Saturday, June 28, 2025
Homeសង្គម និងជីវិតច្រៀងបទ «ផឹកស្រាឃើញស្រីស្អាត» ដួលស្លាប់លើឆាកតន្ត្រី

ច្រៀងបទ «ផឹកស្រាឃើញស្រីស្អាត» ដួលស្លាប់លើឆាកតន្ត្រី

ខេត្តសៀមរាប ៖ បុរសជាអ្នកសារព័ត៌មានម្នាក់ បានចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដោយមានការជួបជុំហូបចុក និងពិសាគ្រឿងស្រវឹងខ្លះផង លុះក្រោយមក ក៏បានឡើងទៅលើឆាកតន្ត្រី កុម្មង់បទចម្រៀង «ផឹកស្រាឃើញស្រីស្អាត» ច្រៀង ស្រាប់តែអកុសល ពេលកំពុងច្រៀងបានត្រឹមពាក់កណ្តាលបទ ក៏ដួលផ្ងារក្រោយស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលពេញហាង ទាំងកណ្តាលរាត្រី។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្នុងភោជនីយដ្ឋាន ផ្លាទីនឹមផាលេស ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

បុរសរងគ្រោះខាងលើ មានឈ្មោះខន បូរ៉ា ហៅរ៉ាមោក អាយុ៤៨ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានលំនៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាករើក ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះ បានមកចូលរួមក្នុងពិធីខួបកំណើតមួយដែលប្រារឰធ្វើឡើងនៅក្នុងភោជនីយដ្ឋាន ផ្លាទីនឹមផាលេស ស្ថិតនៅទីតាំងកើតហេតុខាងលើ។ លុះពេលមកដល់ ក្រោយពីហូបចុក និងពិសាគ្រឿងស្រវឹងបន្តិចបន្តួចរួចហើយ ជនរងគ្រោះក៏បានឡើងទៅលើឆាកតន្ត្រី កុម្មង់អ្នកភ្លេងឱ្យប្រគំបទ “ផឹកស្រាឃើញស្រីស្អាត ឬបទនាងថ្ពាល់ក្រហម” ដើម្បីច្រៀងលេង។ លុះពេលកំពុងច្រៀងលេងយ៉ាងសប្បាយបានត្រឹមពាក់កណ្តាលបទ ក៏ស្រាប់តែ ជនរងគ្រោះកើតមានអាការងងឹតមុខ រួចដួលផ្ងារទៅក្រោយទាំងជំហរតែម្តង និងត្រូវបានក្រុមអ្នកភ្លេងម្នាក់នៅក្បែរនោះ ស្ទុះជួយទ្រក្បាល ជនរងគ្រោះជាប់ ប៉ុន្តែជនរងគ្រោះបានបាត់ស្មារតីបាត់ទៅហើយ និងធ្វើឱ្យកើតមានការផ្អើលឆោឡោពេញក្នុងហាងតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ មិត្តភក្តិ និងក្រុមគ្រួសារ បាននាំគ្នាជួយធ្វើចលនាសង្គ្រោះបឋមឱ្យជនរងគ្រោះដែរ តែអកុសល ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

តាមការបញ្ជាក់ប្រាប់ពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានជំងឺបេះដូងរីក ប្រចាំកាយ និងធ្លាប់បានទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ជាច្រើនដងផងដែរ។

សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកសង្រេងយ៉ាងខ្លាំង៕

RELATED ARTICLES