ភ្នំពេញ ៖ ផ្ទះបើកល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌឫស្សីកែវ សហការជាមួយសណ្តាប់ធ្នាប់សង្កាត់ទួលង្កែទី១ ចុះបង្ក្រាប ដោយដកហូតបានទូរហ្គេមបាញ់ត្រី ចំនួន២គ្រឿង ខណៈមេល្បែងដឹងខ្លួនមុន ដោះគ្រឿង និងជញ្ជូនវត្ថុតាងសំខាន់ៗចេញទៅអស់ និងវត្ថុតាងខ្លះ យកទៅលាក់ទុកនៅផ្នែកខាងក្រោយផ្ទះ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៩និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែង តាមផ្លូវ K5 ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលចុះបង្ក្រាប សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋានមកថា ទីតាំងខាងលើ មានលួចលាក់បើកលេងល្បែងបាញ់ត្រី។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌឫស្សីកែវ សហការ ជាមួយសណ្តាប់ធ្នាប់សង្កាត់ទួលង្កែទី១ ចុះបង្ក្រាបភ្លាមៗ ដោយដកហូតបានទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង។

បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រឹបអូស រួចបញ្ជូនទៅកាន់សាលាខណ្ឌ ដើម្បីកម្ទេចចោល ។
តាមប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា នេះជាករណីដដែលៗរាប់មិនអស់ និងកើតច្រើនឆ្នាំមកហើយ ដែលមេៗល្បែងស៊ីសងខុសច្បាប់ តែងតែឆ្លាតជាងសមត្ថកិច្ចមួយចំនួន ព្រោះពេលមេល្បែងលួចលាក់បើកលេង

សមត្ថកិច្ចខ្លះមិនដឹង និងមិនបានបង្ក្រាបនោះទេ ប៉ុន្តែរាល់ប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ច គឺសុទ្ធតែត្រូវក្រុមមេល្បែងដឹងមុនជានិច្ច (ដូចទ្រង់ញាណ) ហេតុនេះ ពួកគេមានឱកាសរើចល័តភស្តុតាងចង់អស់ ពីទីតាំងប្រព្រឹត្តបទល្មើស។ ទង្វើទាំងនេះ បានធ្វើឱ្យសមត្ថកិច្ចដែលមានឆន្ទៈបង្ក្រាបបទល្មើស ជួបផលលំបាកបំផុត៕