Sunday, September 14, 2025
Homeសង្គម និងជីវិតស្រីឱ្យស្គាល់ក្លិន មិនបានខ្លួន ៨ថ្ងៃ ប្រុសយំរំអុកម៉ែចូលស្តីដណ្តឹង

ស្រីឱ្យស្គាល់ក្លិន មិនបានខ្លួន ៨ថ្ងៃ ប្រុសយំរំអុកម៉ែចូលស្តីដណ្តឹង

ខេត្តតាកែវ ៖ គូស្នេហ៍វ័យក្មេងមួយគូ ក្រោយពីទាក់ទងស្គាល់គ្នាតាមទូរស័ព្ទបានមួយរយៈ ស្រាប់តែខាងស្រីចិត្តខ្លាំង ស្កាត់មកជួបមុខប្រុសថ្លៃដល់ផ្ទះ និងបានស្នាក់នៅជាមួយគ្នា ៨ថ្ងៃ ប៉ុន្តែមិនបានធ្វើអ្វីឱ្យលើសលស់រំលងប្រពៃណីឡើយ ដោយខាងស្រីបើកដៃឱ្យខាងប្រុស បានត្រឹមឱបថើប (ស្គាល់តែក្លិន) ប៉ុណ្ណោះ ទោះជាខាងប្រុសអង្វរលន់តួដល់ទន់ឆ្អឹង សុំស្គាល់រសជាតិស្នេហ៍ (បានខ្លួន) យ៉ាងណា ក៏នាងមិនព្រមដាច់ខាត លុះខាងស្រីវិលត្រឡប់ទៅវិញ ធ្វើឱ្យខាងប្រុស អង្គុយទួញយំរំអុកម្តាយឱ្យតាមចូលស្តីដណ្តឹងនាងមកធ្វើជាប្រពន្ធទាល់តែបាន។

នាង សុខ មាន អាយុ២៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង បានរៀបរាប់ប្រាប់ថា នាងជាកូនទី៥ ក្នុងចំណោមបងប្អូន ៧នាក់ (ប្រុស៣ ស្រី៤) និងមានស្រុកកំណើតនៅភូមិល្ងកណ្តាល ឃុំដា ស្រុកមេមត់  ខេត្តត្បូងឃ្មុំ។ កាលពីក្មេងនាងគ្មានវាសនាបានចូលសាលារៀនសូត្រនឹងគេទេ ដោយសារតែជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក លុះឈាន ចូលវ័យជំទង់ នាងក៏ដើរេចេញរកស៊ីនៅខាងក្រៅឆ្ងាយៗផ្ទះ ដើម្បីរកប្រាក់ជួយទំនុកបម្រុង

ក្រុមគ្រួសារ។ ក្រោយមក បន្ទាប់ពីពេញវ័យក្រមុំ រូបឆោមនាងក៏មិនអន់ប៉ុន្មានឡើយ ហើយចេះតែមានប្រុសកំលោះ តាមចែចង់ញ៉ែ ជាហូរហែ ប៉ុន្តែនាងមិនយកចិត្តទុកដាក់លើអ្នកណាម្នាក់ឡើយ ខ្លាចប៉ះប្រុសព្រាន នាំទឹកភ្នែក ណាមួយចង់ទុកពេលធ្វើការងាររកលុយជួយគ្រួសារសិន។

នាង សុខ មាន បន្តរៀបរាប់ថា ក្រោយមក ខណៈដែលរូបនាងបម្រើការងារនៅក្នុងហាងបាយមួយកន្លែង ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ នាងក៏បានស្គាល់កំលោះម្នាក់ តាមទូរស័ព្ទ គេមានឈ្មោះសូត ស៊ី អាយុប្អូននាងដល់ទៅ ៧ឆ្នាំ និងមានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ដំបូងឡើយ កំលោះសូត ស៊ី បានខលទូរស័ព្ទច្រឡំលេខ ចូលមកទូរស័ព្ទរបស់នាង  ហើយនាងក៏មិនបាននិយាយស្តីអ្វីច្រើនជាមួយគេឡើយ ដោយ

គ្រាន់តែសួរនាំដឹងថាច្រឡំលេខភ្លាម នាងក៏បិទទូរស័ព្ទវិញទៅ។ ប៉ុន្តែកំលោះសូត ស៊ី មិនដឹងជាយ៉ាងម៉េច គ្រាន់តែបានស្តាប់សំឡេងនាងតាមទូរស័ព្ទរួចហើយ ក៏ចេះតែទូរស័ព្ទមករកនាងជារៀងរាល់ថ្ងៃ ដោយប្រាប់ថា សុំរាប់អាន ព្រោះស្តាប់សម្តីហាក់មាននិស្ស័យ ហើយនាងក៏យល់ព្រមទៅ ព្រោះថាត្រឹមរាប់អានតាមទូរស័ព្ទ មានទៅខាតបង់អ្វីនោះឡើយ។ ក្រោយមក កំលោះសូត ស៊ី ក៏ចាប់ផ្តើមសារភាពស្នេហ៍ជាមួយនាងត្រង់ៗ ធ្វើឱ្យនាងចាប់ផ្តើមមានចិត្តទៅលើគេវិញដែរ តែក៏មិនទាន់ហ៊ានជឿជាក់ ព្រោះមិនទាន់ស្គាល់មុខ និងប្រវត្តិកំលោះម្នាក់នេះច្បាស់លាស់នៅឡើយ។

នាង សុខ មាន បានឱ្យដឹងថា លុះក្រោយមក ដោយសារចង់ស្វែងយល់ពីខាងប្រុសឱ្យបានច្បាស់ ទើបនៅពេលដែលម្ចាស់ហាងបាយដែលនាងកំពុងធ្វើការជាមួយ បើកលុយឱ្យនាង ១៥ម៉ឺនរៀល នាងក៏បានសុំច្បាប់ម្ចាស់ហាងថា ទៅលេងផ្ទះ ប៉ុន្តែនាងបែរជាប្រថុយឡើងឡានឈ្នួល ទៅរកផ្ទះកំលោះសូត ស៊ី ទៅវិញ។ លុះទៅដល់ ឃើញថាទាំងកំលោះសូត ស៊ី និងម្តាយរបស់គេ ព្រមទាំងសាច់ញាតិ ហាក់ស្រលាញ់រាប់អាន រាក់ទាក់ជាមួយនាងខ្លាំងណាស់ ហើយស្ថានភាពគ្រួសារ ក៏មិនលើសគ្រួសារនាងប៉ុន្មានដែរ ពោលគឺសុទ្ធសឹងតែជាអ្នកស្រែចម្ការ ក្រីក្រដូចគ្នា។ ពេលនោះនាងក៏បានសម្រាកនៅផ្ទះខាងប្រុស ចំនួន៨ថ្ងៃ ហើយអំឡុងពេលបានរូបនាងនៅក្បែរ កំលោះសូត ស៊ី សប្បាយរីករាយរកអ្វីប្រៀបផ្ទឹម  មិនបានឡើយ យប់ឡើង ចេះកេះកៀរឱបថើបបបោសអង្អែល សុំនាងរួមភេទ តែនាងមិនព្រមឡើយ ខ្លាចប្រុសថ្លៃបានប្រាណរួច គេចវេះមិនទទួលខុសត្រូវ ម៉្យាងនាងមិនចង់ធ្វើអ្វីឱ្យរំលងហួសប្រពៃណីនោះឡើយ គ្រាន់តែផ្តល់ឱកាសឱ្យប៉ះពាល់ ឱបថើប (ស្គាល់ក្លិន) ប៉ុណ្ណោះ ហើយនាងប្រកាន់ជំហរថា បើកាលណាមិនទាន់បានក្រាបក្បាលដល់កន្ទេល នាងមិនអាចប្រគល់ខ្លួនប្រាណឱ្យប្រុសណាម្នាក់នោះឡើយ។

នាង សុខ មាន បានបន្ថែមថា បន្ទាប់ពីស្នាក់នៅផ្ទះខាងប្រុសអស់ ៨ថ្ងៃរួចមក នាងក៏បានលាប្រុសថ្លៃវិលមកកន្លែងធ្វើការនៅខេត្តត្បូងឃ្មុំ វិញ ដោយផ្តាំថា បើពិតជាចង់បាននាងជាគូអនាគតមែន ត្រូវចូលដណ្តឹង រៀបការត្រឹមត្រូវ ព្រោះនាងមិនអាចលេងផ្លូវកាត់ឡើយ។ លុះពេលនាងត្រឡប់មកវិញបាត់ ស្រាប់តែកំលោះសូត ស៊ី

យំសោកបោកខ្លួនយ៉ាងខ្លាំង ដោយរំអុកសុំម្តាយឱ្យចូលស្តីដណ្តឹងនាង និងថែមទាំងបានទូរស័ព្ទមកប្រាប់នាងថា ជាតិនេះ បើមិនបាននាងជាគូអនាគត គេសុខចិត្តស្លាប់ ហើយបើនាងរៀបការជាមួយអ្នកថ្មី គេនឹងចងកសម្លាប់ខ្លួនឱ្យនាងមើលមិនខាន។ ឮបែបនេះ នាងក៏អាណិតដែរ តែមិនដឹងធ្វើម៉េច ព្រោះខ្លួនជាស្រី ណាមួយយល់ថា បើគេស្រលាញ់នាងមែន គេនឹងមកស្តីដណ្តឹងនាងមិនខានឡើយ។ ទីបំផុតកំលោះសូត ស៊ី ក៏បានឱ្យម្តាយរបស់គេ ចូលមកស្តីដណ្តឹង និងសែនព្រេន បាចផ្កាស្លា១ព្រឹក រួចក៏ចាប់ដៃគ្នាជាប្តីប្រពន្ធ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មកដល់សព្វថ្ងៃតែម្តង។

លោកសូត ស៊ី អាយុ២១ឆ្នាំ ត្រូវជាប្តីនាងសុខ មាន បានឱ្យដឹងតាមទូរស័ព្ទថា ក្រោយពេលចាប់ដៃគ្នាជាប្តីប្រពន្ធមក លោកក៏បាននាំប្រពន្ធមករស់នៅខាងលោកជាប្តី ក្នុងភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដើម្បីគ្រាន់បានជួយមើលថែម្តាយរបស់គាត់ដែលមានជំងឺផង។ ចំណែកលោក បានចេញមកទីក្រុង ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ចំពោះរឿងស្នេហារវាងលោកនិងនាងសុខ មាន ពិតជាដូចអ្វីដែលប្រពន្ធរៀបរាប់មែន គឺមុនរៀបការ នាងធ្លាប់មករស់នៅផ្ទះរបស់លោក ៨ថ្ងៃ ហើយលោកធ្លាប់លួងលោមប្រលោមស្នេហ៍ ចង់លេងផ្លូវកាត់ដែរ តែនាងមិនព្រមដាច់ខាត ដោយបានត្រឹមបើកដៃឱ្យលោកឱបថើប បានស្គាល់តែក្លិនប៉ុណ្ណោះ ហេតុនេះហើយ ទើបធ្វើឱ្យលោកមានចិត្តស្រលាញ់ អាល័យនាងជាខ្លាំង ដល់ថ្នាក់ អង្គុយទួញយំរំអុកម្តាយឱ្យចូលស្តីនាងយកមកធ្វើប្រពន្ធឱ្យខាងតែបាន៕

RELATED ARTICLES