Saturday, June 28, 2025
Homeសន្ដិសុខសង្គមកូនប្រុសខឹងឪជេរ ដុតផ្ទះចោល

កូនប្រុសខឹងឪជេរ ដុតផ្ទះចោល

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ព្រោះតែខឹងនឹងឪពុកជេរស្តីបន្ទោសតិចតួច ស្រាប់តែឆេះឆួលកំហឹង យកកាំបិតកាប់ជញ្ជាំងផ្ទះ និងដុតផ្ទះ បង្កឱ្យឆាបឆេះផ្អើលដល់អ្នកជិតខាង រត់ចែកជើងគ្នា និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយជួយបាញ់ទឹកពន្លត់។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៨ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។

ករណីអគ្គិភ័យដែលបណ្តាលមកពីកូនអកតញ្ញូនេះ បណ្តាលឱ្យឆេះផ្ទះ ១ខ្នង ទំហំ ៤ម៉ែត្រ  គុណនឹង ៥ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ខូចខាត ២០ភាគរយ) មានម្ចាស់ឈ្មោះយូ សឿង ភេទប្រុស

អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ និងត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ។ ចំណែកកូនប្រុសចិត្តក្តៅ មានឈ្មោះទី រស់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមឱ្យឆេះផ្ទះនេះ គឺបណ្តាលមកពីឈ្មោះទី រស់ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ ជាអ្នកដុត ដោយខឹងឪពុកជេរ ទើបធ្វើឱ្យជនសង្ស័យបែកគំនិតយកកាំបិតកាប់ជញ្ជាំងផ្ទះ និងដុតសម្ភារ

ក្នុងផ្ទះតែម្តង បណ្តាលឱ្យឆាបឆេះខូចខាត ទ្រព្យសម្បត្តិ និងសម្ភារៈ រួមមាន ឆេះផ្ទះ ២០ភាគរយ ឧបករណ៍បំពងសំឡេង ១ឈុត គ្រែ០១ សរុបជាទឹកប្រាក់អស់ប្រហែល ១លាន ១សែនរៀល តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង មកជួយបាញ់ទឹកពន្លត់ ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេ ដោយសារពេលកើតហេតុភ្លាមអ្នកជិតខាង បានយកទុយយោជួយបាញ់ពន្លត់ទាន់ពេលវេលា៕

RELATED ARTICLES