Monday, December 23, 2024
Homeបរិយាយមិន​ហ៊ាន​ប្រ​ថុយ គ្មាន​បាន​ការ

មិន​ហ៊ាន​ប្រ​ថុយ គ្មាន​បាន​ការ

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយប្រមុខរដ្ឋាភិបាលឡាវ ដោយព្រមព្រៀងគ្នាឱ្យបន្តដំណើរការ កសាងទំនប់វារីអគ្គិសនី ដនសាហុង ហើយត្រូវបានបក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ជំទាស់យ៉ាងខ្លាំង នោះ ទំនងជាមិនអាចទប់រដ្ឋាភិបាលបានឡើយ។ កន្លងមក គម្រោងការអ្វីក៏ដោយ ឱ្យតែនាយករដ្ឋមន្ត្រីកម្ពុជា រៀបចំចេញ ដំណើរ មិនដែលឃើញអ្នកប្រឆាំងជំទាស់ រារាំងបន្ទច់បង្អាក់បានឡើយ ដូច្នេះ គួរតែប្រថុយដើរតាមល្អជាង ស្របតាមសុភា- សិតបារាំង ១ឃ្លា ចែងថា “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” (Qui ne risque rien n’a rien) ដែល “នគរធំ” សូមលើករឿង “ប្រថុយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ចាប់តាំងពីរដ្ឋាភិបាលឡាវ (លាវ) ចាប់ផ្តើមគម្រោងសាងសង់ទំនប់វារីអគ្គិសនី “ដនសាហុង” ឋិតនៅក្នុងខេត្តចំប៉ាសាក់ មានចម្ងាយ១,៥គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ ម្តុំល្បាក់ខោន នោះមក ក៏ត្រូវសហគមន៍អន្តរជាតិ ក៏ដូចជាអ្នកឃ្លាំមើល បរិស្ថាន ចេញពីអង្គការសង្គមស៊ីវិលមួយចំនួន ហើយសូម្បីតែមន្ត្រីរដ្ឋាភិបាលកម្ពុជា ខ្លះ ក៏ជំទាស់នឹងគម្រោងសាងសង់នេះ ដែរ។ អ្នកជំទាស់បានលើកឡើងពីផលប៉ះពាល់ដល់សម្បត្តិធម្មជាតិ ជាពិសេស ការរស់រានរបស់មច្ឆជាតិ មានការប្រែប្រួល ឯរបបទឹកទន្លេមេគង្គ ក៏នាំផលវិបាកដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលរស់នៅខាងក្រោមខ្សែទឹក។ ពេលនេះ ការជំទាស់ ដល់ភាពទាល់ច្រកហើយ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ បាន ព្រមព្រៀងគ្នាបន្តគម្រោងសាងសង់ឱ្យដល់ទីបញ្ចប់។ យោងតាមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យ ដឹងថា “ក្រោយពីភាគីកម្ពុជា បានពិនិត្យស្ថានភាពនៅទីនោះរួចហើយ គឺមិនមានបញ្ហាលើគម្រោងអភិវឌ្ឍន៍នេះឡើយ…” ភាគីកម្ពុជា សង្ឃឹមថា ទំនប់វារីអគ្គិសនីដនសាហុង ដែលមានថាមពល 260MW នឹងបញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ហើយ ភាគីឡាវ សន្យាលក់ភ្លើង ដោយតម្លៃថោក មកឱ្យបណ្តាខេត្តរបស់កម្ពុជា នៅជាប់ព្រំដែន។

ដូច្នេះយើងឃើញថា បើប្រមុខរដ្ឋាភិបាលទាំងពីរប្រទេស ព្រមព្រៀងគ្នាទៅហើយនោះ មានន័យថា “ទាញមិនឈ្នះ ទៅ” ពោលគឺក្បាលម៉ាស៊ីនរទេះភ្លើងបោលទៅមុខហើយ អូសទាំងទូផ្ទុកទំនិញយ៉ាងវែងទៅជាមួយផង គ្មានអ្នកណាអាច ទាញឈ្នះទេ។ ទោះបីជាអង្គការសង្គមស៊ីវិល ព្យាយាមតវ៉ាស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ពិចារណាឡើងវិញពីផលប៉ះពាល់ ដូចអ្វីដែលធ្លាប់តវ៉ាពីមុននោះ ច្បាស់ជាគ្មានប្រសិទ្ធភាព។ យើងកត់សម្គាល់បានថា កន្លងមក បើ NGO និងបក្សប្រឆាំង ជំទាស់ខ្លាំង រាជរដ្ឋាភិបាលធ្វើកាន់តែខ្លាំង តែបើអត់ជំទាស់ ឬលើកដៃស្រុះគ្នាដូចរដ្ឋសភាអនុម័តច្បាប់ទប់ទល់នឹងការប្រែប្រួល អាកាសធាតុនោះ អត់បញ្ហាទេ។

ធម្មតារដ្ឋាភិបាលប្រទេសណាក៏ដូចប្រទេសណាដែរគឺ “ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” ហេតុនេះ គួរតែដើរតាម ឬថា “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់”។ ពាក្យ “ប្រថុយ” ក្នុងកិច្ចការសង្គម ជាអាយុជីវិតជាតិនេះ មិនមែនប្រថុយ ល្មមៗទេ ពោលគឺត្រូវទៅទាំងអស់គ្នាទើបបាន។ តាំងពីបរមបុរាណមក ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលពីទន្លេមេគង្គ គឺរស់នៅបែបធម្មជាតិ ដូចជា មានព្រៃព្រឹក្សា ថ្មដាប៉ប្រះទឹក ព្រៃរនាម បក្សាបក្សី ម្រឹគីម្រឹគា មច្ឆជាតិ មានទឹកបូមបាច បញ្ចូលស្រែចម្ការច្បារដំណាំ៘ ពេលនេះអ្វីៗនឹងត្រូវប្រែប្រួលមិនខាន ដូចជា ព្រៃលិចទឹក នៅពេលគេបើកទ្វារទឹកឱ្យហូរ គំហុកចេញពីអាងទំនប់វារីអគ្គិសនី បណ្តាលឱ្យសត្វព្រៃបាត់បង់ជម្រក ឯពូជត្រីសំខាន់ៗនឹងថយចុះជាដើម។ អ៊ីចឹង យើងប្រថុយ យ៉ាងម៉េច ដើម្បីឱ្យស្របទៅនឹងការអភិវឌ្ឍនេះ? គឺលុះត្រាតែផ្លាស់ប្តូររបៀបរស់នៅតាមដូនតា ដូចជាធ្លាប់ប្រើភ្លើងចន្លុះ ភ្លើងគប់ ទៅជាភ្លើងអគ្គិសនី ធ្លាប់បរិភោគត្រីទន្លេ បង្កកំណើតពងកូនក្នុងព្រៃរនាម ទៅជាការបរិភោគត្រីចិញ្ចឹម ក្នុងស្រះ, ធ្លាប់ចុះងូតទឹកទន្លេ ទៅជាងូតទឹកម៉ាស៊ីនវិញ បើសិនជាយល់ថា ទឹកទន្លេហូរចេញពីទំនប់វារីអគ្គិសនី ប្រែប្រួល ឬបណ្តាល ឱ្យរមាស់ជាដើម។ ការផ្លាស់ប្តូររបៀបរស់នៅនេះ ឈានឡើងតាមទិសអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នេះឯង។

ខណៈដែលការប្រឆាំងតវ៉ា មិនបានលទ្ធផល ចាំបាច់ត្រូវតែ “ប្រថុយ” យ៉ាងនេះទើបស្ទុះទៅមុខរួច។ ម៉្យាងទៀត គួរ យើងពិចារណាផងដែរថា ប្រទេសឡាវ ឬលាវ គ្មានព្រំប្រទល់ជាប់សមុទ្រទេ ដោយពឹងផ្អែកតែលើសម្បត្តិធម្មជាតិមាន ព្រៃព្រឹក្សា ទន្លេមេគង្គ នេះឯង ជាច្រកសេដ្ឋកិច្ចដ៏សំខាន់។ ទោះបីជាមានគណៈកម្មការទន្លេមេគង្គ ចាំឃ្លាំមើលការរំលោភ បរិស្ថាន ប៉ះដល់ទន្លេមេគង្គ ក៏ឡាវ ជារដ្ឋអធិបតេយ្យ គ្មានបរទេសណាអាចប៉ះពាល់បានឡើយ។ ឡាវ មានសិទ្ធិសាងសង់ វារីអគ្គិសនី សាយ៉ាប៊ូរី, ដនសាហុង ដោយឯករាជ្យម្ចាស់ការ ទោះជាខ្មែរយើងជំទាស់ ក៏មិនអាចឃាត់ឃាំងគេបានដែរ បើសិន ជាគេចង់ធ្វើអ្វីនៅលើទឹកដីរបស់គេនោះ។ ទំនងជាមើលឃើញពីអធិបតេយ្យបូរណភាពដែនដីរបស់ប្រទេសភូមិផងរបង ជាមួយនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្មានជម្រើសអ្វីក្រៅពីយល់ព្រមឱ្យឡាវ សាងសង់ទំនប់វារីអគ្គិសនីដនសាហុង នោះឡើយ។ បើសិនជាភាគីកម្ពុជា តវ៉ាជំទាស់ អាចនាំឱ្យមានអរិភាពជាមួយប្រទេសជាប់ភូមិផងរបងជាមួយគ្នានេះ ម៉្លោះ ហើយ ករណីអង្គការសង្គមស៊ីវិលខ្លះចោទប្រកាន់ថា “រាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តខាងផ្នែកនយោបាយ និងសេដ្ឋកិច្ចធំជាង លក្ខណៈបច្ចេកទេស” អាចត្រូវខ្លះ ខុសខ្លះ។

ដូចអ្វីដែលយើងលើកឡើងរួចហើយថា “ទាញមិនឈ្នះទៅ” ដូច្នេះ បើរាជរដ្ឋាភិបាល ចេញដំណើរទៅហើយ ប្រជាពលរដ្ឋមិនទៅតាមឯណាបាន? ទោះជាមើលឃើញពីរបត់អនាគតមានការប្រែប្រួលក៏ដោយចុះ។ បើសិនជាវារីអគ្គិសនី នៅ កៀកនឹងព្រំប្រទល់នោះដំណើរការ របៀបរស់នៅពីដូនតាប្រែប្រួលអស់ហើយ ប៉ុន្តែ គួរយើងវិភាគដែរថា តើរបៀបរស់នៅ ពីដូនតា និងរបៀបរស់នៅតាមសម័យនិយម ខុសគ្នាដូចម្តេច? ខាងណាចំណេញជាង? បើយល់ថា ការប្រើភ្លើងចន្លុះ ការ ប្រកបមុខរបរទាញពីអនុផលព្រៃឈើ ការបរបាញ់ ការនេសាទ ដើរមិនទាន់ការប្រើប្រាស់អគ្គិសនី និងកត្តាផ្សេងៗទៀតនោះ គួរតែយើង “ប្រថុយដើរតាមរាជរដ្ឋាភិបាល” ឬថា “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” មានន័យថា អ្វីដែលមិន បានការនោះនៅត្រង់គ្មានការរីកចម្រើន អ្វីៗនៅតែដដែលនេះឯង។

យើងមានជំនឿថា មុននឹងឈានដល់កិច្ចព្រមព្រៀងទ្វេភាគីនោះ នាយករដ្ឋមន្ត្រីទាំង២ប្រទេស ហ៊ានទទួលខុសត្រូវ ចំពោះផលវិបាកដែលកើតឡើងពីសំណង់វារីអគ្គិសនីនេះ រួចទៅហើយ។ ឧបមាថា មានការប៉ះពាល់ដល់ចលនារស់រានមាន ជីវិតរបស់ត្រីផ្សោត នៅក្នុងអាងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ច្បាស់ជាភាគីឡាវ ចេញមុខទទួលខុសត្រូវមិនខាន ខណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែ បើសិនជាត្រីផ្សោត ក៏ដូចជាជីវៈចម្រុះ នៅតែអាចបន្តពូជពេញអាងទន្លេ មានន័យថា “ការប្រថុយរបស់យើងនឹងបានការ” និងត្រូវដឹងគុណរដ្ឋាភិបាលប្រទេស ទាំងពីរ។

បើយើងមិនភ្លេចទេនោះ កាលពីបុរាណ វិស័យព្រះពុទ្ធសានា មានការប្រកាន់ “ធម៌ថ្មី និងធម៌ចាស់”។ ធម៌ថ្មី សំដៅ ដល់គម្ពីរដីកាដែលបោះពុម្ពជាសៀវភៅ ឯធម៌ចាស់ សំដៅដល់គម្ពីរស្លឹករឹត ដែលកាលនោះ អ្នកនិយមរៀនសូត្រតាមគម្ពីរ ស្លឹករឹត ចោទប្រកាន់អ្នករៀនតាមសៀវភៅថា បំផ្លាញរបៀបរបបចាស់។ លុះយូរៗទៅរោងពុម្ពចេះតែកើន ក៏មានការបោះពុម្ពសៀវភៅធម៌ដាក់ក្រដាស ស្រាលដៃស្រួលកាន់ ទើបអ្នកនិយមគម្ពីរស្លឹករឹត នាំគ្នាកាន់សៀវភៅដែរ ដែលជាឧទាហរណ៍ ទាក់ទិននឹងរឿង “ប្រថុយ” នេះឯង។

សរុបទៅ “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” គឺចង់លើកឡើងពីការអភិវឌ្ឍ បើយើងមិនហ៊ានប្រថុយ អ្វីៗ វានៅតែដដែល។ ករណីទំនប់វារីដនសាហុង សូម្បី “នគរធំ” ក៏ធ្លាប់ជំទាស់ដែរ ដោយមើលឃើញពីផលប៉ះពាល់ទៅអនាគត ប៉ុន្តែបើរាជរដ្ឋាភិបាលព្រមព្រៀងជាមួយភាគីឡាវ ទៅហើយនោះ ជំទាស់ដល់ណាទៀត? មានតែប្រថុយដើរតាម ក្រែង អនាគតដ៏ខ្លីនេះ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ មានរបៀបរស់នៅស្រួលជាងសព្វថ្ងៃ ដូចអ្វីដែលយើងលើកឧទាហរណ៍ ពីរឿងគម្ពីរស្លឹករឹត និងសៀវភៅ វាជាធម៌ព្រះដូចគ្នាទេ តែស្លឹករឹតពិបាកកាន់ ឯក្រដាសសៀវភៅស្រាល ស្រួលកាន់ ផ្តល់ ផលចំណេញដល់សិក្ខាកាម៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES