Thursday, November 28, 2024
Homeនយោបាយសច្ចាកាត់ដៃថ្វាយអាយុ

សច្ចាកាត់ដៃថ្វាយអាយុ

ដោយ អាចារ្យថាំ

លេចធ្លាយព័ត៌មានថា គយហុងកុង ចាប់បានឈើរត់ពន្ធចេញពីកម្ពុជា ចំនួន២១១តោន ពុំដឹងជាពិត ឬមិនពិតទេ ព្រោះ ព័ត៌មាននេះ ចេញពីប្រភពអង្គការមួយ ខណៈដែលភាគីរដ្ឋាភិបាល មិនបញ្ចោញឱ្យដឹង។ ឧបមាថា ជារឿងពិត អាចថា ជាកំហុសថ្នាក់ក្រោម ដែលមិនអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ព្រោះឈើដឹកចេញពីតំបន់ព្រៃ នៅក្រោមការឱបក្តាប់ របស់អ្នកកាន់អាវុធខេត្ត-ស្រុក មិនមែនដឹកចេញពីរាជធានី នោះទេ។ បើសិនជាមានច្បាប់មួយ តម្រូវឱ្យកងប្រដាប់អាវុធ ថ្នាក់ក្រោម ឡើងមកផឹកទឹកសម្បថ ដូចសម័យអង្គរ ប្រហែលជាអាចទប់ស្កាត់បទល្មើសនេះបាន ដែល “នគរធំ” សូម គាស់កកាយប្រវត្តិសាស្ត្រពាក់ព័ន្ធដល់ “សច្ចាកាត់ដៃថ្វាយអាយុ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានផុសសំណេរតាមហ្វេសប៊ុក ពាក់ព័ន្ធដល់បទល្មើសបំផ្លាញព្រៃលិចទឹក និងការនេសាទ ត្រីខុសច្បាប់ នៅតំបន់បឹងទន្លេសាប ថា “បញ្ហានេះ ជាលទ្ធផលដ៏អាក្រក់មួយ ដែលលេចចេញពី ៖ ការមិនបានគោរពពាក្យ សន្យាសច្ចាប្រណិធាន និងការខ្វះចក្ខុវិស័យគិតវែងឆ្ងាយរបស់អ្នកដែលបានទទួល និងប្រើប្រាស់អំណាចរបស់ប្រជាពលរដ្ឋ”។

សំណេរនេះ សំខាន់នៅត្រង់ “សច្ចាប្រណិធាន” ពោលគឺ បណ្ឌិតវ័យចំណាស់នេះ ទំនងផ្តោតជំនឿទៅលើការស្បថសច្ចា របស់មន្ត្រីជាន់ខ្ពស់ ដែលស្បថហើយមិនធ្វើតាមពាក្យសន្យានោះ។ ផ្តើមចេញពីទស្សនៈបុរាណនិយមនេះ “នគរធំ” សូម ជួយបន្ថែមខ្លះៗថា បើជ្រុលជាមានច្បាប់ (រដ្ឋធម្មនុញ្ញ) តម្រូវឱ្យអ្នកធំៗស្បថប្រណិធាន គួរកោះហៅ “មេទ័ព មេកង” មកស្បថផង ព្រោះថាអំណាចមូលដ្ឋាន ឆ្មាំព្រៃ ឆ្មាំទន្លេ ឆ្មាំសមុទ្រ នៅក្នុងកណ្តាប់ដៃឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ដែលកាន់អាវុធ។ សម័យនេះ សូម្បីតែមេព្រៃ មេជលផល មេបរិស្ថាន ក៏កាន់កាំភ្លើងដែរ ដូច្នេះបើសិនជាកែច្បាប់ តម្រូវឱ្យ កងប្រដាប់អាវុធទាំងអស់នោះ ធ្វើសច្ចាប្រណិធាន ប្រហែលជាអាចទប់ស្កាត់បទល្មើសបានខ្លះ ដោយហេតុថា អ្នកធំៗ ធ្វើការតែក្នុងក្រសួង ឬខុទ្ទកាល័យ កម្រចុះដល់ទីតាំងកើតហេតុណាស់។

បានជា “នគរធំ” ហ៊ានលើកឡើងបែបនេះ ព្រោះសំអាងថា កាលពីសម័យអង្គរ មិនថាតែនាហ្មឺនធំៗនោះទេ ដែល ត្រូវធ្វើសច្ចាប្រណិធាន សូម្បីតែកងតម្រួតគ្រប់ជាន់ថ្នាក់ ក៏ផឹកទឹកសម្បថដែរ។ យោងតាមអត្ថបទសិលាចារឹក ដែលចារ លើមេទ្វារនៃគោបុរៈខាងកើត បរិវេណខាងក្នុងនៃព្រះបរមរាជវាំង ក្រុងនគរធំ ចុះកាលបរិច្ឆេទ ឆ្នាំមហាសករាជ ៩៣៣ នារដ្ឋកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលមាន៨ផ្ទាំង រកឃើញដោយលោកហ្ស៊ក សឺដែស អ្នកស្រាវជ្រាវបារាំង ត្រង់ចំណុច មួយបានសរសេរជាភាសាខ្មែរបុរាណ មានសេចក្តីថា “ទូលបង្គំ យើងខ្ញុំសូមសច្ចាកាត់ដៃថ្វាយអាយុ និងថ្វាយនូវកតញ្ញូភក្តី- ភាពដ៏បរិសុទ្ធផូរផង់ ចំពោះព្រះករុណា ព្រះបាទសម្តេច ស្រីសូរ្យវម៌ទេវៈ (សូរ្យវរ្ម័នទី១)។

នៅក្នុងសេចក្តីផ្តើមនៃសិលាចារឹក បានបញ្ជាក់ថា កងតម្រួតភូមិភាគ (ថ្នាក់ស្រុក) មានឋានន្តរស័ក្តិ ឯក ទោ ត្រី ចត្វា ត្រូវបានកោះហៅឱ្យឡើងមកព្រះបរមរាជវាំង ទទួលទាន “ទឹកពិភទ្ទសច្ចា” ក្រោមព្រះភ័ក្ត្រព្រះមហាក្សត្រ។ មន្ត្រីកងរាជ- តម្រួតទាំងនោះ ត្រូវសូត្រពាក្យសម្បថព្រមៗគ្នា តាមព្រាហ្មណ៍បុរោហិត ដោយស្បថធ្ងន់ៗថា បើពួកលោកធ្វើការបម្រើ ជាតិ មិនបានល្អ ឬហ៊ានបំផ្លាញសម្បត្តិធម្មជាតិ បើថ្នាក់លើស៊ើបដឹង ត្រូវ “កាត់ដៃថ្វាយអាយុ” គឺទទួលទោសប្រហារជីវិត ដោយកាត់ដៃទាំងពីរ កាត់ក្បាលអស់អាយុសង្ខារតាមកំហុសក្បត់។

សិលាចារឹកនេះ គ្រាន់តែបង្ហាញពីការស្បថប្រណិធានរបស់កងប្រដាប់អាវុធថ្នាក់ស្រុក (ពីដើមស្រុកស្មើនឹងខេត្ត) ដូច គោរមងារមន្ត្រីកំណាន់ខេត្ត ហៅថា “ចៅហ្វាយស្រុក-ខេត្ត ឬគម្តែងអញ…” ដោយមិននិយាយពីនាហ្មឺនជាន់ខ្ពស់នោះឡើយ តែគេអាចសន្និដ្ឋានថា ត្រឹមតែមេបញ្ជាការកងប្រដាប់អាវុធ ឯក ទោ ត្រី ចត្វា សច្ចាកាត់ដៃថ្វាយអាយុ យ៉ាងនេះទៅហើយ ទម្រាំដល់មន្ត្រីចតុស្តម្ភ ឬសេនាបតី តើត្រូវស្បថសច្ចាយ៉ាងណាទៅ?

ខ្មែរយើងគោរពការស្បថស្បែខ្លាំងណាស់ សូម្បីបច្ចុប្បន្ន រដ្ឋធម្មនុញ្ញ ក៏បានតម្រូវឱ្យមន្ត្រីធំៗ “ផឹកទឹកសម្បថ” នៅក្នុង ព្រះបរមរាជវាំង ពីមុខព្រះបរមស្វេតច្ឆត្រដែរ។ នាហឺន្មឺធំៗ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឧត្តមប្រឹក្សា អង្គចៅក្រម ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចូលស្បថដោយខានមិនបាន។

ដោយហេតុថា មនុស្សសម័យវិទ្យាសាស្ត្រ លែងសូវជឿការស្បថសច្ចា ម៉្លោះហើយ ការងារស្នូល ក៏នៅមានឆកល្វែង ចន្លោះប្រហោង ដូចស្បថថា មិនពុករលួយ មិនបក្ខពួកនិយម ប៉ុន្តែឃើញនៅមានករណីនេះលេចឡើង។

ចំពោះមន្ត្រីកងប្រដាប់អាវុធ ថ្នាក់ភូមិភាគ ខេត្ត ស្រុក ក៏ដូចអាជ្ញាធរមូលដ្ឋាន អត់បានមកស្បថទេ ជាហេតុនាំឱ្យ បុគ្គលមួយចំនួន ហ៊ានប្រព្រឹត្តអំពើអាក្រក់។ ដូច្នេះបើសិនជាអាចធ្វើច្បាប់ ដូចរជ្ជការព្រះបាទសូរ្យវរ្ម័នទី១ ឱ្យកោះហៅ មន្ត្រីប្រដាប់អាវុធនៅមូលដ្ឋានមកស្បថ ប្រហែលជាអាចទប់ស្កាត់បទល្មើសនៃការបំផ្លាញសម្បត្តិធម្មជាតិ បានខ្លះ។ សព្វ ថ្ងៃគេដឹងថា អ្នកកាន់អាវុធរក្សាព្រៃភ្នំ ព្រៃឡង់ ទន្លេ សមុទ្រ តំបន់រ៉ែធម្មជាតិ មានលាយចម្រុះ ទាហាន ប៉ូលិស ប៉េអឹម មេព្រៃ មេជលផល មេបរិស្ថាន រហូតដល់ប្រជាការពារភូមិ-ឃុំ ក៏កាន់អាវុធដែរ។ បើសិនជាអាចកោះអញ្ជើញមេៗ ដែល ឈរជើងនៅតំបន់ប្រឈមបទល្មើសនោះ មក “ផឹកទឹកសម្បថ” ដោយមានអ្នកហៅឱ្យសូត្រតាមថា “បើសិនជាយើងខ្ញុំ រក្សាព្រៃ រក្សាត្រី រក្សាថ្មភ្នំ…មិនគង់ សូមឱ្យពស់ចឹក រន្ទះបាញ់…” គឺស្បថធ្ងន់ៗ អ៊ីចឹងទៅរឿងអីមិនខ្លាច?

យើងឃើញហើយ “អង្គភាពប្រឆាំងអំពើពុករលួយ” ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ស្បថ ធ្ងន់ៗណាស់ ដូចពាក្យថា “បើហ៊ានពុករលួយ ឱ្យពស់ចឹក ឡានបុក” ជាដើម។ នាយទាហាន នាយប៉ូលិស នាយអាវុធហត្ថ នាយរដ្ឋបាលព្រៃឈើ នាយបរិស្ថាន ជាអ្នករក្សាព្រៃឡង់ បើគាត់ស្បថយ៉ាងនេះរួច ពិតជា “រអើលខ្នង” ក្រែងលោ ពស់- វែករនាម ដែលនៅព្រៃនោះព្យាបាទ។

ទោះយ៉ាងណា “នគរធំ” មិនសង្ឃឹមថា អាចធ្វើច្បាប់សច្ចាប្រណិធាន សម្រាប់មេបញ្ជាការកងប្រដាប់អាវុធ ថ្នាក់- ភូមិភាគ ខេត្ត ស្រុក បានឡើយ ព្រោះវាខុស “បទដ្ឋានអន្តរជាតិ” ឬថា អន្តរជាតិ មិនធ្វើយ៉ាងនេះទេ ប៉ុន្តែខ្មែរយើងធ្លាប់ មានច្បាប់ស្បថប្រណិធាននៅសម័យអង្គរ និងមានសិលាចារឹក ជាភ័ស្តុតាងស្រាប់ មិនបំផ្លើសទេ។

សម័យអង្គរ ប្រទេសខ្មែរជា “ចក្រភព” បាននាំចេញសម្បត្តិធម្មជាតិ ដឹកតាមសំពៅ ទៅប្រទេសចិន ខ្លះដែរ ដូចជា “ភ្លុកដំរី កុយរមាស ឃ្មុំផ្លិត ប្រេងសំរោង ជ័រកំញាន ក្រវាញ” ជាដើម។ វត្ថុធាតុទាំងនេះ ពុំមែនកងការពារព្រៃពុករលួយ សមគំនិតគ្នាបាញ់ដំរី បាញ់រមាសយកភ្លុក យកកុយនោះទេ តែអាចជាភ្លុកដែលដំរីព្រៃ ជាន់បំបាក់ដោយខ្លួនវានៅពេលវា ចាស់ ដើររកចំណីលែងកើត។ ឯកុយរមាស ក៏គ្មានតម្រួតណាទៅបាញ់វានោះដែរ អាចថាវាជល់គ្នាងាប់កណ្តាលព្រៃ អ្នក ស្រុកបានឃើញ ក៏កាត់យកកុយ ទៅលក់ជូនរាជការ ឬដង្ខៅធំៗ មុននឹងដឹកទៅដោះដូរទំនិញផ្សេងៗពីស្រុកចិន។

យើងមានទស្សនៈថា ចង់ឱ្យបទល្មើសព្រៃឈើ ជលផល រាបទាប ទាល់តែកោះអញ្ជើញមេៗនៅមូលដ្ឋាន មកស្បថ ឱ្យគ្រប់គ្នា បន្ថែមពីលើបទបញ្ជានាយករដ្ឋមន្ត្រី។ បើស្បថតែរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន…តែមេព្រៃ មន្ត្រីបរិស្ថានកំពុងឈរជើងនៅតំបន់ព្រៃ អត់បានស្បថផង ខណៈដែលរដ្ឋមន្ត្រីមិនសូវចេញទៅមើលព្រៃ ជួនកាលឈ្មួញ ទុច្ចរិត “ប្រើតាស្រមូមទៅនិយាយគ្នា” អាចធ្វើឱ្យមន្ត្រីមើលព្រៃ ងងឹតភ្នែក មើលឡានដឹកឈើមិនឃើញ? អ៊ីចឹងបើសិន ជាគាត់បានស្បថឱ្យពស់ចឹក ខ្លាទះ ឡានបុក ដូចអង្គភាពប្រឆាំងអំពើពុករលួយ ឬស្បថធ្ងន់ៗដូចតម្រួតក្នុងរជ្ជកាលព្រះ-បាទសូរ្យវរ្ម័នទី១ ពិតជាព្រៃឈើដែលនៅសល់ប្រមាណ ៤០ភាគរយនោះ នៅគង់វង្ស មិនលោតឆត្រទៅហុងកុងរួចទេ។

សរុបទៅ “សច្ចាកាត់ដៃថ្វាយអាយុ” ជាការគាស់កកាយប្រវត្តិសាស្ត្រចារទុកលើសិលាចារឹក មកបង្ហាញតែប៉ុណ្ណោះ ដើម្បីឱ្យមានទឡ្ហីករណ៍ ឬគោលអាងរឹងមាំ សម្រាប់ប្រៀបធៀបនឹងបច្ចុប្បន្នភាព។ ទោះជាដឹងថា រដ្ឋធម្មនុញ្ញតម្រូវឱ្យ តែមន្ត្រីជាន់ខ្ពស់ ផឹកទឹកសម្បថ ក៏ “នគរធំ” យល់ថា បើអ្នកផឹកទឹកសម្បថ មិនសកម្មការងារ ឬចេញតែបទបញ្ជា មិន តាមដានការអនុវត្តរបស់ថ្នាក់ក្រោម ធ្វើឱ្យបទបញ្ជានោះ សាបទៅៗ វារងគ្រោះដល់សម្បត្តិធម្មជាតិឯណោះ ដែលជា បរិបទសម្រាប់ពិចារណាទាំងអស់គ្នា’

RELATED ARTICLES