ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្ត ចំនួន៣រូប ត្រូវ បានទទួលរងការចោទប្រកាន់ថា បានព្យាយាមបញ្ចុះបញ្ចូលឱ្យភាគីរងគ្រោះក្នុងសំណុំរឿង ឃាតកម្ម ទទួលយកប្រាក់ចូលបុណ្យសពចំនួន ១៥០០ដុល្លារ ពីភាគីជនសង្ស័យ ជាថ្នូរនឹង ការបញ្ចប់រឿងក្រៅផ្លូវតុលាការ។

នេះបើយោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ ដែលបានបញ្ជាក់កាលពីព្រឹកថ្ងៃទី០៤ និងទី០៥ ខែមេសា ឆ្នាំ២០២២ ក្រោយបញ្ចប់ការចរចាផ្ទាល់ជាមួយមន្ត្រីការិយាល័យព្រហ្មទណ្ឌខាងលើ។

តាមសម្តីស្ត្រីឈ្មោះសំ សោភា ជាដើមបណ្តឹងក្នុងសំណុំរឿងឃាតកម្មខាងលើនេះ បានបញ្ជាក់ប្រាប់ថា មន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទូរស័ព្ទហៅអ្នកស្រីឱ្យទៅជួបផ្ទាល់ នៅបន្ទប់ការិយាល័យ ដើម្បី

សម្របសម្រួលបញ្ចប់រឿងជាមួយភាគីជនសង្ស័យ ប៉ុន្តែ ពេលទៅដល់ បែរជាមិនបានជួបជាមួយជនសង្ស័យឡើយ គឺជួបតែមន្ត្រីនគរបាល ចំនួន ៣រូប ក្នុងនោះ មានលោកកោ ស៊ុនកាំង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកឡម ឡាន អនុប្រធានការិយាល័យ និងម្នាក់ទៀតឈ្មោះឈឿត (មិនស្គាល់តួនាទី)។

អ្នកស្រី សំ សោភា បានបន្តថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីឈ្មោះឈឿត បានហៅគាត់ទៅជួប និយាយគ្នាអំពីសំណងក្នុងសំណុំរឿងដែលអ្នកស្រីប្តឹងភាគីម្ខាងទៀតពីបទ ឃាតកម្មលើប្អូនប្រុសគាត់ កាលពីអំឡុងខែកុម្ភៈ កន្លងទៅនេះ នៅស្រុកសំឡូត តែការជួប ចរចាគ្នានោះ គឺមិនបានជួបមុខភាគីចុងចោទទេ តែត្រូវបានជំនួសមុខភាគីចុងចោទ ដោយមន្ត្រីនគរបាល ៣នាក់ខាងលើនេះ ហើយនៅក្នុងបន្ទប់ចរចា ជាដំបូង

ឈ្មោះឈឿត បានជំរុញឱ្យគាត់ទទួលយកទឹកប្រាក់ចំនួន ១០០០ដុល្លារ ពីភាគីចុងចោទ ឈ្មោះឆើត និងឈ្មោះប្រុស ជាថ្នូរនឹងការដកពាក្យបណ្តឹង។ ប៉ុន្តែលោកឈឿត បានបញ្ជាក់ប្រាប់គាត់ថា ប្រាក់ចំនួន១០០០ដុល្លារនោះ គឺជាប្រាក់សម្រាប់ចូលបុណ្យសពប្អូនប្រុសគាត់ មិនមែនប្រាក់បង់សំណងជំងឺចិត្តទេ។ មិនតែប៉ុណ្ណោះ ពេលកំពុងចរចា ឈ្មោះឈឿត មិនឱ្យគាត់ទូរស័ព្ទសួរនាំយោបល់អ្នកណាទេ ហើយក៏ហាមដាច់ខាត មិនឱ្យផ្តល់ព័ត៌មាននេះទៅកាន់អ្នកកាសែតដែរ។

ត្រង់លក្ខខណ្ឌទឹកប្រាក់ ១០០០ដុល្លារ របស់ភាគីចុងចោទ សម្រាប់ចូលបុណ្យសព តាមរយៈអស់លោកនគរបាលទាំង ០៣នាក់ខាងលើនេះ ជាថ្នូរនឹងការដកពាក្យបណ្តឹង អ្នកស្រី សំ សោភា បានបដិសេធ មិនទទួលយកតាមសំណូមពរពីសមត្ថកិច្ចទេ ដោយសារអ្នកស្រីយល់ថា វាជាប្រាក់ចូលបុណ្យសព មិនជាប់ពាក់ព័ន្ធនឹងបណ្តឹងទាមទារសំណង ទាមទារកយុត្តិធម៌ និងទាមទារឱ្យតុលាការផ្តន្ទាទោសលើជនល្មើសឡើយ។
សូមរំលឹកថា ជនរងគ្រោះឈ្មោះសំ សុខេមរៈ ហៅ រៈ ប្រុសអាយុ ៣៣ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងច្នៃ (កាំភ្លើងខ្យល់បាញ់គ្រាប់កង់) ត្រូវចំភ្នែកខាងឆ្វេង កាលពីយប់ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកដំឡូងមួយកន្លែង នៅក្នុងភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត។ នៅក្នុងគ្រោះថ្នាក់ទាំងកណ្តាលយប់នោះ បានកើតឡើងនៅក្នុងចំណោមមនុស្ស ២នាក់ទៀត ដែលកំពុងផឹកស៊ីនៅក្បែរគ្នា គឺឈ្មោះឆើត និងឈ្មោះប្រុស ដែលមនុស្សទាំង៣នាក់នេះ ជាមិត្តភក្តិនឹងគ្នា ហើយក៏ធ្លាប់មានប្រវត្តិមិនល្អជាមួយគ្នាដែរក្នុងមុខរបររកស៊ី។
ពេលជនរងគ្រោះត្រូវគ្រាប់កាំភ្លើងភ្លាមៗ ឈ្មោះឆើត និងឈ្មោះប្រុស បានដឹកជនរងគ្រោះយកទៅប្រគល់ឱ្យបងស្រីឈ្មោះសំ សោភា ដល់ផ្ទះដែលនៅឆ្ងាយពីកន្លែងកើតហេតុ តែពួកគេមិនបានដឹកជនរងគ្រោះទៅប្រគល់ឱ្យប្រពន្ធដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុទេ ហើយបានប្រាប់បងស្រីជនរងគ្រោះថា ជនរងគ្រោះ រងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់រៀលកៃត្រូវចំភ្នែក។ បងស្រីជនរងគ្រោះ មិនបានសួរដេញដោលទេ ដោយសារប្រញាប់ដឹកប្អូនទៅពេទ្យ។ ភ្លាមៗនោះ ឈ្មោះឆើត និងឈ្មោះប្រុស ក៏បានជួយដឹកជនរងគ្រោះដែលរួមដំណើជាមួយបងស្រី ទៅកាន់មន្ទីរពេទ្យ ទាំងយប់ដែរ។

ក្រោយដល់មន្ទីរពេទ្យ ឈ្មោះឆើត និងឈ្មោះប្រុស ក៏បានប្រញាប់ប្រញាល់ត្រឡប់មកផ្ទះវិញភ្លាម ដើម្បីមកលុបលាងឈាម និងវត្ថុតាងនានានៅកន្លែងកើតហេតុ។ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែជនរងគ្រោះរងរបួសគ្រាប់ភ្នែកធ្ងន់ធ្ងរពេក ទើបនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានស្លាប់ ហើយត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅផ្ទះរបស់ខ្លួន។ ស្របពេលគ្នានោះ ក្រុមគ្រួសារជនរងគ្រោះ ហាក់មានមន្ទិលសង្ស័យទៅលើការស្លាប់របស់ឈ្មោះសំ សុខេមរៈ ដោយយោងលើហេតុផលជាច្រើន ពាក់ព័ន្ធនឹងកន្លែងកើតហេតុ និងជាមួយឈ្មោះឆើត និងឈ្មោះប្រុស។
អ្នកស្រី សំ សោភា បាននិយាយថា ក្រោយកើតហេតុមួយថ្ងៃ ទាំងរូបគាត់ ទាំងមេភូមិផង បានរាយការណ៍ប្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ស្រាវជ្រាវលើករណីនេះ តែគ្មានសមត្ថកិច្ចណាម្នាក់ជួយឈឺឆ្អាលទេ រហូតដល់ថ្ងៃប្អូនគាត់ស្លាប់។ ប៉ុន្តែនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃដែលបូជាសពប្អូនគាត់ ទើបឃើញខាងអធិការស្រុកសំឡូត ចុះសួរនាំនិងទៅពិនិត្យកន្លែងកើតហេតុ តែក៏ដោយសារគាត់ទូរស័ព្ទហៅច្រើនដងដែរ ទើបលោកសមត្ថកិច្ចអញ្ជើញមកមើលទីតាំងកើតហេតុ និងសួរនាំ។ ជុំវិញករណីនេះ ខាងអធិការស្រុក និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលបានធ្វើការសន្និដ្ឋាន តាមការអះអាងរបស់ឈ្មោះឆើត និងឈ្មោះប្រុស ដែលនៅជាមួយជនរងគ្រោះថា ជនរងគ្រោះ រងរបួសដោយសាររៀលកៃកាំភ្លើងខ្យល់ ត្រូវខ្លួនឯង។
ដោយសារតែសមត្ថកិច្ចមិនព្រមធ្វើការសួរនាំ ចុះស្រាវជ្រាវឱ្យច្បាស់លាស់ និងមិនព្រមចាត់ការតាមសំណូមពរគ្រួសារជនរងគ្រោះ ហើយថែមទាំងរារាំងមិនឱ្យគ្រួសារជនរងគ្រោះដាក់ពាក្យប្តឹងទៀត ទើបនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រួសារជនរងគ្រោះ សម្រេចឡើង មកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឱ្យជួយចាត់វិធានការលើសំណុំរឿងនេះ។
តាមប្រភពពីមន្ត្រីស្នងការខេត្ត បានទម្លាយថា សំណុំរឿងដែលដើមបណ្តឹងប្តឹងពីបទឃាតកម្ម ខាងលើ ខាងអធិការស្រុកសំឡូត ហាក់ធ្វើព្រងើយកន្តើយនឹងបណ្តឹងរបស់គ្រួសារជនរងគ្រោះ យឺតយ៉ាវក្នុងការចុះសួរនាំ និងធ្វើការស្រាវជ្រាវ។
ប៉ុន្តែក្រោយការិយាល័យជំនាញទទួលបណ្តឹងពីភាគីរងគ្រោះ ទើបកម្លាំងអធិការស្រុកសំឡូត ចុះសួរនាំ ពិនិត្យកន្លែងកើតហេតុ ក្រោយគេលុបបំបាត់ភ័ស្តុតាង និងស្លាកស្នាមអស់ទៅហើយ។ បើពិនិត្យលើកំណត់ហេតុស្រាវជ្រាវរបស់អធិការស្រុកសំឡូត មិនអាចយកជាការបាន ឡើយ។ គ្មានសាក្សីបំភ្លឺ ចម្លើយជនពាក់ព័ន្ធ ដូចការរៀបចំទុកជាមុន ឬមានអ្នកបង្គាប់ឱ្យឆ្លើយ។ ដោយសារតែរបាយការណ៍មិនច្បាស់លាស់បែបនេះហើយ ទើបលោកស្នងការ បញ្ជាឱ្យកម្លាំងការិយាល័យជំនាញ ចុះធ្វើការស៊ើបអង្កេតជាថ្មី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលដឹកនាំដោយលោកកោ ស៊ុនកាំង នាយការិយាល័យព្រហ្មកម្រិតធ្ងន់ ក្នុងនោះក៏មានវត្តមានលោកឡម ឡាន និងលោកឈឿត ផងដែរ។ ចុងក្រោយបែរជាបែកធ្លាយព័ត៌មានថា មន្ត្រីទាំង ៣រូប បានព្យាយាមសម្របសម្រួលភាគីរងគ្រោះ ឱ្យទទូលយកប្រាក់ចូលបុណ្យពីភាគីចុងចោទ ចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការដកពាក្យបណ្តឹងទៅវិញ។
ពាក់ព័ន្ធនឹងការចរចាគ្នារវាងភាគីរងគ្រោះ ជាមួយសមត្ថកិច្ច ដែលជាតំណាងភាគីចុងចោទក្នុងសំណុំរឿងឧក្រិដ្ឋខាងលើនេះ បើតាមអ្នកស្រី សំ សោភា បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ថា នៅក្នុងអំឡុងពេលជួបចរចាផ្ទាល់នោះ មិនមែនមានតែលោកឈឿត ម្នាក់ទេ ដែលព្យាយាមជំរុញឱ្យអ្នកស្រីទទួលយកប្រាក់ចូលបុណ្យ ចំនួន១០០០ដុល្លារលើកដំបូង ពីភាគីចុងចោទ ជាថ្នូរនឹងការដកពាក្យបណ្តឹង គឺមានលោកកោ ស៊ុនកាំង និងលោកឡម ឡាន ផងដែរ ដែលប្រឹងប្រែងជំរុញឱ្យអ្នកស្រីទទូលយកទឹកប្រាក់ ១០០០ដុល្លារ ពីភាគីចុងចោទ ដើម្បីបិទបញ្ចប់សំណុំរឿងឃាតកម្មទៅលើប្អូនប្រុសអ្នកស្រី។
អ្នកស្រីបន្ថែមថា ពេលនោះ អ្នកស្រីបដិសេធ មិនទទូលយកទេ ព្រោះជាប្រាក់ដែលភាគីចុងចោទចូលបុណ្យ។ ផ្ទុយទៅវិញ សមត្ថកិច្ចដែលតំណាងឱ្យភាគីជនសង្ស័យ អះអាងថា វាជាប្រាក់សំណងតាមបណ្តឹងរបស់អ្នកស្រី គឺអ្នកស្រីអាចពិចារណាក្នុងការទទូលយក។ គាត់បាន បញ្ជាក់ចុងក្រោយថា ក្រោយពីគាត់បដិសេធ មិនទទួលយកប្រាក់ ១០០០ដុល្លារ នៅថ្ងៃទី០៤ ខែមេសា ពេលគាត់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ស្រាប់តែលោកឡម ឡាន បានទូរស័ព្ទហៅគាត់ឱ្យត្រឡប់ទៅចរចាគ្នាជាថ្មី តែគាត់មិនត្រឡប់ទេ។ តាមរយៈទូរស័ព្ទ នាពេលនោះ លោក ឡម ឡាន ដែលជាតំណាងភាគីចុងចោទ បានដំឡើងថ្លៃរហូតដល់ ១៥០០ដុល្លារ។ ប៉ុន្តែលោកឡម ឡាន នៅតែប្រកាន់ថា ប្រាក់ចំនួន ១៥០០ដុល្លារ របស់ភាគីចុងចោទនោះ គឺជាប្រាក់ចូលបុណ្យសពប្អូនប្រុសគាត់ដដែល។ ដូច្នេះហើយទើបគាត់នៅតែបដិសេធ មិនព្រមទទួលយកប្រាក់នោះដដែល។
ជុំវិញការចោទប្រកាន់ពីភាគីរងគ្រោះខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីនគរបាលទាំង៣រូប ខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕