Saturday, June 28, 2025
Homeសន្ដិសុខសង្គម៣០ដេញកាប់៤ អត់បាន កាប់ម៉ូតូ២គ្រឿងខ្ទេច

៣០ដេញកាប់៤ អត់បាន កាប់ម៉ូតូ២គ្រឿងខ្ទេច

ភ្នំពេញ ៖ យុវជន ៤នាក់ ខណៈកំពុងអង្គុយលេងនៅលើសួនច្បារសុខៗ ស្រាប់តែមានក្មេងទំនើងប្រុសស្រីប្រមាណជាង ៣០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ បានមកដេញកាប់ប្រហារ តែពួកជនរងគ្រោះរត់គេចអស់ ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ ងាកទៅកាប់ម៉ូតូខ្ទេចអស់ចំនួន ២គ្រឿង ហើយពេលភ្លាមៗនោះ ត្រូវសមត្ថកិច្ចដេញតាមឃាត់បានម្នាក់ យកទៅសាកសួរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅក្នុងបុរីឈូកវ៉ា២ ស្ថិតក្នុងភូមិកិត្តិបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូជនរងគ្រោះដែលរងការខូចខាតដោយសារស្នាដៃពួកជនពាលទាំងនោះ ទី១-ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-6199 និង  ទី២-ម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CW-7932។

តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង ៤នាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកខ្លួនបាននាំគ្នាអង្គុយលេងនៅលើសួនកម្សាន្ត ដែលស្ថិតនៅក្នុងបុរីឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខក្រុមក្មេងទំនើងប្រុសស្រី មានគ្នាប្រមាណជាង ៣០នាក់ ជិះម៉ូតូជាង ១០គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ បានមកដេញកាប់ពួកខ្លួនទាំងកំរោល ធ្វើឱ្យពួកខ្លួនភ័យ នាំគ្នារត់ចោលម៉ូតូអស់ ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ ងាកទៅកាប់ម៉ូតូពួកខ្លួន បណ្តាលឱ្យខូចខាតអស់ចំនួន ២គ្រឿងតែម្តង។

ប្រភពដដែល បន្តថា ពេលនោះក្រុមក្មេងទំនើងខាងលើ ក៏បានកាប់យកទាំងស្លាកលេខម៉ូតូថែមទៀត តែត្រូវបានប្រជាការពារសង្កាត់ មកដល់ ទើបពួកជនបង្កហេតុ នាំគ្នាជិះម៉ូតូរត់គេចខ្លួនយ៉ាងប្រសេចប្រសាចពេញផ្លូវ។ ប៉ុន្តែពេលភ្លាមៗនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រមទាំងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានប្រដេញចាប់បក្ខពួកក្រុមក្មេងទំនើងនោះបានម្នាក់ នាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំរោងក្រោម។

បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះទាំង៤នាក់ ខាងលើរួចមក សមត្ថកិច្ចក៏បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ខាងលើ ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES