Saturday, June 28, 2025
Homeសង្គម និងជីវិតក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកលក់គ្រឿងសម្អាងអត់ច្បាប់

ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកលក់គ្រឿងសម្អាងអត់ច្បាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ចំនួន២ កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ឈ្មោះ BLACK SHEEP គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គម ហ្វេសប៊ុក មានគណនីចំនួន២ ៖ ១-Black Sheep By Bolla និង២-Bolla កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ឈ្មោះ BLACK SHEEP គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ឬប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្របញ្ជិកា និងប្រវេទន៍ត្រឹមត្រូវ គឺមាន ២ផ្នែក ១-ផ្នែកខាងលើ មានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ឬប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើ ជាបន្តទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងចែកចាយឬលក់នូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 012 562 446 ៕

RELATED ARTICLES