ខេត្តកំពង់ស្ពឺ ៖ ក្រុមមុខសញ្ញាបងធំប្រចាំភូមិ ចំនួន៥នាក់ បានលើកគ្នាទៅកាប់ប្រហារបុរសម្នាក់ បណ្តាលឱ្យរងរបួស ទីបំផុតត្រូវសមត្ថកិច្ចចេញអន្តរាគមន៍ចាប់ក្របួចជាប់ទាំង ៥នាក់ នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបក្រុមទំនើងប្រចាំភូមិខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រែធ្លក ឃុំរកាកោះ ស្រុកគងពិសី។

ក្រុមទំនើងទាំង ៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ រួមមាន ទី១-ឈ្មោះសាន រាជ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំវាល ស្រុកគងពិសី។ ទី២-ឈ្មោះហែម ណុច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំវាល ស្រុកគងពិសី។ ទី៣-ឈ្មោះរី ចាន់ចាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី។ ទី៤-ឈ្មោះង៉ែត ភ័ណ្ឌ ភេប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងកន្ថោ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី៥-ឈ្មោះវ៉ាន់ សុខរ៉ា ហៅបាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ចំណែកជនរងគ្រោះ មានឈ្មោះទន់ សត់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ជនបង្កហេតុឈ្មោះសារាជ និងឈ្មោះហែម ណុច បានជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ទឹកប្រាក់ គ្មានពាក់ស្លាកលេខ ទៅកាប់ជនរងគ្រោះឈ្មោះទន់ សត់ បណ្តាលឱ្យរងរបួសចំដៃខាងស្តាំ (របួសស្រាល) រួចក៏ត្រូវសាច់ញាតិជនរងគ្រោះនាំគ្នាដេញតាមចាប់ខ្លួន ពេលនោះក្រុមជនបង្កហេតុបានរត់ចោលម៉ូតូ។

ក្រោយមក សាច់ញាតិជនរងគ្រោះបានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោះ ហើយក៏មានសមត្ថកិច្ចចុះមកដល់កើតកន្លែងហេតុ ដើម្បីធ្វើកំណត់ហេតុ ស្រាប់តែរំពេចនោះ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃដដែល ក៏មានក្រុមជនបង្កហេតុ ៥នាក់ ជិះម៉ូតូ ២គ្រឿង ទៅកន្លែងកើតហេតុ ក្នុងនោះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ឡើងស៊េរីឆ្នាំ២០២២ ជិះគ្នា៣នាក់ ឈ្មោះសាន រាជ កាន់ពូថៅ និងកាំបិតប៉័ងតោ

ឈ្មោះរី ចាន់ចាវ កាន់កាំបិតផ្គាក់ និងឈ្មោះង៉ែត ភ័ណ្ឌ កាន់ដាវ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា គុបមូល ស៊េរីចាស់ បានជិះតាមមកក្រោយ ជិះដោយឈ្មោះហែម ណុច និងឈ្មោះវ៉ាន់ សុខរ៉ា ហៅបាន បម្រុងមកបង្ករឿងកាប់ទៀត តែពេលនោះ ឃើញសមត្ថកិច្ចនៅកន្លែងកើតហេតុដែរ ទើបក្រុមជនបង្កហេតុ បានជិះម៉ូតូគេចខ្លួន បន្ទាប់មកត្រូវបានកម្លាំងអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍ព្រៃញាតិ ប៉ុស្តិ៍រកាកោះ និងប៉ុស្តិ៍ពេជ្រមុនី ដេញស្ទាក់ឃាត់បានជនបង្កហេតុទាំង៥នាក់ខាងលើ។
ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រុមជនបង្កហេតុខាងលើ ក៏បានដកហូតវត្តុតាង រួមមាន ម៉ូតូ ចំនួន ៣គ្រឿង កាំបិតប៉័ងតោ ចំនួន ១ដើម ដាវ ១ដើម កាំបិតផ្គាក់ ១ដើម និងពូថៅ ១ដើម។
ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕