Saturday, June 28, 2025
Homeសង្គម និងជីវិតក្មេងស្រីហែលទឹកទៅកាប់ឫស្សី លង់ស្លាប់២នាក់

ក្មេងស្រីហែលទឹកទៅកាប់ឫស្សី លង់ស្លាប់២នាក់

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រី ១ក្រុម មានគ្នា ៨នាក់ បាននាំគ្នាហែលឆ្លងរណ្តៅបូមខ្សាច់មួយកន្លែង ឆ្លងទៅត្រើយម្ខាង ដើម្បីកាប់ឫស្សី លុះពេលហែលត្រឡប់មកវិញ ក៏ស្រាប់តែក្មេងស្រី២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀល  ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅស្ទឹងធ្លាម្អម ត្រង់ចំណុចកំពង់ដរតាសក់ស (កន្លែងរណ្តៅបូមដីខ្សាច់) ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។

ក្មេងស្រីទាំង២នាក់ ដែលលង់ទឹកស្លាប់ខាងលើ រួមមាន ទី១-ឈ្មោះឆេង គឹមឌី អាយុ១៣ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះឆេង គា អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះព្រុំ សារ៉េន អាយុ៤៧ឆ្នាំ និងទី២-ឈ្មោះជា ពល្លិកា អាយុ១២ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះសែម សារិន អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះហ៊ុយ សុគន្ធា អាយុ ៥២ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីក្មេងស្រីជាមិត្តភក្តិ ដែលបានហែលឆ្លងទឹកជាមួយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកនាងសរុបមានគ្នា ៨នាក់ បាននាំគ្នាទៅកន្លែងកើតហេតុ ដើម្បីកាប់ដើមឫស្សី ប៉ុន្តែដើមឫស្សីមាននៅឯត្រើយម្ខាង  ទើបនាំគ្នាដើរនិងហែលឆ្លងទៅកាប់។ លុះកាប់ឫស្សីបានចំនួន ១ដើមហើយ ទើបនាំគ្នាដើរ និងហែលឆ្លងទឹកមកវិញ ពេលដល់គោក ស្រាប់តែបាត់ក្មេងស្រីរងគ្រោះទាំង២នាក់ ខាងលើ ទើបពួកខ្លួន

សង្ស័យថាលង់ទឹក ទើបនាំគ្នាស្រែកហៅឱ្យគេឯងជួយ ក៏ឆោឡោឡើងអ្នកភូមិមកជួយមុជរាវរក រហូតដល់ប្រទះឃើញ តែអកុសល ក្មេងស្រីរងគ្រោះទាំង២នាក់ បានឈ្លក់ទឹកស្លាប់អស់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សពក្មេងស្រីទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES