ខេត្តសៀមរាប ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបំភ្លឺចំពោះករណីបណ្តាញសង្គម TIK TOK ដែលមានគណនី ឈ្មោះ Douna Chin បាននិយាយបង្ហោះដែលមានខ្លឹមសារថា “ មានខ្សែកាប តកាត់កណ្តាលផ្លូវ មើលមិនឃើញ ជិះបុកផ្តាច់ជាប់ឡាន មិនហ៊ានចុះមើល ស្ងាត់ពេក រហូតដល់ស្វាយធំ បានហ៊ានចុះមើល នៅម្តុំចុះពីកំពង់ក្តី មកសៀមរាប…”។

បន្ទាប់ពីទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់លោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ដើម្បីធ្វើការចុះស្រាវជ្រាវដល់ទីតាំងភូមិសាស្ត្រជាក់ស្តែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។ ជាលទ្ធផល កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យដើមគដែលងាប់មួយដើម រលំសង្កត់លើខ្សែភ្លើងតកាត់ទទឹងផ្លូវរបស់ប្រជាពលរដ្ឋឈ្មោះអ៊ុក ស៊ីខន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលធ្វើឱ្យខ្សែភ្លើងធ្លាក់ចុះមកទាបជាងមុន

ជួននឹងពេលនោះ ចរន្តអគ្គិសនីទូទាំងស្រុកជីក្រែង បានដាច់ ខណៈពេលនោះមានរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរពីភ្នំពេញ មកសៀមរាប (ពីទិសកើត មកទិសលិច) បានទាក់ខ្សែភ្លើង បណ្តាលឱ្យដាច់ខ្សែភ្លើង ជាប់តាមរថយន្ត ។

ចំពោះករណីនេះ ក្រោយពីការស្រាវជ្រាវដ៏ល្អិតល្អន់ របស់សមត្ថកិច្ចមូលដ្ឋានស្រុកជីក្រែង រួចមក គឺពុំមានករណីកើតឡើងដូចម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបង្ហោះនោះទេ ពោលគឺជាឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាល់ឱ្យរលំដើមគ ទៅលើខ្សែភ្លើង ធ្លាក់ចុះទាប ទាក់ជាប់ទៅនឹងរថយន្ត អ្នកធ្វើដំណើរ នៅចន្លោះគីឡូម៉ែត្រលេខ ២៥៧ និងគីឡូម៉ែត្រ២៥៨ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើតែប៉ុណ្ណោះ៕