្នានៅតូចណាស់ គ្នាទើបតែប៉ុននេះ គ្នាមិនដឹងអីទេ ហេតុអី? ម៉ាក់សុំទោសដែលម៉ាក់ស្រលាញ់ទុកចិត្តគេ គិតថាគេទុកកូនដូចជាកូនបង្កើតគេដែរ តែការពិតផ្ទុយស្រលះ ទ្រូងម៉ែស្ទើរបែក»៕