ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យ ៧១ឆ្នាំម្នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងបងប្រុសបង្កើតរបស់ខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទាមទារដីទំហំជាង ១០០០ម៉ែត្រការ៉េ យកមកកវិញ ក្រោយបងប្រុសរបស់ខ្លួន បានធ្វើរបងបិទផ្លូវ មិនអាចធ្វើដំណើរចេញចូលផ្ទះបាន។

ស្ត្រីចំណាស់ជាដើមបណ្តឹង មានឈ្មោះអ៊ុំ យឿន អាយុ៧១ឆ្នាំ មានលំនៅ ភូមិគោកដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី។
តាមរយៈពាក្យបណ្តឹងចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ត្រីចំណាស់ខាងលើ បានរៀបរាប់ថា កាលពីឆ្នាំ១៩៨២ គាត់បានកាន់កាប់អាស្រ័យផលលើក្បាលដីលេខ៥៧៩ (ដែលកំពុងមានទំនាស់) ដោយមានអាជ្ញាធរមូលដ្ឋានដឹងឮ និងទទួលស្គាល់តាមផ្លូវច្បាប់ ដែលដីនោះស្ថិត នៅភូមិគោកដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី។ លុះដល់ឆ្នាំ១៩៩០ ដើម

បណ្តឹងឈ្មោះអ៊ុំ យឿន ដោយសារតែអាណិតបងប្រុសឈ្មោះអ៊ុំ ជុំ គ្មានដីសម្រាប់រស់នៅ ខ្លួនបានចែកដីទំហំ ៣៥ម៉ែត្រ គុណនឹង ៤១ម៉ែត្រ នៅផ្នែកខាងមុខ ឱ្យបងប្រុសឈ្មោះ អ៊ុំ ជុំ រស់នៅជាបណ្តោះអាសន្នសិន ទម្រាំរកទីតាំងថ្មីសម្រាប់រស់នៅបាន។ ស្រាប់តែនៅដើមខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះអ៊ុំ ជុំ ជាបងប្រុស បានធ្វើរបងបិទផ្លូវ

មិនឱ្យម្ចាស់ដីឈ្មោះអ៊ុំ យឿន ចេញចូលទៅផ្ទះនៅផ្នែកខាងក្រោយបានទៀត ទើបម្ចាស់ដី សម្រេចដាក់ពាក្យប្តឹងទៅកាន់តុលាការ ដើម្បីទាមទារដីរបស់ខ្លួនមកវិញ និងសំណូមពរឱ្យតុលាការជួយសម្រេចបើកផ្លូវចេញចូលផ្ទះខាងក្រោយផង ព្រោះក្រុមគ្រួសាររបស់គាត់ដែលរស់នៅផ្នែកខាងក្រោយ គ្មានផ្លូវចូលទៅផ្ទះរបស់ខ្លួននោះទេ។

លោកណុប សុខ មេឃុំពេជ្រមុន្នី បានប្រាប់ថា លោកបានហាមឃាត់តាំងពីដំបូង កុំឱ្យលោកអ៊ុំ ជុំ ធ្វើរបងបិទផ្លូវគេ ព្រោះវាខុសច្បាប់ ប៉ុន្តែលោកមិនស្តាប់មេឃុំទេ នៅតែធ្វើទាល់តែបានទាំងបំពាន។ លោកមេឃុំ បន្តថា ដីនេះពិតណាស់ជាកម្មសិទ្ធិស្របច្បាប់របស់អ៊ុំ យឿន ដូច្នេះលោកអ៊ុំ ជុំ បិទផ្លូវចូលផ្ទះគេទាំងខុសច្បាប់ ហើយលោកនឹងធ្វើរបាយការណ៍បញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀតអំពីរឿងនេះ ប្រសិនបើមានការស្នើសុំពីពាក់អ្នកច្បាប់ពាក់ព័ន្ធ។

សូមជម្រាបជូនថា ដើមបណ្តឹងឈ្មោះ អ៊ុំ យឿន ធ្លាប់បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរមូលដ្ឋានមានភូមិ ឃុំ ស្រុក ដើម្បីទាមទារដីខាងលើនោះមកកាន់កាប់វិញផងដែរ ប៉ុន្តែឈ្មោះអ៊ុំ ជុំ មិនព្រមប្រគល់ឱ្យវិញនោះទេ និងបានសាងសង់របងបិទផ្លូវមិនឱ្យម្ចាស់ដីចេញចូលផ្ទះនៅ ក្នុងដីឡូត៍ផ្នែកខាងក្រោយថែមទៀតផង។

ជុំវិញករណីបណ្តឹងនេះ លោកយាយ អ៊ុំ យឿន ប្តឹងបងប្រុសឈ្មោះអ៊ុំ ជុំ ទៅតុលាការ ដើម្បីទាមទារដីនេះ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងសាក្សីជាច្រើននាក់ ដែលបានដឹងរឿងរ៉ាវច្បាស់ បានសម្តែងការគាំទ្រ និងស្នើសុំឱ្យតុលាការ ចាត់ការរឿងនេះឱ្យបានឆាប់ ព្រោះភាគីឈ្មោះ អ៊ុំ ជុំ ពុំដែលស្តាប់ការដោះស្រាយ និងការហាមឃាត់អាជ្ញាធរមូលដ្ឋាននោះទេ ដោយអាងថាជាមន្ត្រីនគរបាលម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីភាគីសាមីខ្លួនលោកតា អ៊ុំ ជុំ នៅឡើយទេ កាលពីម្សិលមិញ៕