Friday, June 27, 2025
Homeសន្ដិសុខសង្គមគំនុំស្នេហ៍ត្រីកោណ ស្ទាក់កាប់ខ្ទេចគូទ

គំនុំស្នេហ៍ត្រីកោណ ស្ទាក់កាប់ខ្ទេចគូទ

ខេត្តស្វាយរៀង ៖ បុរសជាបុគ្គលិកកាស៊ីណូ ចំនួន២នាក់ ធ្លាប់មានជម្លោះរឿងស្នេហាត្រីកោណជាមួយគ្នា តាំងពីមុនមក រហូតធ្វើឱ្យចងគំនុំក្នុងចិត្ត លុះឃើញឱកាសល្អ ភាគីម្ខាងក៏ធ្វើសកម្មភាពស្ទាក់កាប់គូទំនាស់របស់ខ្លួនជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ពិសេសត្រង់គូទ រួចក៏រត់គេចខ្លួនបាត់។

ហេតុការណ៍អំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចហាងផឹកស៊ីយីហោ ស៊ុប និងសាច់អាំង (ផ្សាររាត្រី) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគូទំនាស់ស្ទាក់កាប់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះង្វៀង ថេវៀត អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ម៉ុកបាយ ធ្វើការនិងស្នាក់នៅក្រុងបាវិត និងមានស្រុកកំណើតនៅភូមិ៧ ឃុំយានជុង ស្រុកថេវៀត ខេត្តង៉េអាន ប្រទេសវៀតណាម (រងរបួសត្រូវចំដៃ កំភួនជើង និងគូទ ជាច្រើនកាំបិត)។    ចំណែកជនដៃដល់ដែលបានរត់គេចខ្លួនបាត់ មានឈ្មោះង្វៀង កឿង មុខរបរបុគ្គលិកកាស៊ីណូ ម៉ុកបាយ។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា កន្លងមក ជនរងគ្រោះ និងជនដៃដល់ គឺជាមិត្តភក្តិនឹងគ្នា ហើយក៏ជាមិត្តរួមការងារនឹងគ្នាដែរ រហូតដល់ក្រោយមក ពួកគេទាំង២នាក់ ក៏ចាប់ផ្តើមអាក់អន់ស្រពន់ចិត្តគ្នាពីរឿងការងារផង និងរឿងស្នេហាផង ទំនងជាស្រលាញ់ស្រីជាន់លេខ រៀងគ្នា ទើបធ្វើឱ្យកើតមានគំនុំស្នេហា រហូតធ្វើឱ្យភាគីជនដៃដល់ចងគំនុំទុកក្នុងចិត្តរហូតមក។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនដៃដល់ក៏ធ្វើសកម្មភាពស្ទាក់កាប់ប្រហារទៅលើជនរងគ្រោះ ចំដៃ កំភួនជើង ពិសេសគូទ ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន បាវិត ភ្លាមៗ។ ចំណែកជនដៃដល់ ក្រោយធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ភ្លាមៗតែម្តង។

   បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES