ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានដាក់ស្លាកវាយដោយកុំព្យូទ័រ បិទខាងមុខផ្ទះរបស់ខ្លួន ដោយដាក់អក្សរធំៗថា “ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ” ព្រមទាំងដាក់លេខទូរស័ព្ទរបស់ខ្លួនជាប់នឹងស្លាកនោះថែមទៀតផង បន្ទាប់មក ក៏បានថតបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក ធ្វើឱ្យមានការភ្ញាក់ផ្អើល និងចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ទីបំផុតត្រូវបានសមត្ថកិច្ច កោះហៅឱ្យចូលខ្លួនទៅបំភ្លឺ ជុំវិញទង្វើរបស់ខ្លួន។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានការចែករំលែកនូវរូបភាពដែលវាយដោយកុំព្យូទ័រ ដាក់នៅខាងមុខផ្ទះមួយ ស្ថិត

នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានខ្លឹមសារថា “ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ” ដែលនៅលើនោះ មានសរសេរលេខទូរស័ព្ទ របស់អ្នកសរសេរស្លាក ទុកឱ្យធ្វើការទំនាក់ទំនងថែមទៀតផង។

ពេលឃើញរូបភាពនិងខ្លឹមសារដូច្នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យផែនការងារនគរបាលសណ្តាប់ធ្នាប់រួមគ្នាជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការ ស្រាវជ្រាវជាបន្ទាន់ចំពោះខ្លឹមសារនេះ។

រហូតមកដល់វេលាម៉ោង ៣រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ដែលអះអាងថា រូបគាត់ជាអ្នកសរសេរខ្លឹមសារខាងលើ ដាក់នៅមុខផ្ទះនោះ បានចូលខ្លួនមកបំភ្លឺ ដោយបញ្ជាក់ថា គាត់មានឈ្មោះសេង ហឺ អាយុ៧២ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានតួនាទីជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង។

នៅពេលធ្វើការសាកសួរអំពីមូលហេតុដែលរូបគាត់បានសរសេរខ្លឹមសារបែបនេះ លោកសេង ហឺ បានរៀបរាប់ថា គាត់សរសេរខ្លឹមសារបែបនេះ និងដាក់លេខទូរស័ព្ទគាត់នៅទីនោះផង គឺដើម្បីចង់ឱ្យសមត្ថកិច្ចនគរបាល កោះអញ្ជើញរូបគាត់មកធ្វើការសាកសួរ អំពីមូលហេតុដែលគាត់បានសរសេរ។
បុរសដដែលបន្តថា រូបគាត់សរសេរនេះ មិនមានបំណងអាក្រក់ណាមួយចំពោះមន្ត្រីនគរបាលចរាចរណ៍ទេ តែគាត់ចង់មានសំណូមពរដូចខាងក្រោម ៖

១- សូមឱ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅមកនៅលើស្ពានខាងមុខសាលាខេត្តបាត់ដំបង ជាធម្មតា ព្រោះសព្វថ្ងៃស្ពានទាំងពីរនោះ អនុញ្ញាតឱ្យធ្វើដំណើរជាផ្លូវ (ឯកទិស)។
២- សូមឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចលើដងផ្លូវ ដែលជួបទំនាក់ទំនងជាមួយមហាជនទូទៅ សូមបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ អាកប្បកិរិយាល្អ ពាក្យសំដីរួសរាយរាក់ទាក់ និងសុំឱ្យអនុគ្រោះលើកលែងចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ តែមិនមានប្រាក់បង់សម្រាប់ការផាកពិន័យ។
៣- សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំងអស់គ្នា ចៀសវាងនូវកំហុសឆ្គងដែលនាំទៅដល់ការផាកពិន័យ ព្រោះបើអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ដោយត្រឹមត្រូវ ហើយនោះ ពិតជាមិនមានកំហុសនោះទេ ហើយបើមិនមានកំហុស សមត្ថកិច្ចនគរបាល ក៏មិនអាចធ្វើការផាកពិន័យបានដែរ។
ពេលសមត្ថកិច្ចបានជួបធ្វើការសាកសួរ រូបគាត់បានធ្វើការបំភ្លឺ និងលើកនូវសំណូមពរដូចខ្លឹមសារខាងលើរួចហើយ បុរសឈ្មោះ សេង ហឺ បានដកចេញនូវស្លាកអក្សរដែលបានសរសេរនោះចេញវិញ ហើយបានលុបចោលនូវខ្លឹមសារឃ្លីបវីដេអូ ដែលក្រុមគ្រួសារគាត់បានផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនថា ពីពេលមុន រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែងតែរំលឹកដាស់តឿនជាប់ជាប្រចាំ ចំពោះមន្ត្រីនគរបាលទាំងអស់ ដែលបំពេញភារកិច្ច ហើយមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សូមរក្សាឱ្យបាននូវពាក្យសម្តី អាកប្បកិរិយា សីលធម៌ឱ្យបានល្អ សក្តិសមជាមន្ត្រីអនុវត្តច្បាប់ អនុវត្តនូវជំនាញវិជ្ជាជីវៈនគរបាលជាតិ ធ្វើយ៉ាងណាកុំឱ្យបង្កនូវគុណវិបត្តិដល់មហាជន ក៏ប៉ុន្តែទោះបីជាថ្នាក់ដឹកនាំលោកជំរុញដឹកនាំ រំលឹកជាប្រចាំយ៉ាងណាក្តី យូរៗម្តង បានកត់សម្គាល់ឃើញថា នៅមានបញ្ហាអសកម្មដែលលេចឡើងពីមហាជន ដោយសារមន្ត្រីនគរបាលមួយចំនួនតូច អនុវត្តមិនទាន់បានល្អប្រសើរនៅឡើយ ដែលបញ្ហានេះថ្នាក់ដឹកនាំនៅតែបន្តខិតខំអប់រំណែនាំបន្ថែមទៀត ឬករណីដែលមិនមានការកែប្រែនោះ ថ្នាក់ដឹកនាំនឹងចាត់វិធានការស្របតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ចំពោះមន្ត្រីនគរបាលរូបនោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំឱ្យមានការភាន់ច្រឡំដោយប្រការផ្សេងចំពោះករណីខាងលើនេះ ជាមួយនេះក្នុងនាមថ្នាក់ ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមទទួលយកនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋាននានាដែលបានលើកឡើងក្នុងបំណងកែលម្អ ស្ថាបនា ធ្វើយ៉ាងណាឱ្យកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាល កាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ស្របតាមជំនាញវិជ្ជាជីវៈ និងច្បាប់ជាធរមាន៕