ខេត្តប៉ៃលិន ៖ យុវជន២នាក់ បានទាក់ទងស្នេហាជាមួយនឹងនារីម្នាក់ ស្របពេលដែលខាងស្រី ក៏មានចិត្តលើយុវជនទាំង២នាក់ស្មើគ្នា លុះក្រោយមក អ្នកទាំង៣ ក៏ណាត់ជួបមុខគ្នា ដើម្បីដោះស្រាយបញ្ចប់វិវាទស្នេហាត្រីកោណនេះ និងតម្រូវឱ្យខាងស្រី សម្រេចចិត្តជ្រើសយកតែម្នាក់ប៉ុណ្ណោះ លុះខាងស្រីសម្រេចចិត្តរើសយកយុវជនម្នាក់ ស្រាប់តែយុវជនម្នាក់ទៀត មួម៉ៅក្តៅចិត្តខឹងស្រីអត់ជ្រើសយក ក៏ទាញកាំបិតផ្គាក់កាប់ប្រហារសត្រូវស្នេហារបស់ខ្លួន ១កាំបិត បណ្តាលឱ្យរងរបួសដៃយ៉ាងដំណំ បន្ទាប់មកក៏រត់គេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍អំពើហិង្សា ផ្តើមចេញពីជម្លោះស្នេហាត្រីកោណខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនរងគ្រោះដែលត្រូវគូទំនាស់ក្នុងរឿងស្នេហាកាប់បណ្តាលឱ្យរងរបួស មានឈ្មោះសែម លីហាយ អាយុ២២ឆ្នាំ មុខរបរសិស្ស មានលំនៅបច្ចុប្បន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (រងរបួសដៃខាងឆ្វេង ដេរ២ថ្នេរ)។ ចំណែកជនបង្កហេតុ មានឈ្មោះវិត មុខរបរ មិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ក្នុងភូមិជាមួយគ្នា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះសែម លីហាយ ដោយបានប្តឹងទៅលើឈ្មោះវិត ថាបានកាប់ប្រហារមកលើខ្លួន ចំនួន ១កាំបិត បណ្តាលឱ្យរងរបួសដៃ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រភពដដែល បន្តថា តាមការរៀបរាប់ពីជនរងគ្រោះ បានឱ្យដឹងថា ករណីហិង្សាខាងលើនេះ ផ្តើមចេញពីរឿងរ៉ាវស្នេហាត្រីកោណ រវាងយុវជនពីរនាក់ (ជនបង្កហេតុ និងជនរងគ្រោះ) ស្រឡាញ់ស្រីតែម្នាក់ ខណៈដែលខាងស្រីក៏មានចិត្តស្រឡាញ់យុវជនទាំងពីរនាក់ដូចគ្នា។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ពួកគេទាំង៣នាក់ ក៏បានណាត់ជួបមុខគ្នា ដើម្បីដោះស្រាយវិវាទស្នេហាត្រីកោណនេះឱ្យបានដាច់ស្រេច លុះពេលជួបគ្នា ជនរងគ្រោះនិងជនបង្កហេតុ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង និងតម្រូវឱ្យខាងស្រីសម្រេចចិត្តិជ្រើសយកតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមពួកគេទាំង២នាក់។ ទីបំផុតខាងស្រី ក៏សម្រេចចិត្តជ្រើសយកតែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ដោយសុំរាប់អានជនបង្កហេតុដូចជាបងប្អូន ឬមិត្តភក្តិវិញ ជាហេតុធ្វើឱ្យជនបង្កឆេះឆួលកំហឹងយ៉ាងខ្លាំង រហូតដល់ទប់កំហឹងមិនជាប់ ក៏ស្ទុះទាញកាំបិតផ្គាក់ កាប់ប្រហារទៅលើជនរងគ្រោះដែលជាគូសត្រូវស្នេហារបស់ខ្លួន ចំដៃខាងឆ្វេង ១កាំបិត បណ្តាលឱ្យរងរបួសតែម្តង។
បន្ទាប់ពីកាប់ប្រហារជនរងគ្រោះរួចហើយ ជនសង្ស័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗដែរ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងស្រាវជ្រាវតាមរកជនសង្ស័យដែលបានកាប់ប្រហារជនរងគ្រោះ ហើយរត់គេចខ្លួន ដើម្បីនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕