Saturday, June 28, 2025
Homeសន្ដិសុខសង្គមក្មេងទំនើង ១០ម៉ូតូ កាន់ដាវកាំបិតពេញផ្លូវ ជាប់ខ្នោះ៣នាក់

ក្មេងទំនើង ១០ម៉ូតូ កាន់ដាវកាំបិតពេញផ្លូវ ជាប់ខ្នោះ៣នាក់

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើង ៣នាក់ ក្នុងចំណោមបក្ខពួកប្រមាណ ២០នាក់ ត្រូវសមត្ថកិច្ចស្រុកតាលោសែនជ័យ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន ក្រោយបង្កការអុកឡុក បណ្តាលឱ្យអសន្តិសុខ (កាន់ដាវកាំបិត) នៅតាមដងផ្លូវសាធារណៈ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង០៥នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២   នៅចំណុចខាងលិចវិទ្យាល័យហ៊ុនសែន បាក់ចិញ្ចៀន។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានតាមរយៈទូរស័ព្ទ ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន ថាមានក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ដោយមានកាន់កាំបិត និងដំបង តាមផ្លូវសាធារណៈ នៅចំណុចខាងលើ លោកបានចាត់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន៤នាក់ សហការជាមួយកម្លាំង

អធិការចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សំ គ្រៀន ឋានៈនាយប៉ុស្តិ៍ផ្ទះរុងស្តីទី បានចុះអន្តរាគមន៍ស្ទាក់តាមផ្លូវដល់ចំណុចប្រឡាយថ្នល់ទទឹង ស្ថិតនៅភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានឃាត់ម៉ូតូ ១គ្រឿង និងជនសង្ស័យ ៣នាក់។

ជនសង្ស័យជាក្មេងទំនើងទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈិន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ។ ទី២-ឈ្មោះផាត សុផែន ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះស៊ី វិសាល ភេទប្រុស អាយុ១៦ឆ្នាំ។ ទាំង៣នាក់ មានលំនៅ ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ ចំណែកវត្ថុតាងដកហូត រួមមាន កូនពូថៅដងដែក ចំនួន១ កាំបិតផ្គាក់ ចំនួន១ ចំពុះទង់ ចំនួន១ និងម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ និងូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1B-6019) រីឯបក្សពួករបស់ជនសង្ស័យខាងលើ បានជិះម៉ូតូរត់គេចខ្លួនអស់។

លោកអធិការ បានបន្តថា ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនមានបក្ខពួកចំនួន ១៧នាក់ បានណាត់គ្នាតាមទូរស័ព្ទ ជាមួយសិស្សវិទ្យាល័យឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ធ្វើសកម្មភាពកាប់គ្នានៅតាមដងផ្លូវជាញឹកញាប់ ដោយបក្ខពួកខ្លះ ធ្លាប់បានត្រូវសមត្ថកិច្ចធ្វើការអប់រំមួយលើករណីបង្ករបួសស្នាម មិនតែប៉ុណ្ណោះពួកខ្លួនទាំង៣នាក់ ក៏បានប្រើប្រាស់នូវសារធាតុញៀនផងដែរ។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន តាមបញ្ជារបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការស្រាវជ្រាវ សាកសួរបន្ត និងបំពេញនីតិវិធី៕

RELATED ARTICLES