ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីវ័យជំទង់ជាសិស្សសាលាម្នាក់ ដែលបានសុំឪពុកម្តាយចេញទៅរៀនគួរបន្ថែម លុះជិះម៉ូតូចេញពីផ្ទះ ក៏បាត់ដំណឹងសូន្យឈឹង មិនឃើញវិលត្រឡប់មកផ្ទះវិញ ធ្វើឱ្យឪពុកម្តាយផ្អើលឆោឡោតាមរកអស់រយៈពេល ៣ថ្ងៃ ស្រាប់តែទទួលបានដំណឹងថា កូនស្រីបានរត់ទៅស្នាក់នៅជាមួយសង្សារ នៅឯខេត្តព្រៃវែង។

ក្មេងស្រីដែលចេញពីផ្ទះ ទៅតាមសង្សារនោះ មានឈ្មោះនាក់ ស៊ុនអ៊ី អាយុ១៤ឆ្នាំ ជាសិស្ស អនុវិទ្យាល័យ ហ៊ុន សែន ទួលស្វាយ មានលំនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ ចំណែកយុវជនជាសង្សារ មានឈ្មោះរុន ព្រាប អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិទួលត្នោត ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឈ្មោះហាប់ រិទ្ធី ភេទប្រុស មានលំនៅ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជាពូរបស់ក្មេងស្រីឈ្មោះនាក់ ស៊ុនអ៊ី បានរាយការណ៍មកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្មួយស្រីរបស់ខ្លួន ឈ្មោះនាក់ ស៊ុនអ៊ី អាយុ១៤ឆ្នាំ បានសុំឪពុកម្តាយជិះម៉ូតូទៅរៀនគួរបន្ថែម នៅអនុវិទ្យាល័យហ៊ុន សែន ទួលស្វាយ ជាមួយមិត្តភក្តិ លុះដល់វេលាម៉ោង ៥ល្ងាច ថ្ងៃដដែល បែរជាមិនឃើញត្រលប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារ សាច់ញាតិ បានចែកផ្លូវគ្នាតាមរកដែរ តែមិនទទួលបានតម្រុយអ្វីបន្តិចសោះ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅកាន់លោកវរសេនីយ៍ឯក ស៊ូ នៅ អធិការរងនគរបាលស្រុកអន្លង់វែង ដើម្បីអន្តរាគមន៍ជាបន្ទាន់។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ (ផ្ទះរបស់ក្មេងស្រីដែលបាត់ខ្លួន) ដើម្បីសាកសួរព័ត៌មាន និងបានទទួលពាក្យបណ្តឹងពីឈ្មោះឆុំ នាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីខាងលើផងដែរ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការផ្សព្វផ្សាយទៅគ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុកទូទាំងខេត្ត និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍តាមស្វែងរក។
រហូតមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ ក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះឆុំ នាក់ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរាយការណ៍មកថា កូនស្រីរបស់គាត់ឈ្មោះនាក់ ស៊ុនអ៊ី ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរកឃើញវិញហើយ ដោយនាងបានលួចទៅស្នាក់នៅក្នុងភូមិត្នោត ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
យោងតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រាល បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសស្រីទាំង២នាក់ (ឈ្មោះនាក់ ស៊ុនអ៊ី ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះរុន ព្រាប ភេទប្រុស អាយុ១៨ឆ្នាំ) គឺត្រូវជាសង្សារនឹងគ្នា ដោយពួកគេបានស្រលាញ់គ្នាអស់រយៈពេលប្រមាណ ៦ខែមកហើយ ហើយពួកគេទាំង២នាក់ បាននាំគ្នាមកស្នាក់នៅក្នុងភូមិទួលត្នោត ឃុំព្រាល នេះ គឺមកលេងបងប្អូន និងឪពុកម្តាយ (ខាងប្រុស) ដោយពុំមានការបង្ខិតបង្ខំពីអ្នកណាម្នាក់ឡើយ៕