ភ្នំពេញ ៖ បុរសកំពុងជិះម៉ូតូតាមផ្លូវសុខៗ ក៏មានគេទូរស័ព្ទមក ទើបអែបម៉ូតូឈប់លើចិញ្ចើមផ្លូវ ដើម្បីលើកទូរស័ព្ទ ស្រាប់តែរំពេចនោះ មានរថយន្តកុងតឺន័រ ១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ បោះពួយមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កហេតុ បានបើកចូលការ៉ាស់បាត់ធ្វើព្រងើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចជិតច្រកចូលបុរីសន្តិភាព២ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវរថយន្តកុងតឺន័របុកស្លាប់ មានឈ្មោះសំ វ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទឹកភ្លើង ស្នាក់នៅក្នុងបុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ស្រុកបន្ទាយមាស ខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ចាម 1Y-1834 ធ្វើដំណើរតែម្នាក់ឯង តាមផ្លូវខាងលើ លុះមកដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះ ក៏បានអែបម៉ូតូឈប់ ដើម្បីនិយាយទូរស័ព្ទ ស្រាប់តែអកុសល រំពេចនោះក៏មានរថយន្តកុងតឺន័រ ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បើកក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលមកបុកម៉ូតូជនរងគ្រោះទាំងកំរោល បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ចំណែកម៉ូតូខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្កហេតុ ក្រោយកើតហេតុ បានបើកចូលក្នុងការ៉ាស់បាត់ធ្វើព្រងើយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចអូសយកម៉ូតូទៅរក្សាទុក រង់ចាំស្រាវជ្រាវចាប់រថយន្តបង្កហេតុ មកដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕