ភ្នំពេញ ៖ កំលោះជាមន្ត្រីយោធាម្នាក់ ត្រឡប់មកពីយាមចេតិយឱ្យមេរបស់ខ្លួនវិញ ក៏ឆៀងចូលទៅទិញអីហូប ស្រាប់តែត្រូវអ្នកផឹកស៊ី១ក្រុម បង្ករឿងឈ្លោះ ដោយចោទថាបានជិះម៉ូតូឆាបសង្សារគេ រួចព្រួតកាប់ជិត ១០កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅក្នុងបុរីសុខសាន្ត ដែលស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មិនបានបញ្ជាក់ឈ្មោះឱ្យដឹងនោះទេ គ្រាន់តែប្រាប់ថា ជាកម្លាំងយោធាកងពលតូចលេខ៧០ ដែលស្ថិតនៅក្បែរទីតាំងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីយាមចេតិយ នៅជិតវិទ្យាល័យជម្ពូវ័ន ដោយសារមេរបស់គាត់ជិតមកបង្សុកូល ក៏បានឱ្យពួកគាត់យាមនៅទីតាំងចេតិយនោះ លុះគាត់ចេញពីកន្លែងយាមវិញ គាត់ក៏បានជិះម៉ូតូ ២គ្រឿង មានគ្នា៤នាក់ ដើម្បីទៅទិញអីហូប លុះពេលបើកមកដល់

ចំណុចកើតហេតុ ក៏បានជិះកាត់វង់ផឹកស៊ី ស្រាប់តែត្រូវជនដៃដល់មួយក្រុម បានស្រែកហៅគាត់ឱ្យឈប់ នៅពេលនោះក្រុមជនរងគ្រោះក៏បានឈប់ម៉ូតូ ដើម្បីសួរនាំ ដោយជនរងគ្រោះបាននិយាយថា “មានការអ្វីប្អូនៗ” ចំណែកបក្សពួកជនបង្កហេតុ បាននិយាយថា “ម៉េចបានជិះម៉ូតូឆាបសង្សារអញ!” ហើយជនរងគ្រោះបាននិយាយប្រាប់ថា “ខ្ញុំជិះគេចជង្ហុកទេ មិនបានជិះឆាបសង្សារប្អូនឯងឯណា” នៅពេលនោះជនបង្កហេតុដែលជាជនដៃដល់ម្នាក់ទៀត បានចេញពីក្នុងផ្ទះ ដោយមានកាំបិតប៉័ងតោ ២ដើម កាប់ទៅលើជនរងគ្រោះម្នាក់ ជាច្រើនកាំបិត ដោយចំផ្នែកក្បាល ដៃ និងត្រចៀកជាច្រើនកាំបិត បណ្តាលឱ្យឈាមហូរស្រោចពេញខ្លួន។

បន្ទាប់មក ជនរងគ្រោះត្រូវបានក្រុមការងារនិងក្រុមគ្រួសារ នាំយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យឯកជនមួយ នៅជម្ពូវ័ន ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ភ្លាមៗ។ ចំណែកជនបង្កហេតុជាម្ចាស់ផ្ទះខាងលើ បានបិទទ្វារចូលដេកបាត់ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទៅធ្វើកំណត់ហេតុនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីកំណត់មុខសញ្ញា និងចាត់ការតាមនីតិវិធីបន្ត។/