Saturday, June 28, 2025
Homeសង្គម និងជីវិតបញ្ជូនជនសង្ស័យកាប់ទន្ទ្រានដីព្រៃឡង់២នាក់ ទៅតុលាការ

បញ្ជូនជនសង្ស័យកាប់ទន្ទ្រានដីព្រៃឡង់២នាក់ ទៅតុលាការ

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសហគមន៍ និងប្រជាការពារចាប់ឃាត់ខ្លួន បញ្ជូនឱ្យជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីកាប់ទន្ទ្រានដីព្រៃសហគមន៍ ព្រៃឡង់។

លោកនួន ពិសី នាយករងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ទឹងត្រែង បានបញ្ជាក់ថា ក្រោយពីទទួលបានជនសង្ស័យទាំង២នាក់នេះ មន្ត្រីជំនាញបានរៀបចំកសាងសំណុំរឿង ពាក់ព័ន្ធនឹងករណីកាប់ព្រៃរានយកដី ដោយអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីការការពារ ធនធានធម្មជាតិ បញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកចឹក ម៉ុន ប្រជាការពារភូមិ នៅភូមិក្របីជ្រំ បានបញ្ជាក់ថា នេះជាសកម្មភាពចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការកាប់ទន្ទ្រានដីព្រៃសហគមន៍របស់ប្រជាពលរដ្ឋនៅចំណុចត្រពាំងត្បែង និងត្រពាំងឈ្លីក ដែលស្ថិតនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន។

លោក ចឹក ម៉ុន បានឱ្យដឹងថា ការបង្ក្រាបនេះ កម្លាំងប្រជាសហគមន៍ និងកម្លាំងប្រជាការពារភូមិ ចំនួន២៥នាក់ បានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងដកហូតបានវត្ថុតាងបាន មានដូចជា ម៉ាស៊ីនកាត់ឈើធុនតូច ចំនួន ៧គ្រឿង និងម៉ូតូ ចំនួន ៦គ្រឿង ប្រគល់ជូនទៅសមត្ថកិច្ចជំនាញបន្តអនុវត្តតាមនិតិវិធី។

ប្រជាការពារភូមិ រូបនេះបន្តថា ជនសង្ស័យទាំង២នេះ ទី១-ឈ្មោះយួស សុសកាំរី ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២-ឈ្មោះពូក សាលី ភេទប្រុស អាយុ២០ឆ្នាំ។ អ្នកទាំងពីជាជនជាតិខ្មែអ៊ិស្លាម មានលំនៅមិនពិតប្រាកដ។

គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសហគមន៍ រួមជាមួយប្រជាការពារភូមិឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុកសេសាន៕

RELATED ARTICLES