ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីរូបស្រស់ ជាអ្នកលក់ឡេតាមអនឡាញម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ «ថាវរី មាសបង» បានចោទប្រកាន់លោកមាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ថាបានរំលោភបំពានរាងកាយនាង និងព្យាយាមសម្របសម្រួលចង់បញ្ចប់រឿង ជាថ្នូរនឹងការបង់សំណងជំងឺចិត្តចំនួន ២ពាន់ដុល្លារ ប៉ុន្តែនាងមិនយល់ព្រម។ ចំណែកលោកអធិការ បានអះអាងថា រឿងនេះមិនមែនជាការពិតទេ តែជាការប្រឌិតរឿងធ្វើស៊ីលោក ដោយប្តឹងលោក ដើម្បីទាមទារលុយ ១ម៉ឺនដុល្លារ។

រឿងអាស្រូវដ៏ចម្រូងចម្រាសនេះ បានកើតមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ និងមានការចែករំលែកតៗគ្នាពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក បន្ទាប់ពីសាមីខ្លួនខាងស្រី ដែលអះអាងថា ជាជនរងគ្រោះ ឈ្មោះថាវរី និងមានគណនីហ្វេសប៊ុក ឈ្មោះ ថាវរីមាសបង បានបង្ហោះសារនិងរូបភាពនាងជាមួយលោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ទម្លាយរឿងចោទប្រកាន់លោកអធិការថា បានចាប់រំលោភនាង និងលួងលោមថានឹងទទួលខុសត្រូវ សន្យាជួយនាងតាមសំណូមពរ តែបុគ្គលនេះ មិនគោរពពាក្យសន្យា ព្យាយាមលុបភ័ស្តុតាង បំភ្លៃខ្មៅទៅជាស ថែមទាំងឲ្យប្រពន្ធប្តឹងនាងទៀត។

នារីរងគ្រោះឈ្មោះ ថាវរី បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុល «ថាវរី មាសបង» របស់នាង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ថា «ទោះបីលោកអធិការស្រុកព្រះនេតព្រះ ឯងលុបភ័ស្តុតាង លុបសារ ខំបំភ្លៃខ្មៅទៅជាស ប្រកែកមិនព្រមទទូលកំហុស រហូតដល់រួចខ្លួនពីច្បាប់ក៏ដោយ តែលោកត្រូវចាំ កម្មពៀរមានពិត ព្រោះលោកមានកូនស្រីចៅស្រី កម្មនោះនឹងតាមសងវិញមិនខាន ហើយកុំបាច់ឲ្យប្រពន្ធមកប្ដឹងខ្ញុំ ខ្ញុំមិនខ្លាចទេ លោកឯងចាប់រំលោភខ្ញុំ ពេលភ្លាមៗខ្ញុំមិនប្ដឹង ព្រោះយល់ថាលោកមានមុខមាត់នៅស្រុកហ្នឹង ហើយសន្យាថា នឹងទទូលខុសត្រូវលើរូបខ្ញុំ និងជួយដោះស្រាយរឿងគេជំពាក់លុយឲ្យខ្ញុំ ទើបខ្ញុំព្រមនៅស្ងៀម តែឥឡូវអ្វីៗមិនដូចពាក្យសន្យាសោះ»។

នារីរងគ្រោះ ថាវរី មាសបង បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា «កុំព្យាយាមលុបភ័ស្តុតាង លុបសារឆាត ខំនិយាយបំភ្លៃការពិត ខ្មៅឲ្យទៅជាស អាក្រក់ទៅជាល្អ ទោះលោកបំភ្លៃរហូតរួចពីច្បាប់ តែលោកមិនអាចរួចពីកម្មពៀរដែលលោកធ្វើដាក់ខ្ញុំទេ។ លោកឲ្យប្រពន្ធកូនមកប្ដឹងខ្ញុំ ទាំងដែលលោកបានចាប់រលោភខ្ញុំហ្នឹងអី! ពេលលោកចាប់ខ្ញុំភ្លាមៗ ខ្ញុំមិនស្រែកទេព្រោះយល់ពាក្យអង្វរលោកថា សុំទោស និងទទូលខុសត្រូវ និងជួយដោះស្រាយរឿងគេជំពាក់លុយឲ្យខ្ញុំ ទើបខ្ញុំព្រមស្ងៀម តែអ្វីៗមិនដូចពាក្យសន្យាឡើយ នាងខ្ញុំនឹងឡាយជាមួយអ្នកសារព័ត៌មាន និយាយលម្អិតពីទង្វើរបស់លោកអធិការស្រុកព្រះនេតព្រះ រូបនេះ»។

នារីឈ្មោះថាវរី សរសេរបន្ថែម នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ថា «តាំងពីខ្ញុំស្គាល់អាសត្វប៉ូលិសចង្រៃ តណ្ហាក្រាស់ បុគ្គលមួយហ្នឹងមក ជីវិតខ្ញុំមិនដែលមានក្ដីសុខទេ វាកុហកបោកប្រាស់ រំលោភបំពានរាងកាយខ្ញុំ និងពាក្យសន្យា មករហូត។ មកដល់ពេលនេះ ខ្ញុំទុកពេលឲ្យកែខ្លួន និងដោះស្រាយជាមួយខ្ញុំ តែគ្មានទេ មានតែប្រឹងគេចវេះ ហើយចង់ប្ដឹងខ្ញុំវិញទៀត បន្តិចទៀត ខ្ញុំនឹងឡាយនិយាយពីទង្វើវា បង្ហាញឲ្យបងៗប្អួនៗស្រីៗប្រយ័ត្នខ្លួន កុំឲ្យជួបរឿងដូចខ្ញុំ ឈឺចាប់ក្នុងចិត្តណាស់ នៅពេលយើងមនុស្សត្រង់ ចាញ់បោកគេ»។

នារីរងគ្រោះ សរសេរបន្ថែមនៅថ្ងៃដដែលនោះថា «យុត្តិធម៌មានសម្រាប់ខ្ញុំដែរទេ? ហើយក៏សូមឲ្យបងស្រីៗ អូនៗស្រី ប្រយ័ត្នខ្លួន កុំឲ្យជួបរឿងឈឺចាប់ដូចខ្ញុំ មកដល់ពេលនេះ គាត់មិនមានដំណោះស្រាយជាមួយខ្ញុំទេ តើរំពឹងអ្វី បើគាត់អ្នកច្បាប់ បំពានច្បាប់បែបហ្នឹង»។
នារីរងគ្រោះ ឈ្មោះថាវរី បានសរសេរបន្ថែមទៀតថា «មិនព្រមចេញមុខដោះស្រាយនឹងខ្ញុំទេ គិតតែតេឲ្យខ្ញុំយកកូនចេញ គិតតែចោទថា ខ្ញុំដើខួចខិលជាមួយប្រុស ចង់សួរថា គិតអីគ្មានគុណធម៌ម៉្លេះ ចុះម៉េចក៏មិនប្រកែកថា អត់ស្គាល់ខ្ញុំម៉ងទៅ ស្រួលខ្ញុំបញ្ចេញរូបលើគ្រែជាមួយគ្នាម៉ង ឲ្យវាចប់រឿង? អរគុណបងប្អួនដែលឆាតមកសួរសុខទុក្ខនិងបារម្ភពីខ្ញុំ ក៏ដូចជាជួយគិតពីកេរ្តិ៍ឈ្មោះខ្ញុំ តែដល់ក៏ហើយ អត់ទ្រាំលែងបានហើយនូវទង្វើដ៏អាក្រក់របស់បុគ្គលមាស ឫទ្ធី អធិការព្រះនេតព្រះ រូបនេះ»។

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នារីរងគ្រោះឈ្មោះ ថាវរី បានបង្ហោះរូបភាព និងវីដេអូឆាតជាមួយលោកអធិការមាស ឫទ្ធី ជាមួយសំណេរថា «នេះសារខ្លះៗដែលលោកមាស ឫទ្ធី អធិការនគបាលស្រុកព្រះនេត្រព្រះ ឆាតមកលូងលោមខ្ញុំ ពេលរំលោភលើរាងកាយខ្ញុំភ្លាមៗ ថានឹងព្រមទទូលខុសត្រូវ ព្រមធ្វើគ្រប់យ៉ាង ទៅតាមអ្វីដែលខ្ញុំសុំ តែពេលនេះកើតរឿងឡើង គឺដោយសារគាត់មិនគោរពសន្យា។ នាងខ្ញុំដឹងច្បាស់ថា ការផុសវាប៉ះពាល់កេរ្តិ៍ឈ្មោះទាំងពីរ តែខ្ញុំចង់បកស្បែកមុខបុគ្គលរូបនេះ ដែលជាមន្ត្រីបម្រើរាស្រ្ត បែរជាពេលពលរដ្ឋជួបទុក្ខលំបាករត់ទៅរកឲ្យជួយ បែរជាមិនជួយដោយក្ដីមេត្តា ទឹកចិត្តចេញបេះដូងទេ សម្ដឹងឃើញតែផលប្រយោជន៍ផ្តល់ខ្លួន និងសុំឲ្យលោកអធិការ ឈប់ធ្វើនូវទង្វើរំលោភបំពានដែលធ្លាប់ធ្វើមកលើខ្ញុំនេះ ឈប់ធ្វើទៅលើនារីផ្សេងទៀត វាឈឺចាប់ខ្លាំងណាស់ មិនថានារីនោះក្មេងឬចាស់ទេ បើមិនខ្លាចច្បាប់ គួរខ្លាចកម្មពៀរផង កូនសុទ្ធតែស្រី ចៅក៏ស្រីដែរ ប្រយ័ត្នត្រូវគេចាប់រំលោភវិញ កម្មពៀរមានពិត ហើយរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ទទូលបានដំណោះស្រាយអ្វីសមស្របនៅឡើយទេបងប្អួន»។

នារីរងគ្រោះឈ្មោះថាវរី បានបញ្ជាក់បន្ថែមយប់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ថា មកដល់ពេលនេះ លោកអធិការ មាស ឫទ្ធី នៅតែព្យាយាមទូរស័ព្ទមកសម្រួលកុំឲ្យនាងប្តឹង ដោយគាត់ព្រមផ្តល់សំណងជំងឺចិត្តចំនួន ២ពាន់ដុល្លារ តែនៅពេលនាងប្រាប់ថា មិនព្រម បែរជាប្រាប់ទៅអ្នកសារព័ត៌មានថា នាងរៀបគម្រោងធ្វើស៊ីគាត់ទៅវិញ។
ទោះបីជាយ៉ាងណា ជុំវិញការចោទប្រកាន់ពីនារីដែលមានគណនីហ្វេសប៊ុក «ថាវរី មាសបង» ខាងលើ់នេះ លោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ជាការពិត ស្ត្រីដែលមានអាខោនហ្វេសប៊ុក ឈ្មោះ «ថាវរី មាសបង» នេះ លោកបានស្គាល់គ្នាទំនាក់ទំនងប្រុស-ស្រី រយៈពេល ៣ខែមកហើយ នាងមានអាយុជាង៤០ឆ្នាំ មានកូនប្រុស-ស្រី ៣នាក់ ហើយម្ចាស់អាខោនឈ្មោះ «ថាវរី មាសបង» ដែលសរសេរលើបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួននាង ចោទប្រកាន់មកលើលោកនោះ គឺគ្មានការពិតឡើយ ដោយនាងបំប្លែងការពិត ប្រឌិតរឿងធ្វើស៊ីលោក ចង់បានលុយលោក ដោយប្តឹងទាមទារហូត ១ម៉ឺនដុល្លារ។
លោកមាស ឫទ្ធី បញ្ជាក់បន្ថែមថា រឿងដែលលោកបាននិយាយសន្យាជាមួយនាង រឿងមន្ត្រីយោធាម្នាក់ ជំពាក់លុយ ៥០០០ដុល្លារនោះ គឺលោកបានស្គាល់នាង នាងពឹងឱ្យលោកជួយ តែលោកបានប្រាប់ឲ្យនាងទៅប្តឹងស្ថាប័នសមត្ថកិច្ចតែប៉ុណ្ណោះ គឺមិនពាក់ព័ន្ធជាមួយលោកឡើយ៕