ខេត្តសៀមរាប ៖ បុរសម្នាក់ បានដាក់សាកទូរស័ព្ទចោលនៅលើពូក រួចក៏ដេកលង់លក់ទៅ ស្រាប់តែដល់វេលារំលងអធ្រាត្រ ក៏កើត មានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បណ្តាលឱ្យរងរបួសរលាកយ៉ាងធ្ងន់ តែសំណាងល្អជនរងគ្រោះប្រឹងរត់គេចចេញពីភ្នក់ភ្លើងទាន់ តែយ៉ាងណា ផ្ទះទាំងមូល ត្រូវបានភ្លើងឆាបឆេះខ្ទេចអស់គ្មានសល់ គិតជាទំហំនៃការខូចខាតអស់ប្រមាណ១០ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ផាក់ប្រាប់ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង ស្ថិតនៅក្រុមទី ៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដែលមានម្ចាស់ផ្ទះ ឈ្មោះហួង ព្រហ្ម ស៊ីថា ភេទ ប្រុស អាយុ ៦១ ឆ្នាំ មុខរបរនៅផ្ទះ។

ហេតុការណ៍នេះ បណ្តាលឱ្យខូចខាត ផ្ទះមួយខ្នង ទាំងស្រុង ទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដំបូលស័ង្កសី សរុបមាន៦បន្ទប់ ដោយមានជាន់ក្រោម៤បន្ទប់ និងខាងលើ២បន្ទប់។ ក្នុងនោះ នៅជាន់ក្រោម ជួលឱ្យគេ៣បន្ទប់។

ប្រភពដដែលបន្តថា ផ្ទះខាងលើ មានអ្នកស្នាក់នៅចំនួន៥គ្រួសារ ដោយមានមនុស្ស១១នាក់ (ស្រី៥នាក់) ក្នុងនោះ អ្នកជួលបន្ទប់ ស្នាក់នៅ មាន៣គ្រួសារ (ប្រុស៤នាក់ ស្រី២នាក់)។ របួស កូនម្ចាស់ផ្ទះម្នាក់ ឈ្មោះព្រហ្ម វឌ្ឍនា ភេទ

ប្រុស អាយុ២៦ឆ្នាំ ជាអ្នកលក់គ្រឿង បន្លាស់ទូរស័ព្ទដៃ ស្នាក់នៅបន្ទប់ខាងលើម្នាក់ឯង ក្នុងបន្ទប់កើតហេតុ បណ្តាលឱ្យរបួសដៃទាំងសងខាង និងមុខ ត្រង់ចង្កា បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

មូលហេតុ តាមការសន្និដ្ឋានដំបូង គឺឆ្លងចរន្តអគ្គីសនី ចេញពីឆ្នាំងសាកទូរសព្ទ ដែលទុកនៅលើ គ្រែពូក របស់កូនប្រុសម្ចាស់ផ្ទះ។ ប្រភពបានបញ្ជាក់ទៀតថា ក្នុងអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យឆេះផ្ទះ របស់ពលរដ្ឋនោះ មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំនួន៣គ្រឿង ពន្លត់អស់ទឹកទាំង៣ឡាន។

តាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ បានបង្កការខូចខាតគិតជាទឹកប្រាក់ ប្រមាណជាង ១០ ម៉ឺនដុល្លារ។/