Saturday, June 28, 2025
Homeសង្គម និងជីវិតកូនចេញពីផ្ទះ ម៉ែហៅមកវិញ ចងកស្លាប់

កូនចេញពីផ្ទះ ម៉ែហៅមកវិញ ចងកស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិមិនប្រក្រតី និងបានចេញបាត់ពីផ្ទះអស់រយៈពេលរាប់ខែមកហើយ លុះក្រោយមក ម្តាយបានតាមទៅហៅកូនឱ្យត្រឡប់មកផ្ទះវិញ តែកូនមិនព្រមមក ក៏ទៅស្នាក់នៅវត្ត មិនបានប៉ុន្មានថ្ងៃ ក៏សម្រេចចិត្ត ចងកស្លាប់យ៉ាងអាណោចអាធ័ម។ឮ

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចដើមស្លែង ក្នុងវត្តសុវណ្ណគិរី ហៅវត្តភ្នំធិបតី ស្ថិតក្នុងភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ។

ប្រភពពីសមត្ថកិច្ចមូលដ្ធាន បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះយ៉ូន យ៉ីម ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ។

តាមការបំភ្លឺពីស្ត្រីឈ្មោះបូរ យ៉ុម ភេទស្រី អាយុ៦៧ឆ្នាំ មានលំនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កូនរបស់គាត់គឺជាមនុស្សមានសតិមិនប្រក្រតី និងបានចេញពីផ្ទះរាប់ខែមកហើយ ដោយមករស់នៅជាមួយប្អូនស្រីជីដូនមួយរបស់គាត់ ឈ្មោះញ៉ិក តាន នៅភូមិជើងទិញ

ឃុំធិបតី ស្រុកគាស់ក្រឡ បានប្រហែលប្រាំពីរខែ ក៏ចេញពីទីនោះ មករស់នៅក្នុងវត្តសុវណ្ណគិរី ហៅវត្តភ្នំធិបតី ក្រោយមក គាត់ជាម្តាយក៏បានមកហៅកូនឱ្យទៅនៅផ្ទះវិញ ប៉ុន្តែកូនខ្លួនមិនព្រមទៅ ក៏សម្រេចចិត្តឱ្យនៅក្នុងវត្តភ្នំធិបតី បន្តទៀត។

រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ប្អូនស្រីជីដូនមួយរបស់គាត់ បានប្រាប់ថា កូនគាត់បានចងកស្លាប់បាត់ទៅហើយ នៅក្នុងវត្តភ្នំធិបតី ទើបគាត់បានមើល ឃើញថា កូនប្រុសបានស្លាប់ដោយសារចងកបាត់ទៅហើយ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង  អធិការនគរបាលស្រុកគាស់ក្រឡ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថា តាមការបំភ្លឺព្រះតេជគុណ ផាន សុភាព  ហៅដូច ជាព្រះសង្ឃគង់ក្នុងវត្តភ្នំធិបតី បានប្រាប់ថា តាំងពីព្រះអង្គមកបួសមក ប្រហែលប្រាំពីរខែ តែងឃើញឈ្មោះយ៉ូន យ៉ីម (ជនរងគ្រោះ) បានស្នាក់នៅក្នុងវត្តភ្នំធិបតី នេះ ហើយឈ្មោះយ៉ូន  យ៉ីម មានសតិមិនប្រក្រតី មិនចេះមាត់កអ្វីទេ ចេះតែញញឹមញញែមៗ លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៤ទៀបភ្លឺ ខណៈដែលព្រះអង្គតើនពីសឹង បានកាន់សៀវភៅ និមន្តចេញពីកុដិ ទៅរៀននៅសាលាបាលី ពេលទៅដល់សាលាបាលី ឃើញឈ្មោះយ៉ូន យ៉ីម មើលដំបូងស្មានតែឈរនៅក្រោមដើមស្លែង តែពេលហៅ មិនឮមាត់តបវិញសោះ លុះបើកភ្លើងទូរស័ព្ទមើល ទើបដឹងថា ជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងពេញវត្តតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យទីកន្លែងកើតហេតុ និងសព រួចបញ្ជាក់ថា សពមានស្លាកស្នាមទ្រុឌអក្សរវី ក្រោមក និងមានឈាមចេញតាមប្រដាប់ភេទ ក្រៅពីនោះមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះឈ្មោះយ៉ូន យ៉ីម ស្លាប់ដោយសារថប់ផ្លូវដង្ហើម។ មូលហេតុ ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឱ្យស្ត្រីជាម្តាយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES