Sunday, June 29, 2025
Homeសង្គម និងជីវិតប្តីដាល់ប្រពន្ធប៉ោងមុខ ចោទវ៉ៃកូនឌឺឪ

ប្តីដាល់ប្រពន្ធប៉ោងមុខ ចោទវ៉ៃកូនឌឺឪ

ខេត្តពោធិ៍សាត់ ៖ បុរសជាប្តីម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក លុះមកដល់ផ្ទះ ឃើញប្រពន្ធកំពុងវាយកូន ស្រាប់តែចោទថា ប្រពន្ធវាយកូន បំណងឌឺដងដាក់ខ្លួនជាប្តី (វ៉ៃកូនឌឺឪ) ក៏ឆេះឆួលកំហឹង ស្ទុះទៅដាល់ប្រពន្ធទាំងកំរោល បណ្តាលឱ្យខៀវភ្នែក និងប៉ោងមុខមួយចំហៀង រងរបួសយ៉ាងដំណំ ទីបំផុតក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តីកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីដាល់ប្រពន្ធប៉ោងមុខនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចថ្មបីដុំ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។ រហូតមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកមកសាកសួរ។

ជនបង្កហេតុជាប្តីដែលដាល់ប្រពន្ធប៉ោងមុខ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះជា មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះនៅ អៀប ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ (រងរបួសខៀវភ្នែក និងហើមប៉ោងមុខ ១ចំហៀង)។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ករណីហិង្សាខាងលើនេះ បង្កឡើងដោយបុរសជាប្តី ឈ្មោះជា មករា បានវាយមកលើប្រពន្ធ ឈ្មោះនៅ អៀប បណ្តាលឱ្យរងរបួសធ្ងន់ មូលហេតុដោយសារខឹងប្រពន្ធវាយកូន ឌឺឱ្យខ្លួនជាប្តី។

របាយការណ៍ខាងលើ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនបង្កហេតុជាប្តី បានចេញទៅផឹកស្រារហូតដល់ស្រវឹងជោក ទើបត្រឡប់មកដល់ផ្ទះវិញ លុះពេលមកដល់ផ្ទះ គាប់ជួនឃើញប្រពន្ធរបស់ខ្លួនកំពុងតែវាយប្រដៅកូន ស្រាប់តែបុរសជាប្តីដែលកំពុងស្រវឹងស្រាង បែរជាគិតថា ប្រពន្ធវាយកូនឌឺដងឱ្យខ្លួនជាប្តី ទើបផ្ទុះកំហឹង ស្ទុះទៅដាល់ប្រពន្ធចំផ្ទៃមុខ និងចំភ្នែក ទាំងសងខាង ជាច្រើនដៃ បណ្តាលឱ្យហើមមុខ ១ចំហៀង និងខៀវភ្នែក រងរបួសយ៉ាងធ្ងន់តែម្តង ទើបធ្វើឱ្យប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌័មានខាងលើ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដាក់ប្រពន្ធមែន មូលហេតុដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក លុះឃើញប្រពន្ធវាយកូន ស្មានថាប្រពន្ធចង់ឌឺដងឱ្យខ្លួនជាប្តី ទើបទប់កំហឹងមិនជាប់ ស្ទុះទៅវាយប្រពន្ធតែម្តង។

ជនសង្ស័យ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES