Friday, June 27, 2025
Homeសង្គម និងជីវិតក្អកធ្លាក់ឈាម បញ្ជូនដល់ពេទ្យស្លាប់

ក្អកធ្លាក់ឈាម បញ្ជូនដល់ពេទ្យស្លាប់

ភ្នំពេញ ៖ បុរសជនជាតិចិន ជាអ្នកគ្រប់គ្រងប្រធានផ្នែកដេរ នៃរោងចក្រកាត់ដេរមួយ នៅខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិត ខណៈពេលដឹកចេញពីមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន ទីតាំងលេខ៤៦២ព ក្រុម៦៩ ភូមិ១២ សង្កាត់ទន្លេបាសាក់ខណ្ឌចម្ការមន ទៅដល់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលានៅម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបុរសរងគ្រោះរូបនេះ មានអាការក្អកធ្លាក់ឈាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ZHONG HUARUI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងលេខ EH7330944 មុខរបរអ្នកគ្រប់គ្រងប្រធានផ្នែកដេរ ស្នាក់នៅក្នុងរោងចក្រស៊ូភៀ ស្ថិតនៅភូមិត្រពាំងសាំងចៀក ឃុំត្រពាំងគម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ បានកើតមានអាការក្អកធ្លាក់ឈាម រួចក៏ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន នៅគ្រែលេខ៤ ជាន់ទី៦។ បន្ទាប់មក គ្រូពេទ្យប្រចាំការនៅទីនោះ បានពិនិត្យទៅលើអ្នកជំងឺ រួចបានដាក់អុកស៊ីសែន និងចាក់ថ្នាំក្រពះ ហើយព្យួរសេរ៉ូម និងចាក់ថ្នាំឃាត់ឈាម តាមសេរ៉ូម ព្រោះពេលនោះអ្នកជំងឺមានអាការក្អកធ្លាក់ឈាម រួចមកគ្រូពេទ្យបានពិនិត្យមើល។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ អ្នកជំងឺមានអាការធ្ងន់ធ្ងរ ក្អកធ្លាក់ឈាមតាមមាត់កាន់តែខ្លាំង ពេលនោះខាងមន្ទីរពេទ្យប៊ីធន បានរៀបចំដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យប៊ីធន នៅវេលាម៉ោង ៨ព្រឹក តាមរថយន្តសាមុយ របស់ពេទ្យ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ លុះពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃដដែល ក្រុមគ្រូពេទ្យខាងមន្ទីរពេទ្យកាល់ម៉ែត បានចេញមកពិនិត្យមើលជនរងគ្រោះនៅលើរថយន្តសាមុយមន្ទីរពេទ្យប៊ីធន រួចបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។

ក្រោយមក ខាងមន្ទីរពេទ្យប៊ីធន បានរាយការណ៍ទាក់ទងមកសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ រួចក៏ដឹកជនរងគ្រោះមកតម្តល់នៅវត្តទឹកថ្លា៕

RELATED ARTICLES