ខេត្តកោះកុង ៖ កូនប្រុសចិត្តកំណាចឃោរឃៅម្នាក់ បានរករឿងអុកឡុកពេញក្នុងផ្ទះ រួចក៏បានវាយបំផ្លាញរបស់ទ្រព្យអស់ជាច្រើន លុះម្តាយចេញមកឃាត់ ស្រាប់តែកូនប្រុសរូបនេះ ទាញចានគប់ម្តាយ ចំក្បាល បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ ទីបំផុតស្ត្រីជាម្តាយ ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
ជនសង្ស័យជាកូនប្រុសកំណាចដែលគប់ម្តាយ ១ចាន បណ្តាលឱ្យរយះក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថន តប អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះប៊ូ រឹម អាយុ៦៦ឆ្នាំ មុខរបរកសិករ។ ម្តាយកូនអ្នកទាំងពីរ មានលំនៅបច្ចុប្បន្នភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះប៊ូ រឹម ដោយបានប្តឹងទៅលើឈ្មោះថន តប ដែលត្រូវជាកូនប្រុសបង្កើតរបស់គាត់ ពីករណីហិង្សាក្នុងគ្រួសារ និងបំផ្លិច បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដូចជាវាយបំផ្លាញជញ្ជាំងផ្ទះស័ង្កសីដាច់រយះចំនួន ៣សន្លឹក អាគុយ ចំនួន១គ្រាប់ និងអំពូលភ្លើងក្នុងផ្ទះ អស់មួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះ បានប្រើហិង្សា យកចានបាយគប់មកលើរូបគាត់ជាម្តាយ បណ្តាលឱ្យត្រូវចំក្បាល និងវាយលើប្អូនៗ ព្រមទាំងក្មួយជាញឹកញាប់ទៀតផង។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕