ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានយកក្មេងស្រីៗរស់នៅក្នុងភូមិជាមួយគ្នាចំនួន២នាក់ ឱ្យមកធ្វើការងារបម្រើនៅក្នុងផ្ទះរបស់ខ្លួន លុះក្រោយ មកក៏បែកគំនិត លួងលោមរួមភេទជាមួយក្មេងស្រីទាំង២នាក់ រហូតដល់បានសម្រេចជាច្រើនលើកច្រើនសារអស់រយៈពេលជាង១ឆ្នាំ រហូតដល់ ឪពុកម្តាយក្មេងស្រី សង្កេតឃើញកូនស្រីរបស់ខ្លួនហាក់មានអាការប្លែក បែកសាច់ធំលឿនខុសប្រក្រតី ក៏ឈ្លេចសួរនាំ ទើបកូនក្រមុំដាច់ចិត្តទម្លាយ រឿងប្រាប់ឪពុកម្តាយ និងឈានដល់ការដាក់ពាក្យបណ្តឹងចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីចំនួន២នាក់ខាងលើនេះ បានកើតឡើង អស់រយៈពេលប្រមាណ១ឆ្នាំមកហើយ នៅចំណុចផ្ទះរបស់ ជនសង្ស័យ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ទើបរឿងរ៉ាវ បានបែកធ្លាយ និងត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនឈ្នួលស្រីរបស់ខ្លួនចំនួន២នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជុន ប្រុស ហៅញ៉ាញ់ អាយុ២៩ឆ្នាំ មុខរបរជាអ្នករកលុយតាមយូធូប បច្ចុប្បន្នរស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ ចំណែកក្មេងស្រីរងគ្រោះ ទាំង២នាក់ រួមមាន ទី១-ឈ្មោះខ.ខ.ច អាយុ១៤ឆ្នាំ ទី២-ឈ្មោះព.ណ.វ អាយុ១៤ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំងពីរ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយ ជនសង្ស័យ ដោយធ្វើការងារជាកូនឈ្នួលបម្រើផ្ទះជនសង្ស័យ និងមានលំនៅក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទពីឈ្មោះឡាន ហាន់ បានរាយការណ៍ថា មានករណីបុរសម្នាក់ជាអ្នកបង្កើតវីដេអូរកលុយតាមយូធូប បានរំលោភ សេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះចំនួន២នាក់ ដែលត្រូវជាកូន និងក្មួយរបស់ខ្លួន ស្ថិតនៅចំណុចភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅធ្វើជាកូនឈ្មួល ដើម្បីដាំបាយធ្វើម្ហូបឱ្យជនសង្ស័យ អស់រយៈពេល ជាង១ឆ្នាំមកហើយ។ ក្រោយមក ជនសង្ស័យ បានលួងលោមក្មេងស្រីទាំងពីរនាក់ យកទៅរួមភេទបានសម្រេចជាច្រើនលើកច្រើនសារ រហូតដល់ ក្រោយមកក្មេងស្រីទាំងពីរនាក់ ចេះតែមានអាការៈខុសប្លែកពីធម្មតា ដែលធ្វើឱ្យឪពុកម្តាយ និងអ្នកភូមិមានការឆ្ងល់សង្ស័យ ព្រោះនាងបែកសាច់ ធំលឿនខុសពីក្មេងដទៃ ទើបនៅថ្ងៃថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានហៅកូន និងក្មួយស្រីទាំង២នាក់ មកសួរនាំ ទើបក្មេងស្រីទាំង២នាក់ បានទម្លាយរឿងរ៉ាវប្រាប់អស់គ្មានសល់ ថាពួកនាង ត្រូវបានជនសង្ស័យជាម្ចាស់ផ្ទះលួងលាមផង សម្លុតគំរាមផង ចាប់រំលោភរហូតដល់បានសម្រេចជាច្រើនដងមកហើយ។
បន្ទាប់ពីស្តាប់លឺសម្តីកូន និងក្មួយស្រីរៀបរាប់ប្រាប់បែបនេះ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រួសារ ក៏បានដាកពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ មកសួរនាំតែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ធ្វើការចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។/