Friday, June 27, 2025
Homeសង្គម និងជីវិតក្រសួងសុខាភិបាល ណែនាំការពារការចម្លងកូវីដ-១៩ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២

ក្រសួងសុខាភិបាល ណែនាំការពារការចម្លងកូវីដ-១៩ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ដែលនឹងចូលមកដល់ នាពេលដ៏ខ្លីខាងមុខ។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសនិងផ្លូវក្រោមដី ចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២២ នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាព សាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ថា ក្រសួងសូមធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាព រួមទាំងការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២ នេះ ប្រកបដោយសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ។ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ផាប់ខ្ផួន និងគ្រប់ៗគ្នា នូវវិធានការដូចខាងក្រោមនេះ ៖

៣ការពារ ៖

១). ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃទៅប៉ះផ្ទៃមុខនៃម៉ាស់ ឬទាញម៉ាស់ដាក់ក្រោមចង្កា និងត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម។

២). លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ក្នុងរយៈពេល ៤០វិនាទី ឬជាមួយអាល់កុល ដែលមានរយៈពេល២០វិនាទី។

៣). រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ៖ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពបុគ្គលនេះ បើទោះបីជាបងប្អូន សមាជិកគ្រួសារ ឬសាច់ញាតិ ដែលពួកគាត់មានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីលោកអ្នក ឬក៏មិត្តភក្តិជិតស្និទ្ធក៏ដោយ។

៣កុំ ៖

១). កុំទៅកន្លែងមានមនុស្សច្រើន និងកន្លែងណែនកុះករកៀកៗគ្នា ក្នុងន័យនេះ រាប់ទាំងការជួបជុំពិសារអាហារជាលក្ខណៈគ្រួសារ ជាមួយសាច់ញាតិដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬមិត្តភក្តិជិតស្និទ្ធ ក្នុងទ្រង់ទ្រាយធំច្រើនគ្នាពេក ជាដើម។

២). កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ឬប្រើម៉ាស៊ីនត្រជាក់ច្រើន។

៣). កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ពេលជួបភ្ញៀវ សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬមិត្តភក្តិជិតស្និទ្ធ ជាដើម។

ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា នៅក្នុងបរិបទដែលប្រទេសកម្ពុជាយើងបាននិងកំពុងបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចនិងសង្គម ទោះបីជាស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា មានការថមថយ និងទោះបីជាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានអត្រាគ្រប់ដណ្តប់ខ្ពស់ក៏ដោយ ក៏សូមឱ្យបុគ្គលគ្រប់រូប ក្រុមគ្រួសារ និងអ្នកគ្រប់គ្រង ព្រមទាំងម្ចាស់ទីតាំងទាំងអស់ បន្តអនុវត្តការការពារការចម្លងជំងឺ ដោយ ៖

១- លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩

– ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែលមានរោគសញ្ញាណាមួយ ដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍។

– សូមរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន រៀបចំទីតាំងផ្តល់សេវាធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការធ្វើតេស្តដោយខ្លួនឯង។

– សូមរាយការណ៍នូវភាពវិជ្ជមានកូវីដ-១៩ របស់បុគ្គល ជូនក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

២. នៅក្នុងទីអារាម ត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ៖

អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មាធិការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាល (មានដូចខាងក្រោមនេះ) បង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទដែលចេញ-ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដូចតទៅ ៖

– អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ត្រូវពាក់ម៉ាស់ ជាចាំបាច់ និងជាប្រចាំ។

– រៀបចំមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃឱ្យបានញឹកញាប់។

– ធ្វើការវាស់កម្តៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកអាល់កុលជែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យមានការធ្វេសប្រហែស នៅមុខច្រកចេញ-ចូល ខ្លោងទ្វារនីមួយៗ។

– កំណត់នូវចំនួនពុទ្ធបិរស័ទដែលត្រូវអនុញ្ញាតឱ្យចូលតាមវេន ឬតាមក្រុមតូចៗ ទៅក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ទៅតាមទំហំនៃវត្តអារាម វិហារ សាលាឆាន់ និងកុដិ ដោយលៃយ៉ាងណាកុំឱ្យមានមនុស្សច្រើនកកកុញ និងចាត់ចែងឱ្យមានគម្លាតសុវត្ថិភាព បុគ្គល ដោយរក្សាគម្លាតពីគ្នា លើសពីមួយម៉ែត្រកន្លះឡើង ទោះដើរ អង្គុយ ឈរ ឬវេរចង្ហាន់ និងទេយ្យទាន ពីបុគ្គលម្នាក់ទៅម្នាក់ ដោយបែងចែកវេន ដោយមានថេរវេលាកំណត់នៅក្នុងការចេញ-ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយួៗ។

– ព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់គ្នា ត្រូវពាក់ម៉ាស់ជាប្រចាំគ្រប់ពេល លើកលែងតែពេលឆាន់ ឬបរិភោគអាហារតែប៉ុណ្ណោះ តែត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។

– សម្រាប់បុគ្គលដែបានប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃរួចហើយ ត្រូវឱ្យចេញភ្លាមៗពីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ កុំនៅបង្អែរបង្អង់យូរ ដើម្បីចូលរួមកាត់បន្ថយបានជាអតិបរិមានូវការស្ទះកកកុញដែលជាឱកាសនៃការចម្លងវីរុសកូវីដ-១៩ និងដើម្បីទុកពេលនិងកន្លែងឱ្យបុគ្គលដទៃទៀត បានចូលទៅប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃ ជាបន្តបន្ទាប់។

– សូមរក្សាទុកតែព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទមួយចំនួនណានោះ ដោយផ្អែកលើគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើងទៅ សម្រាប់សូត្រព្រះធម៌ វេរចង្ហាន់ បង្សុកូល និងឧទ្ទិសកុសលជូនដល់មាតាបិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណភាពទៅហើយនោះ ជា កិច្ចបញ្ចប់ពិធីសូត្រព្រះធម៌។

– ត្រូវរៀបចំចង្ហាន់ សម្រាប់ព្រះសង្ឃមួយអង្គៗ ដាច់ពីគ្នា ចៀសវាងការឆាន់រួមគ្នា និងរក្សាគម្លាតសុវត្ថិភាពពីព្រះសង្ឃមួយអង្គ ទៅមួយអង្គ មួយម៉ែត្រកន្លះឡើង។

– ចំពោះដូនជី តាជី និងពុទ្ធបរិស័ទតេមួយចំនួនដែលពិសាអាហារនៅក្នុងវត្ត បន្ទាប់ពីបញ្ចប់ការសូត្រព្រះធម៌ វេរចង្ហាន់ បង្សុកូល និងឧទ្ទិសកុសលជូនដល់មាតាបិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណភាពទៅហើយនោះ ត្រូវរៀបចំការបរិភោគដាច់ដោយឡែកៗពីគ្នា ជាមួយការរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ មួយម៉ែត្រកន្លះឡើង។

– ពិនិត្យ តាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយ ដែលកើតមានជាក្រុម ឬជំងឺសង្ស័យឆ្លងរាតត្បាតផ្សេងៗ។

– អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ផាប់ខ្ផួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ និងការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ កុំច្របូកច្របល់ ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យមានការអនុវត្តវិធានការការពារខ្លួន ស្របតាមរបត់នៃ “ការរស់នៅធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដោយប្រកាន់យកនូវការអនុវត្តវិធីការពារខ្លួន គឺ ៣ការពារ និង៣កុំ។

៣. ការជួបជុំគ្រួសារ ឬដំណើរកម្សាន្ត ៖

– សូមជ្រើសរើសការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួបជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថា ការធ្វើដំណើរនោះប្រកបដោយសុវត្ថិភាព ពិការចម្លងវីរុសកូវីដ-១៩ ឬពីជំងឺឆ្លងផ្សេងៗ និងអនុវត្តវិធី ការពារខ្លួន គឺ ៣ការពារ និង៣កុំ ក្នុងអំឡុងពេលមានការធ្វើដំណើររួមគ្នា ការបរិភោគអាហារ ឬច្រៀងរាំរួមគ្នាជាដើម។

– សូមគិតថា ការជួបជុំគ្នាច្រើនពេក ជាកត្តាហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ទោះបីជាអ្នកគិតថា សុទត្ធែបងប្អូនបង្កើត បងប្អូនជីដូនមួយ ជីទួតមួយ ក្មួយៗ អ៊ំ ពូ មីង ដែលជាសាច់ញាតិក៏ដោយ ពីព្រោះយើងមិនដឹងថា បុគ្គលណាម្នាក់បានទៅប៉ះពាល់ ឬមានវីរុសកូវីដ-១៩ ឬមានជំងឺឆ្លងនោះទេ។

– ត្រូវខ្ទប់មាត់ និងច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ក្រមា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។

៤. ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ៖

– ចៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈ ដែលមានផ្ទុកមនុស្សច្រើន

– បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកអាល់កុលជែល សម្រាប់លាងដៃ។

– ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព

– សម្រាប់អ្នកបើកបរ ត្រូវ ៖

. ចំពោះក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវការដឹកជញ្ជូនអ្នកដំណើរដោយរៀបចំកន្លែងអង្គុយ ក្នុងគម្លាតមួយម៉ែត្រកន្លះពីគ្នា និងដាក់ចំនួនអ្នកដំណើរនៅក្នុងបរិបទរក្សាគម្លាតសុវត្ថិភាព និងបើកបង្អួចរថយន្ត ឱ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

. ឱ្យអ្នកដំណើរពាក់ម៉ាស់ជាចាំបាច់ និងបើមានការក្អក ឬកណ្តាស់ ត្រូវណែនាំឱ្យខ្ទប់មាត់ និងច្រមុះ និងកុំដោះម៉ាស់ចេញ ដើម្បីចៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងវីរុសកូវីដ-១៩ ផងដែរ។

. ត្រូវសម្អាតរថយន្តជាប្រចាំ ដោយប្រើទឹកសាប៊ូ ឬជូតអាល់កុលនៅតាមធ្នាក់កៅអី និងកន្លែងដែលមនុស្សបានប៉ះពាល់ ឱ្យបានជាប្រចាំ។

. ម្ចាស់រថយន្ត ត្រូវមានទឹកអាល់កុល ឬអាល់កុលជែលលាងដៃ ឱ្យអ្នកដំណើរលាងដៃ មុនពេលឡើងលើរថយន្ត ដោយហ្មត់ចត់ និងខ្ផាប់ខ្ផួន។

. ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញាដូចជា គ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើម ជាដើម ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចទៅមន្ទីរពេទ្យរដ្ឋ ដើម្បីត្រួតពិនិត្យសុខភាព។ អ្នកបើកបរមានហានិភ័យខ្ពស់ ដោយសារតែការជួបជាមួយមនុស្សច្រើន ដូច្នេះ ត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងមេរោគផ្សេងៗ និងត្រូវពាក់ម៉ាស់ជាប់ជានិច្ច ក្នុងពេលបើកបរ និងរាល់ពេលបម្រើសេវាដល់អតិថិជនរបស់ខ្លួន។

. ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ និងមិនត្រូវប្រើគ្រឿងស្រវឹង និងគ្រឿងញៀន នៅពេលបើកបរ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ ដោយសារការបើកបរលឿនពេក ឬបើកបរមិនមានសុវត្ថិភាព។

. ចៀសវាងការពុលចំណីអាហារ ឬស្រា-ស ដោយអនុវត្តអនាម័យចំណីអាហារស្អាត និងមិនត្រូវយកសារធាតុមេតាណុល មកលាយធ្វើជាស្រា-សនោះឡើយ។

៥. បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច

– ពាក់ម៉ាស់ជាប្រចាំ ក្នុងពេលចាំបាច់ចេញក្រៅផ្ទះ។

– ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុល ឬទឹកអាល់កុលជែល ឱ្យបានញឹកញាប់ជាប្រចាំ។

– ត្រូវខ្ទប់មាត់ និងច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ក្រមា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។

– ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល។

– បុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម មិនត្រូវរួមដំណើរ ជួបជុំគ្នាច្រើន ឬបើមានការចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំង មានអ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ប្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះ នៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨…៕

RELATED ARTICLES