ខេត្តកណ្តាល ៖ បុរសម្នាក់ដែលមានរហស្សនាម “គ្រូតឿ” ដែលតែងតែបង្ហោះវីដេអូចម្លែកៗ មិនសមរម្យនៅតាមបណ្តាញសង្គម ហ្វេសប៊ុក ពិសេសចុងក្រោយ ថតវីដេអូនាំបក្ខពួកដែលជា “កូនសិស្ស” អង្គុយស៊ីអាចម៍គោ ជ្រលក់អំបិលម្ទេស រួចបង្ហោះលើបណ្តាញសង្គម រហូតទទួលបានការរិះគន់យ៉ាងកក្រើកនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកោះហៅឱ្យចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។
នៅពេលឃើញបុរសតឿនេះ ត្រូវបានសមត្ថកិច្ចហៅចូលប៉ុស្តិ៍ វាស់កម្ពស់បែបនេះ លោកហ៊ុន ជា ក្មួយសម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្នាសម្តែងរបៀបឡប់ៗ ចង់បានអ្នកឡាច (Like) នឹងស៊ែរ (Share) ប៉ុណ្ណោះ ចាប់គ្នាយកទៅវាស់កម្ពស់ ឯពួកគ្រូចូលរូបនាគ មិនហ៊ានហែលទឹក បំពុលសង្គម គេជេរពេញប្រទេស បែរជាដេកស៊ីការ៉េមធ្វើមិនដឹង។ លោកហ៊ុន ជា បានផ្ញើសម្តីទៅគ្រូស៊ីអាចម៍គោថា ក្រោមមេឃតែ១ តែលុយមិនដល់ គឺអ៊ីចឹងហើយអាតឿ កុំតូចចិត្តីអី!»។
ការកោះហៅគ្រូតឿ មកអប់រំនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារសួគ៌ ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គម ហ្វេសប៊ុក ចំពោះការបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពមិនសមរម្យរបស់បុរសម្នាក់នេះ លោកបានបញ្ជាឱ្យកម្លាំងស្រាវជ្រាវ និងនាំខ្លួនមកធ្វើការសាកសួរតែម្តង។
លោកស្នងការ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ជាពិសេសវីដេអូមួយដែលនាំឱ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាស៊ីអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសាកសួរ គឺចង់ឱ្យបុគ្គលនេះបញ្ជាក់អំពីមូលហេតុនៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្តាញសង្គម។ បន្ទាប់ពីបញ្ចប់ការសាកសួរ សមត្ថកិច្ចបានឱ្យ “គ្រូតឿ” នេះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។
ដោយឡែកលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានកោះហៅក្រុមសម្ដែងតាមគណនីហ្វេសប៊ុក ឈ្មោះ គ្រូតឿ ដែលបង្ហោះវីដេអូរឿងស៊ីអាចម៍គោនោះ សរុបចំនួន ៦នាក់ មកធ្វើការសាកសួរ ក្នុងនោះមានឈ្មោះ ដូចខាងក្រោម ៖ ១- ឈ្មោះជឹម សុភ័ក្
រ ហៅគ្រូតឿ ភេទប្រុស អាយុ ២៩ឆ្នាំ (ជាអ្នកសម្ដែង) ២- ឈ្មោះផូយ រាជជាធាន ភេទប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត) ៣- ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ ៥៤ឆ្នាំ (អ្នកដឹកនាំសម្ដែង) ៤- ឈ្មោះធុម ឈុនណាត ហៅជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ (អ្នកសម្ដែង) ៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅស្រួច អាយុ ២៧ឆ្នាំ (អ្នកសម្ដែង) និង ៦- ឈ្មោះអួយ សំអេន ហៅនិត អាយុ ២៨ឆ្នាំ (អ្នកសម្ដែង) ។
គួរបញ្ជាក់ថា បុរសឈ្មោះ គ្រូតឿ ខាងលើ និងកូនសិស្ស ចំនួន៣នាក់ទៀត តែងតែបង្ហោះ វីដេអូចម្លែកៗ តាមបណ្តាញសង្គម ហ្វេសប៊ុក រហូតដល់ចុងក្រោយ ក៏នឹកឃើញបង្ហោះវីដេអូ នាំគ្នាស៊ីអាចម៍គោជ្រលក់អំបិលម្ទេស ធ្វើឱ្យផ្ទុះការរិះគន់យ៉ាងកក្រើក រហូតដល់សមត្ថកិច្ច ហៅមកសាកសួរ អប់រំបែបនេះតែម្តង។
ទោះបីជាយ៉ាងណា លោកហ៊ុន ជា មន្ត្រីជានខ្ពស់នគរបាលជាតិ ត្រូវជាក្មួយប្រុសបង្កើតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បុរសតឿនេះ គ្នាសម្តែងរបៀបឡប់ៗ ចង់បានអ្នកឡាច (Like) នឹងស៊ែរ (Share) ចាប់គ្នាយកទៅវាស់កម្ពស់ ឯពួកគ្រូចូលរូបនាគ មិនហ៊ានហែលទឹក បំពុលសង្គម គេជេរពេញប្រទេស បែរជាដេកស៊ីការ៉េមធ្វើមិនដឹង។ លោកហ៊ុន ជា បានផ្ញើសម្តីទៅគ្រូស៊ីអាចម៍គោថា ក្រោមមេឃតែ១ តែលុយមិនដល់ គឺអ៊ីចឹងហើយអាតឿ កុំតូចចិត្តីអី!»។
លោកហ៊ុន ជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ថា «គ្នាសំដែងរបៀបឡប់ៗ ចង់បានអ្នកឡាចនិងស៊ែរ យកគ្នាទៅវាស់កម្ពស់ ចុះពួកអានាគចូល មិនហ៊ានហែលទឹក បំពុលសង្គម គេជេរពេញប្រទេស បែរជាដេកស៊ីការ៉េមធ្វើមិនដឹង? ក្រោមមេឃតែ១ តែលុយមិនដល់ គឺចឹងហើយអាតឿ កុំតូចចិត្តអី!»៕