Saturday, June 28, 2025
Homeសន្ដិសុខសង្គមប្តីវ៉ៃច្របាច់ក ប្រពន្ធត្រដររួច ទាញគល់ឫស្សីសំពងស្លាប់

ប្តីវ៉ៃច្របាច់ក ប្រពន្ធត្រដររួច ទាញគល់ឫស្សីសំពងស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសជាប្តីម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ និងមិនជួយធ្វើការរកស៊ីអ្វីចិញ្ចឹមគ្រួសារនោះទេ ហើយឱ្យតែផឹក ស្រវឹងត្រឡប់មកដល់ផ្ទះវិញ តែងរករឿងជេរបញ្ចោរ វាយប្រពន្ធកូនមិនឈប់ លុះចុងក្រោយ ពេលត្រឡប់មកពីផឹកស្រវឹងធ្លាក់ភ្នែក បានរករឿងឈ្លោះនឹងប្រពន្ធ រួចទាញដូង គប់ក្បាលប្រពន្ធ បណ្តាលឱ្យរងរបួស មិនអស់ចិត្តស្ទុះ ទៅច្របាច់កនិងវាយប្រពន្ធថែមទៀត លុះប្រពន្ធត្រដររើបម្រះរួច ស្រវាបានដំបងឫស្សី ១ដើម ក៏វាយសងទៅបុរសជាប្តីវិញ បណ្តាលឱ្យបែកក្បាល ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងតែម្តង។

ករណីអំពើឃាតកម្មប្រពន្ធវាយប្តីនឹងដំបងឫស្សី រហូតដល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចខាងក្រោមផ្ទះឪពុកម្តាយក្មេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី។

ស្ត្រីដៃដល់ដែលវាយបុរសជាប្តីរហូតដល់ស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា រេត អាយុ៤០ឆ្នាំ មុខរបរលក់ដូរ (លក់ដូង និងបន្លែបង្កា)។ ចំណែកជនរងគ្រោះជាប្តី មានឈ្មោះឆែម ថងយូ អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រមឹក។ ប្តីប្រពន្ធទាំងពីរ មានកូនចំនួន ៣នាក់ ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះជាប់គ្នានឹងផ្ទះឪពុកម្តាយ (ទីតាំងកើតហេតុ) ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជាង ១០យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បុរសជាប្តី ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងជោក លុះគ្រាន់តែចូលមកដល់ផ្ទះ ឃើញប្រពន្ធកំពុងអង្គុយសកដូង នៅខាងមុខផ្ទុះ ស្រាប់តែរករឿងឈ្លោះប្រកែក និងបានទាញដូងខ្ចី គប់ចំក្បាលប្រពន្ធ ពេលនោះស្ត្រីជាប្រពន្ធខឹងយ៉ាងខ្លាំងបានស្ទុះទៅវាយប្រតាយប្រតប់គ្នាជាមួយប្តី ក៏ត្រូវបុរសជាប្តីច្របាច់កវាយថែមទៀត ទើបស្ត្រីរងគ្រាះ បានប្រឹងរើបម្រះរួច ស្រវាបានដំបងឫស្សី ១ដើម ប្រវែងជាង ១ម៉ែត្រ ដេញវាយប្តីវិញ ធ្វើឱ្យប្តីប្រឹងរត់គេចទៅដួលនៅក្បែរគោយន្ត ក្រោមផ្ទះឪពុកម្តាយក្មេក (ឪពុកម្តាយខាងប្រពន្ធ) ដែលនៅក្បែរនោះ រំពេចនោះ ស្ត្រីជាប្រពន្ធ ក៏តាមមកទាន់ សំពងបុរសជាប្តីនឹងដំបងឫស្សី ចំក្បាល និងផ្ទៃមុខ ជាច្រើនដំបង បណ្តាលឱ្យបុរសជាប្តី ដេកដួលស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុតែម្តង។

តាមសម្តីបុរសឈ្មោះទេព ជា ត្រូវជាឪពុកបង្កើតរបស់ស្ត្រីដៃដល់ឈ្មោះជា រេត បានរៀបរាប់ប្រាប់ថា កូនប្រសាប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះឈ្មោះឆែម ថងយូ) គឺជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ពោលគឺ ១ខែ ៣០ថ្ងៃ ផឹកគ្មានលស់ថ្ងៃនោះឡើយ ហើយមិនដែលនឹកនាជួយធ្វើការងារ ឬរកស៊ីចិញ្ចឹមគ្រួសារឡើយ ដឹងតែដល់ម៉ោង លាដៃសុំលុយប្រពន្ធយកទៅផឹកស្រា បើបានលុយ ក៏សប្បាយចិត្ត ចេញទៅផឹកបាត់ទៅ តែបើមិនបាន ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែក វាយដំប្រពន្ធកូនហើយ។ ប៉ុន្តែកូនប្រសាម្នាក់នេះ ទើបនឹងញៀនស្រាខ្លាំង ក្នុងរយៈពេលប្រមាណ ១ឆ្នាំចុងក្រោយនេះទេ។

បុរសជាឪពុក បន្តថា កាលពីឆ្នាំមុន កូនប្រសាប្រុសរបស់គាត់ ផឹកស្រាស្រវឹង ឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏កើតហិង្សាវាយដំគ្នា ដោយចាប់អូសប្រពន្ធទៅខាងមុខផ្ទះ បម្រុងនឹងអារកសម្លាប់ប្រពន្ធចោលទៀតផង ប៉ុន្តែត្រូវបានសាច់ញាតិនិងអ្នកជិតខាងបានឃើញ ក៏ស្ទុះទៅ ជួយឃាត់ទាន់ ម៉្លេះសមកូនស្រីរបស់គាត់ស្លាប់តាំងពីថ្ងៃនោះបាត់ទៅហើយ។ យ៉ាងណា គាត់មិនកាន់ជើងកូនស្រីខ្លួនឯងទេ ព្រោះការដែលសម្លាប់មនុស្ស វាជាអំពើឃាតកម្ម ត្រូវតែផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែគាត់គ្រាន់តែសំណូមពរឱ្យមានការបន្ធូរបន្ថយទោសខ្លះចំពោះកូនស្រី ដើម្បី មានឱកាសមើលថែចិញ្ចឹមកូនដល់ទៅ៣នាក់ ណាមួយរឿងនេះ ផ្តើមចេញពីអំពើហិង្សាបង្កឡើងដោយកូនប្រសា រហូតដល់កូនស្រីគាត់ទ្រាំលែង បានក៏ជ្រុលដៃប្រព្រឹត្តបែបនេះទៅ។

ដោយឡែក តាមសម្តីសាច់ញាតិរបស់ស្ត្រីដៃដល់ដែលវាយសម្លាប់ប្តីខាងលើ បានឱ្យដឹងថា កន្លងមក ការងារក្នុងផ្ទះ និងរបររកស៊ី គឺស្ត្រីជាប្រពន្ធរ៉ាប់រងទាំងអស់ ព្រោះពឹងប្តីមិនបានឡើយ ដោយសារតែប្តីគឺជាមនុស្សប្រមឹក ដើរតែផឹកស្រវឹងអួទីនួរាល់ថ្ងៃ ហើយឱ្យតែស្រវឹងស្រា តែងរករឿងឈ្លោះប្រកែកវាយតប់គ្នាទៅវិញទៅមក មិនសូវលស់ថ្ងៃឡើយ រហូតដល់សាច់ញាតិ អ្នកជិតខាង យល់ថា វាជារឿងសាមញ្ញទៅហើយ សម្រាប់ប្តីប្រពន្ធនេះ។ ហើយកន្លងមក កាលពីឆ្នាំមុន ពិតជាមានហេតុការណ៍បុរសជាប្តី ចាប់អូសប្រពន្ធទៅអារកសម្លាប់មែន តែត្រូវបងប្អូនចូលទៅជួយឃាត់ទាន់។

ប្រភពដដែល បន្តថា ជាក់ស្តែងនៅថ្ងៃកើតហេតុ គេឮសំឡេងប្តីប្រពន្ធទាំង២ ឈ្លោះគ្នាដែរ តែគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ស្មានថាឈ្លោះគ្នាធម្មតាដូចសព្វដង ណាមួយនៅពេលកើតហេតុ កូនៗរបស់ជនរងគ្រោះ ក៏មិននៅផ្ទះ ចេញទៅដើររកកង្កែបអស់ ចំណែកឪពុកម្តាយ ស្ត្រីដៃដល់ ដែលសុទ្ធសឹងតែចាស់ៗ បានឡើងទៅសម្រាន្តនៅលើផ្ទះអស់ទៅហើយ ទើបគ្មានអ្នកណាអាចជួយឃាត់ទាន់។

ក្រោយពីកើតមានអំពើឃាតកម្មខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី។

ស្រីដៃដល់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពបុរសជាប្តី ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES