Friday, June 27, 2025
Homeសង្គម និងជីវិតជិតចូលរោងការ កូនកំលោះស្លាប់ កូនក្រមុំទួញយំឱបសព

ជិតចូលរោងការ កូនកំលោះស្លាប់ កូនក្រមុំទួញយំឱបសព

ភ្នំពេញ ៖ បុរសជាគ្រូពេទ្យទាហានម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ ក៏រៀបចំផ្ទះសំបែងទុកសម្រាប់រៀបចំពិធី ស្រាប់តែអកុសល ក៏ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យនារីជាកូនក្រមុំ ទួញយំបោកខ្លួន ឱបសពមិនលែង ដោយសារតែស្រណោះអាល័យអនាគតស្វាមី។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះយឺ តារា អាយុ៣២ឆ្នាំ មុខរបរជាគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ ពេទ្យយោធា មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំផ្ទះសំបែងរបស់ខ្លួន ដើម្បីត្រៀមរៀបចំពិធីមង្គលការរបស់ខ្លួនដែលកំពុងខិតជិតមកដល់ទៅហើយ។ ណាមួយដោយសារនៅខាងមុខផ្ទះជនរងគ្រោះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងខាងជំនាញសាធារណការបានធ្វើការពង្រីកផ្លូវ ឈូសឆាយថ្មសាប និងកាត់សំយាបផ្ទះខាងមុខផង ទើបជនរងគ្រោះត្រូវរៀបចំធ្វើឡើងវិញតែម្នាក់ឯង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានដាក់ជណ្ដើរដែក ដើម្បីឡើងទៅបាញ់វីសស័ង្កសីដំបូលសំយាបខាងមុខផ្ទះ ដែលទើបកាត់រួច ស្រាប់តែអកុសល ជើងជណ្តើររខាងក្រោមបានសង្កត់ពីលើខ្សែភ្លើងដែលដាច់រលាត់ ទើបធ្វើឲ្យឆ្លងចរន្ត ឆក់ជនរងគ្រោះបណ្ដាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះខាងលើ គឺជាកូនពៅ ក្នុងចំណោមបងប្អូនបង្កើតចំនួន ៦នាក់ មានឪពុកឈ្មោះអ៊ូច យឺ ជាបុរសពោះម៉ាយ ចំណែកម្តាយជនរងគ្រោះ បានទទួលមរណភាពក្រោយពីសម្រាលជនរងគ្រោះបាន ១ខែកន្លះ ហេតុនេះ ជនរងគ្រោះត្រូវបានម្តាយចិញ្ចឹមឈ្មោះសាន ហៀង ជាអ្នកបីបាច់ថែរក្សារហូតមក។

អ្វីដែលកាន់តែសង្វេគថែមទៀតនោះ គឺជនរងគ្រោះ ជិតដល់ថ្ងៃចូលរោងការទៅហើយ ដោយពិធីមង្គលការជនរងគ្រោះ គ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ស្រាប់តែអកុសល ជនរងគ្រោះបែរជាមកជួបគ្រោះអកុសលត្រូវបាត់បង់ជីវិតបែបនេះទៅវិញ ធ្វើឲ្យនារីជាកូនក្រមុំ តក់ស្លុតរន្ធត់ចិត្ត ទទួលយកសឹងមិនបាន៕

RELATED ARTICLES