Sunday, June 29, 2025
Homeសង្គម និងជីវិតកាប់ដើមឈើចាប់សត្វ បាក់សង្កត់ខ្លួនឯងស្លាប់

កាប់ដើមឈើចាប់សត្វ បាក់សង្កត់ខ្លួនឯងស្លាប់

ខេត្តមណ្ឌលគិរី ៖ បុរសជាព្រានព្រៃម្នាក់ បានបណ្តើរឆ្កែប្រមាញ់ ១ក្បាល ចេញពីផ្ទះ ដើម្បីបរបាញ់សត្វដូចសព្វដង លុះក្រោយមក ក៏ឃើញតែសត្វឆ្កែត្រឡប់មកវិញ ចំណែកមនុស្សបាត់ឈឹង អស់រយៈពេលជាង ១សប្តាហ៍ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ រាយការណ៍ប្រាប់ សមត្ថកិច្ចជួយចេញតាមរក ក៏ប្រទះឃើញសាកសពហើមស្អុយក្រោមដើមឈើ (ដើមឈើសង្កត់) សង្ស័យកាប់ដើមឈើចាប់សត្វ បណ្តាលឱ្យរលំសង្កត់ស្លាប់ខ្លួនឯង។

ហេតុការណ៍ប្រទះឃើញសពខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២៨នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចអូរព្រាល ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក។

សមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះស្រង់ ប្រើន ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិភ្នង មុខរបរព្រានព្រៃ មានលំនៅ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក។

សមត្ថកិច្ច បានបន្តថា ជាទម្លាប់ ជនរងគ្រោះតែងបណ្តើរឆ្កែ ចូលព្រៃ រកសត្វ រាប់ឆ្នាំមកហើយ ដោយដើរតែម្នាក់ឯង។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២២ ជនរងគ្រោះបណ្តើរឆ្កែ ចូលព្រៃ រកសត្វដូចសព្វមួយដង លុះដល់ថ្ងៃទី២០ មីនា ឆ្នាំ២០២២ ស្រាប់តែគ្រួសាររបស់ជនរងគ្រោះឃើញសត្វឆ្កែដែលតែងទៅប្រមាញ់សត្វព្រៃជាមួយគ្នា មកដល់ផ្ទះមុន តែមិនឃើញម្ចាស់មកជាមួយឡើយ ធ្វើឱ្យក្រុមគ្រួសារមានការសង្ស័យ ក៏នាំសាច់ញាតិដើររកអស់រយៈពេល២ថ្ងៃ នៅតែមិនអាចរកឃើញជនរងគ្រោះឡើយ ។

សមត្ថកិច្ច បន្តទៀតថា បន្ទាប់មក លោកនាយប៉ុស្តិ៍បានចាត់កម្លាំងបន្ថែម និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៣០នាក់ និងម៉ូតូ ២០គ្រឿង បានរុករកដល់វេលាម៉ោង ១០និង២៨នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្រាប់តែប្រទះឃើញជនរងគ្រោះ ត្រូវដើម ឈើសង្កត់ស្លាប់ ឡើងស្អុយរលួយ នៅចំណុចកើតហេតុខាងលើតែម្តង។

ក្នុងករណីខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ គឺដោយសារជនរងគ្រោះបណ្តើរឆ្កែដេញសត្វឡើងដើមឈើ ហើយជនរងគ្រោះ កាប់ដើមឈើ ដើម្បីចាប់សត្វ បណ្តាលឱ្យបាក់រយះមែក សង្កត់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES