ខេត្តស្វាយរៀង ៖ យុវជនជាបុគ្គលិកកាស៊ីណូម្នាក់ ក្រោកពីដេកដើរទៅងូតទឹក ស្រាប់តែដួលសន្លប់បាត់មាត់ឈឹង ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ពីសំណាក់បុគ្គលិករួមការងារជាមួយគ្នា និងប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះ ម៉ាយ ឌឹកហោវ (MAI DUC HAU) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញកាស៊ីណូម៉ុកបាយ កាន់លិខិតឆ្លងដែនលេខ K0137500 មានលំនៅនៅខេត្តប៊ិញឌិញ ប្រទេសវៀតណាម។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ មានសេចក្តីរាយការណ៍មកថា មានបុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ម្នាក់ ស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់ ផាសុកភាពបាវិត ពេលដឹកបញ្ជួនទៅមន្ទីរពេទ្យ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបង្អែកជីភូ បានទៅដល់កន្លែងកើតហេតុ ដឹកនាំដោយលោកកុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង និងមានការសម្របសម្រួលពីលោកឈឺវ អ៊ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព ពុំឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីជំងឺខ្យល់គរ ប្រាកដមែន។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានបញ្ជូនបន្តទៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ (វត្តស្ទឹងមានជ័យ) ដើម្បីរង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕