ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានធ្វើការណែនាំចំនួន ៥ចំណុច ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ បន្តរួមគ្នាអនុវត្ត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។
យោងតាមសារលិខិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
– សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
– សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវមនោសញ្ចោតនារីកករាយ ដែលបានផ្ញើសារចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដែល គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយនឹងក្រសួងពាណិជ្ផកម្ម រួមគ្នារៀបចំ និងលើកយកប្រធានបទដ៏មានសារសំខាន់នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់ ឱ្យគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេស ក្នុងបរិបទបច្ចុប្បន្ន ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងការចូលរួមទប់ស្កាត់និងកាត់បន្ថយអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏ដូចជាការត្រៀមលក្ខណៈឈានទៅអនុវត្តផែនការសម្របខ្លួនរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឆ្នាំនេះ ក៏ដូចជាពីរឆ្នាំកន្លងមកដែរ ដែលទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ទាល់នៅតាមទីសាធារណៈនានា ក្នុងព្រះរាជាណាចក្រកម្ពុជា បានឃើញពីភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ផៈ និងគ្រឿងសង្ហារិម៘ ប៉ុន្តែការបន្តរំលឹកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដ៏មានសារសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុក ឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភណភាព និងតម្លៃសមរម ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។
ជនរួមជាតិជាទីស្នេហា!
មុនការរាតត្បាតសកលនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ផកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ តាមរយៈការតាំងពិព័រណ៍ផលិតផលខ្មែរ នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីបរិយាកាសធុរកិច្ច និងវិនិយោគដ៏មានសក្កានុពលលើផលិតផលក្នុងស្រុករបស់កម្ពុជា ដោយកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើលើគ្រប់វិស័យ ដែលផ្តល់ឱកាសដល់ធុរជនទាំងអស់ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគទុនពីបរទេសមកកម្ពុជា បានរួមចំណែកផ្តល់ឱ្យកម្ពុជា ទទួលបាននូវធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា ជំនាញ ចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធសហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់យុវជន ការពង្រីកផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមាន ដើម្បីកសាងសមត្ថភាពសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ឈរលើសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យម ប្រចាំ១ឆ្នាំ ក្នុងរង្វង់ ៧,៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺឆ្លងពីឋានៈ ជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា បាន ពង្រីកមូលដ្ឋានផលិតកម្មកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ទាំងផ្នែកទន់ និងផ្នែករឹង លើកកម្ពស់កិច្ចសម្របសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្តាលជំនាញទាំងផ្នែករឹងនិងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះ គឺជាលក្ខខណ្ឌអាទិភាព ដ៏ទូលំទូលាយ និងជាសក្កានុពលប្រកប ដោយគុណភាព និងតម្លាភាព សម្រាប់ទាក់ទាញការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាល ពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី-ខេត្ត ក្រសួងពាណិជ្ផកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញនិងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺរាតត្បាត កូវីដ-១៩ ដែលយើងត្រូវពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម ឱ្យមានសន្ទុះខ្លាំងក្លាទៅមុខបន្ថែមទៀត។ ខ្ញុំសូមឱ្យការអបអរសាទរ ទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ក្លាយជាស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរ។
ឆ្លើយតបទៅនឹងប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៥ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះកុរណាខ្ញុំ សូមលើកឡើងនូវមតិណែនាំមួយចំនួនដូចខាងក្រោម ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋបន្តរួមគ្នាអនុវត្ត ៖
ទីមួយ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផល ខ្មែរ និងបន្តផ្តល់ជំនាញនានាដល់ ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។
ទីពីរ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្ត ទូទាំងប្រទេស និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹង វិស័យឯកជនរៀបចំទីផ្សារអនទ្បាញ ជួយផលិតផលខ្មែរក្នុងការទិញ-លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានា ទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេស។
ទីបី ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេស ផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានអាស៊ាន។
ទីបួន ៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំង២៥ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផល ក្នុងស្រុកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦-២០២៦។
ទីប្រាំ ៖ ប្រជាជនកម្ពុជា គ្រប់រូប ត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរ យ៉ាងតិចមួយមុខ” និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម សហគមន៍ សមាគម ៘ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញអភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្មនិងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវទិសដៅលើកកម្ពស់ ផលិតផលខ្មែរ។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរដល់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ…៕