ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ កំពុងមានផ្ទៃពោះ៤ខែ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្តីតិចតួច ត្រូវប្តីកំណាចប្រើអំពើហិង្សាវាយជាច្រើនដៃ បណ្តាលឱ្យប៉ោងមុខមួយចំហៀង និងមានអាការចុកពោះយ៉ាងខ្លាំង រហូតដល់ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ លុះបុរសជាប្តីដឹងខ្លួន ក៏រត់គេចខ្លួនបាត់។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង០៤នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ។

បុរសជាប្តីកំណាចដែលវាយដំប្រពន្ធដែលកំពុងមានផ្ទៃពោះ បណ្តាលឱ្យរងរបួសប៉ោងមុខ រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះផល ឧសភា ហៅផេង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះភិន ដា (កំពុងមានផ្ទៃពោះ៤ខែ)។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ។

យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (១១៧) បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៤៨នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ច ១១៧ បានទទួលបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះភិន ដា ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ និង០៤នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ប្តីរបស់គាត់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងជោក ក៏បានរករឿងឈ្លោះប្រកែកជាមួយគាត់ រហូតឈានដល់ការប្រើអំពើហិង្សា ដោយវាយមកលើរូបគាត់ជាប្រពន្ធជាច្រើនដៃ ទាំងដែលគាត់កំពុងមានផ្ទៃពោះ ៤ខែផង បណ្តាលឱ្យរូបគាត់រងរបួសប៉ោងមុខមួយចំហៀង និងថែមទាំងចុកពោះយ៉ាងខ្លាំងទៀតផង ទើបគាត់ទ្រាំលែងបាន ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ១១៧ តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ នៅវេលាម៉ោង ៣និង៤៨នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានទៅលោកលឹម សុហេង នាយផ្នែកនៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចុះអន្តរាគមន៍។

បន្ទាប់មក នៅវេលាម៉ោង ៤និង១៣នាទីទៀបភ្លឺ ថ្ងៃដដែល កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកលឹម សុហេង បានចុះទៅដល់ផ្ទះរបស់ស្ត្រីរងគ្រោះ និងបានដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាឮ ដើម្បីសង្គ្រោះ។ ចំណែកជនសង្ស័យជាប្តី បានគេចខ្លួនបាត់ ។

ជុំវិញករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាប្តី ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕