Friday, June 27, 2025
Homeសន្ដិសុខសង្គមពលរដ្ឋចោទវ៉ៃកញ្ចក់ឡាន ប៉ូលិសបំភ្លឺ

ពលរដ្ឋចោទវ៉ៃកញ្ចក់ឡាន ប៉ូលិសបំភ្លឺ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹងករណីមានគណនីហ្វេសប៊ុកមួយ ឈ្មោះ Pheach Sopheak បានសរសេរថា “ហួសចិត្តប៉ូលិសចរាចរណ៍វាយកញ្ចក់ឡានខ្ញុំ” ដោយបញ្ជាក់ថា តាមពិត អ្នកបើកបររថយន្តរូបនោះ បើកបំពានស្តុប និងថែមទាំងបុកសមត្ថកិច្ចឲ្យរងរបួសទៀតផង។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមពិតជាក់ស្តែង បុគ្គលម្នាក់នោះ មិនត្រឹមតែបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រីដែលកំពុងជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ តែបុគ្គលម្នាក់នេះបែរជាមិនព្រមឈប់

ហើយបើកបរបន្ថែមល្បឿនដោយបានបុកសមត្ថកិច្ចចរាចរណ៍ដែលកំពុងឈរសម្រួលចរាចរណ៍ នៅគោលដៅផ្លូវ២០០៤ ណតប្រ៊ីដ កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បង្កឲ្យមន្ត្រីរងរបួសត្រង់ដៃទៀតផង។

ជនបង្កហេតុនេះ បើកបរល្មើសច្បាប់ មិនឈប់តាមការបញ្ជាបស់មន្ត្រីចរាចរណ៍ ថែមទាំងបុកមន្ត្រីអនុវត្តច្បាប់ឱ្យរងរបួសត្រង់ដៃ ថែមទាំងបើករត់គេច ហើយផុសព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។

ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកបុគ្គលល្មើសច្បាប់ម្នាក់នេះ ដើម្បីឱ្យចូលខ្លួនមកអនុវត្តតាមច្បាប់៕

RELATED ARTICLES