ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលដ្ឋចំនួន ២ខ្នង បានរងការខូចខាតធ្ងន់ ដោយសារផ្ទាំងថ្មរបងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ មួយដែលមានកម្ពស់ប្រមាណជាង ៥ម៉ែត្រ និងមានប្រវែងជិត១០០ម៉ែត្រ បានបាក់ស្រុតសង្កត់ពីលើ តែសំណាងល្អ ពុំបណ្តាលឱ្យមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់ឡើយ។

ហេតុកាណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ងតិ៍ មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

តាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ផ្ទាំងថ្មរបងដែលបាក់ស្រុតនោះ មានបណ្តោយប្រវែង ជិត១០០ម៉ែត្រ និងមានកម្ពស់ប្រមាណជាង៥ម៉ែត្រ ដែលក្រុមហ៊ុនធ្វើព័ទ្ធទីតាំងរោងចក្រ។ ចំណែកការបាក់ស្រុតដួលរលំរបងទាំងជំហរនេះ ត្រូវ បានគេដឹងថា បណ្តាលមកពីក្រុមហ៊ុនចាក់ដីខ្ពស់ និងកិនបង្ហាប់ព្រមទាំងមានភ្លៀងធ្លាក់ជាហេតុធ្វើឱ្យស្រុតដីបាក់របងតែម្តង។

តាមព័ត៌មាន បានឱ្យដឹងទៀតថា រោងចក្រក្រឡុកស៊ីម៉ងត៍នេះទើបតែដំណើរការបានថ្មី។ នៅមុនពេលកើតហេតុ ពេលដែលគ្រឿងចក្រកំពុងកិនបង្ហាប់និងធ្វើដំណើរចុះឡើងនៅក្នុងក្រុមហ៊ុន ស្រាប់តែរបងថ្មនោះបានបាក់ទាំង

ផ្ទាំង សង្កត់ទៅលើផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែលនៅជាប់របងនោះ បណ្តាលឱ្យផ្ទះឈើ ១ខ្នង បានរង
ការខូចខាតធ្ងន់ធ្ងរ បាក់ខ្ទេចដំបូលនិងជញ្ជាំង។ ចំណែកផ្ទះថ្មមួយខ្នងទៀត រងការខូចខាតដំបូលផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងកំពុងធ្វើការសម្របសម្រួលឱ្យមានការដោះស្រាយគ្នារវាងភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋជាជនរងគ្រោះ៕