Saturday, June 28, 2025
Homeសន្ដិសុខសង្គមតៃកុងឡានដឹកដី វ៉ៃស្រីម៉ាស្សារបួស បើកឡានបំបុកប៉ូលិសបាក់ជើង

តៃកុងឡានដឹកដី វ៉ៃស្រីម៉ាស្សារបួស បើកឡានបំបុកប៉ូលិសបាក់ជើង

ខេត្តសៀមរាប ៖ បុរសជាតៃកុងឡានដឹកដីម្នាក់ បានបើករថយន្តដឹកដីចូលទៅរកសេវាម៉ាស្សានៅហាងមួយកន្លែង លុះក្រោយមក មិនដឹងថាមានបញ្ហាអ្វី ស្រាប់តែបង្ករឿងអុកឡុកពេញហាងម៉ាស្សា រហូតដល់ផ្ទុះហិង្សា វាយនារីម៉ាស្សាម្នាក់ រួចក៏ឡើងបើករថយន្តដឹកដីរត់គេច លុះម្ចាស់ហាងម៉ាស្សារាយការណ៍ប្រាប់សមត្ថកិច្ចចេញអន្តរាគមន៍ ក៏ត្រូវតៃកុងឡានដឹកដីទំនើងខាងលើ បើករថយន្តបំបុកម៉ូតូ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួសបាក់ជើងទៀត ទីបំផុត សមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធ ១គ្រាប់ បំបែកកង់រថយន្តដឹកដី ទើបឈានដល់ការចាប់វាយ ខ្នោះជនបង្កហេតុខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោ ណាវីនម៉ាស្សា មានទីតាំងស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក នួន សារុន នាយការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីម្ចាស់ហាងម៉ាស្សាខាងលើថា មានករណីហិង្សាបានកើតឡើង ដោយមានតៃកុងឡានដឹកដីម្នាក់ បានវាយនារីម៉ាស្សាម្នាក់ ឱ្យរងរបួស ភ្លាមនោះ កម្លាំងនគរបាលអន្តរាគមន៍ដែលប្រចាំការនៅជិតបេនឡានចុងកៅស៊ូ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីសាកសួររកដើមហេតុ ស្រាប់តៃកុងឡានបានបើកឡានរត់គេចពីកន្លែងកើតហេតុ ដោយទុកបក្ខពួកចំនួន៣នាក់ ប្រុសទាំងអស់ នៅកន្លែងម៉ាស្សា។

ប្រភពដដែល បន្តថា ឃើញបែបនេះ កម្លាំងសមត្ថកិច្ចក៏ឃាត់បក្ខពួកជនបង្កហេតុទាំង៣នាក់ទុកនៅកន្លែងកើតហេតុ ហើយក៏បានបើកម៉ូតូដេញតាមចាប់តៃកុងឡាន ដោយក្នុងនោះមានកម្លាំងនគរបាលអន្តរាគមន៍ ចំនួន ៥ម៉ូតូ មានគ្នាចំនួន ៧នាក់ តាមរហូតមកដល់កែងបត់ចូលវត្តព្រិន្ទ ស្រាប់តែត្រូវជនបង្កហេតុ បានបើករថយន្តដឹកដីបំបុកម៉ូតូសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួសជើងខាងស្តាំ និងខូចខាតម៉ូតូ ១គ្រឿង។ ដោយឃើញហេតុការណ៍បែបនេះ ទើបកម្លាំងនគរបាល បានបន្តដេញតាមឡាន រហូតដល់សម្រេចចិត្តផ្ទុះអាវុធ ១គ្រាប់

បំបែកកង់រថយន្ត តែតៃកុងឡាន មិនព្រមឈប់ នៅបន្តបើកទៅមុខរហូតមកដល់ខាងត្បូងស្ពានក្រវាត់ក្រុង ស្ពានប៊ីឡាញ មកបុកនឹងរោងការ ទៅមុខលែងរួច ទើបត្រូវឃាត់ឡាន និងតៃកុងឡានបាន ហើយក៏ប្រគល់ជូនខាងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តនីតិវិធីបន្ត។

លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ស្នងការរងទទួលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីអ្នករថយន្តដឹកដីបង្កហិង្សានិងបុកនគរបាលអន្តរាគមន៍នោះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន និងកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ម្ចាស់រថយន្តដឹកដីខាងលើនេះ ទំនងស្រវឹងស្រា ហើយបានស្រែកឡូឡា និងអួតក្អេងក្អាងថា ជាខ្សែរបស់ថ្នាក់ដឹកនាំនៃខេត្តសៀមរាប ហើយចង់សមត្ថកិច្ចខាងណាមកក៏គេមិនខ្លាចដែរ៕

RELATED ARTICLES