Friday, June 27, 2025
Homeសង្គម និងជីវិតជម្លោះដីធ្លីផ្ទុះហិង្សា វ៉ៃគ្នារបួស៤នាក់

ជម្លោះដីធ្លីផ្ទុះហិង្សា វ៉ៃគ្នារបួស៤នាក់

ខេត្តព្រះសីហនុ ៖ បុរស៤នាក់ កំពុងជួបជុំផឹកស៊ីនៅក្នុងដី ១កន្លែង ស្រាប់តែលេចមុខមនុស្ស១ក្រុមផ្សេងទៀត បានមកដល់ និងបណ្តេញឱ្យបុរសទាំង៤នាក់ ចេញពីដីនោះ ដោយសំអាងថាជាដីរបស់ខ្លួន ទើបធ្វើឱ្យកើតជាជម្លោះពាក្យសម្តី និងឈានដល់អំពើហិង្សា បណ្តាលឱ្យភាគីបុរស ៤នាក់ ទទួលរងរបួសយ៉ាងដំណំ។

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិពូធឿង ឃុំបិទត្រាំង ស្រុកព្រៃនប់។

យោងតាមកំណត់ហេតុរបស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឈ្មោះជូ ឈិត ភេទប្រុស មានលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរាយការណ៍ពីករណីហិង្សាដោយចេតនា (ទំនាស់ដីធ្លី) ស្ថិតនៅភូមិពូធឿង ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ច ១១៧ បានបញ្ជូនព័ត៌មានទៅលោកមេប៉ុស្តិ៍ តាន់ ពិសិដ្ឋ ដើម្បីចុះអន្តរាគមន៍បន្ទាន់។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកមេប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ នៅវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃដដែល និងបានធ្វើការសាកសួរជនរងគ្រោះ អំពីមូលហេតុនៃដំណើររឿងដែលឈានដល់មានទំនាស់។

តាមប្រភពពីឈ្មោះជូន ឈិត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួននិងក្រុមកម្មករ៣នាក់ទៀត កំពុងអង្គុយផឹកស៊ីនៅក្នុងដី ១កន្លែង ស្ថិតក្នុងភូមិពូធឿង ឃុំបិទត្រាំង ស្រុកព្រៃនប់ (ទីតាំងកើតហេតុ) ស្រាប់តែមានជន ១ក្រុមទៀត ដឹកនាំដោយឈ្មោះអីត វុទ្ធី បានមក ដេញក្រុមពួកគាត់ជាជនរងគ្រោះ ប៉ុន្តែពួកគាត់មិនព្រមចេញ ក៏បានទាស់ពាក្យសម្តីនឹងគ្នា រហូតឈានដល់ប្រើហិង្សា បណ្តាលឱ្យរូបគាត់ (ឈ្មោះជូ ឈិត) និងកម្មករ៣នាក់ទៀត រងរបួស ចំណែកក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនបាត់អស់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ច បាននាំជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីដាក់ពាក្យបណ្តឹង និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES