ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់នេះ ក្រោយពេលប្រពន្ធចំណាស់របស់ខ្លួនឈឺស្លាប់ចោលទៅ ក៏រស់នៅក្នុងភាពជាពោះម៉ាយជាច្រើនឆ្នាំ ស្រាប់តែថ្ងៃមួយ បានជួបនារីម្នាក់តាមទូរស័ព្ទ ស្រាប់តែសាងសងចុះឡើង ទើបដឹងថានាងជាមេម៉ាយកូន២ មានវ័យទើបនឹង ៣០ឆ្នាំជាងប៉ុណ្ណោះ ឯខ្លួនវិញ ៧០ប្លាយទៅហើយ ប៉ុន្តែហេតុតែព្រេងនិស្ស័យ ទើបធ្វើឱ្យអ្នកទាំងពីរស្ម័គ្រសែនព្រេនយកគ្នាជាប្តីប្រពន្ធ រួមរស់នឹងគ្នាយ៉ាងមានក្តីសុខ តែទាស់ត្រង់តា កម្លាំងចេះតែស្រកស្រុតតាមវ័យ ត្អូញថាទន់ជង្គង់។

អ្នកស្រី ស៊ឹម អ៊ុន អាយុ៣៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ បានរៀបរាប់ប្រាប់ថា ក្នុងមួយជីវិតនេះ នាងមានប្តីចំនួន ២នាក់រួចមកហើយ ដោយប្តីទី១ ឈ្មោះដូត សា កាលណោះនៅកំលោះក្រមុំ លោកដូត សា មានអាយុ២៥ឆ្នាំ ចំណែកនាងមានអាយុ២០ឆ្នាំ កំពុងពេញរូបរាង ក៏ត្រូវបានឪពុកម្តាយរៀបចំផ្សំផ្គុំឱ្យក្លាយជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់។ បន្ទាប់ពីរៀបការរួចមក ពួកគាត់២នាក់ប្តីប្រពន្ធ បានរួមរស់នឹងគ្នាអស់រយៈពេល ១០ឆ្នាំ ដោយបង្កើតបានកូន ២នាក់ សុទ្ធតែស្រី ជាចំណងនិស្ស័យ។ លុះក្រោយមក ប្តីនេះក៏បែកគំនិតចេះតែលួចលាក់មានស្រីញីរាប់មិនអស់ ទើបធ្វើឱ្យជីវិតគ្រួសាររស់នៅមិនចុះសម្រុង ជួបតែរឿងរកាំរកូស រហូតឈានដល់ការបែកបាក់ លែងលះគ្នាទៅ។

អ្នកស្រី ស៊ឹម អ៊ុន រៀបរាប់បន្តថា ក្រោយពីលែងលះប្តីទី១ មិនបានប៉ុន្មានផង នាងក៏បានជួបស្នេហ៍ទី២ ជាបុរសចំណាស់វ័យ ៧០ឆ្នាំប្លាយ (ឈ្មោះម៉ៅ ប្រោញ អាយុ ៧៦ឆ្នាំ) ពោលគឺអាយុដំណាលជីតារបស់នាងទៅហើយ ដោយកាលណោះនាងបានទាក់ទងស្គាល់គ្នាតាមទូរស័ព្ទ លុះ ក្រោយពីទាក់ទងគ្នាបានមួយរយៈ តាម៉ៅ ប្រោញ ក៏បានសុំនាងរៀបការ ដោយបានត្រឹមបាចផ្កាស្លា សែនក្បាលជ្រូក មាន់ស្ងោរ តែ១ព្រឹកប៉ុណ្ណោះ។ តាំងពីបានប្តីចាស់នេះមក នាងត្រូវអ្នកស្រុកនិយាយដើម លួចសើចចំអកមិនឈប់ឡើយថា ខ្វះប្រុសណាស់ឬ បានទៅយកប្តីអាយុស្មើជីតាបែបនេះ ឬចង់ស៊ីទ្រព្យគេ? រហូតដល់មានអ្នកពេបជ្រាយថា យកប្តីចាស់ មិនខ្លាចប្តីស្លាប់លើបង្គងទេអី? យ៉ាងណាក៏មានអ្នកខ្លះជួយត្រេកអរ យល់ថានាងបានប្តីចាស់ ពូកែថ្នមថ្នាក់ យល់ទុក្ខធុរៈប្រពន្ធ។ ចំណែកនាងនិងប្តី ក៏មិនទៅខឹងសម្បាអ្វីចំពោះគេដែរ ព្រោះធ្វើម៉េចនេះគឺជាព្រេងវាសនារបស់ពួកនាង ដែលជានិស្ស័យគូសវាសឱ្យពួកនាងបានជួបប្រសព្វគ្នាបែបនេះទៅហើយ ណាមួយប្តីចាស់មានចិត្តនឹងន មិនបែកឆ្វេង លួចមានប្រពន្ធចុង ស្រលាញ់ស្មោះមួយនឹងមួយ យកបានជាគ្នា គ្រាន់ជួយរកស៊ីចិញ្ចឹមកូនក៏ប្រសើរដែរ។

អ្នកស្រី ស៊ឹម អ៊ុន បានអះអាងថា រាល់ថ្ងៃនេះ គាត់យកប្តីចាស់ពិតមែន ហើយទោះបីគ្រួសារនាងក្របន្តិចក្តី តែនាងរស់នៅមានសុភមង្គលណាស់ ព្រោះតែប្តីចាស់ពូកែថ្នមថ្នាក់ យល់ទុក្ខធុរៈប្រពន្ធខ្លាំងណាស់។ រហូតមកដល់សព្វថ្ងៃ នាងបានចាប់ដៃជាមួយប្តីចាស់នេះ បានរយៈពេល ៤ឆ្នាំមកហើយ ឃើញថា ប្តីកាន់តែថ្នមស្ទួយនាងលើសដើម មិនដែលធ្វើឱ្យនាងពិបាកចិត្តម្តងណាឡើយ ហើយនាងតែហៅប្តីថា ប៉ាៗ ចំណែកប្តីវិញ ហៅនាងជាប្រពន្ធថា ម៉ែអូនៗពេញៗមាត់។

អ្នកស្រី ស៊ឹម អ៊ុន បានបញ្ជាក់ថា និយាយដល់រឿងយប់ព្រលប់វិញ កាលពីដើមឡើយ ចាប់ដៃគ្នាដំបូងៗ ប្តីនាងថា អាយុច្រើនមែន តែកម្លាំងកំហែងយប់ព្រលប់ មិនណយទេ នៅអាចបំពេញក្តីសុខដល់ប្រពន្ធក្មេងបាន មិនចាស់ប្រុសៗពេញកម្លាំងប៉ុន្មានឡើយ ពោលគឺដូចពាក្យថា គោចាស់ប៉ះស្មៅខ្ចីអ៊ីចឹង ប៉ុន្តែរហូតមកដល់សព្វថ្ងៃ គាត់ចាស់ហើយ ប្រើកម្លាំងទៅលើការងាររកស៊ីច្រើន ហេតុនេះរឿងការងារយប់ព្រលប់ បើបង្ខំប្តីពេកក៏មិនបានដែរ ខ្លាចធ្លាក់ខ្លួនឈឺធ្ងន់ ស្លាប់លើបង្គង ដូចពាក្យគេថា តែយ៉ាងណា ជីវិតគ្រួសារនាងនៅតែរួមរស់យ៉ាងរលូនដដែល។
ចំណែកលោកតាម៉ៅ ប្រោញ ជាប្តី បានរៀបរាប់ប្រាប់ថា លោកតាមានស្រុកកំណើតនៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ស្រុកត្រាំកក់ ក្នុងមួយជីវិតនេះ គាត់មានប្រពន្ធ ២ដងដែរ ដោយប្រពន្ធទី១ រៀបការនឹងគ្នាតាំងពីក្មេងៗ នាងមានឈ្មោះសន ស៊ុន (ស្លាប់) ហើយគាត់រស់នៅ ជាមួយប្រពន្ធទី១ បានកូនចំនួន៤នាក់ លុះក្រោយពេលប្រពន្ធឈឺស្លាប់ទៅ គាត់ក៏បានរស់នៅក្នុងជីវិតជាបុរសពោះម៉ាយ អស់ពេលជាយូរឆ្នាំ ទើបជួបស្នេហ៍ទី២ ជាមួយនាងអូន ស៊ឹម អ៊ុននេះ។
លោកតា ម៉ៅ ប្រោញ បានបន្តថា ដំបូងឡើយ គាត់បានស្គាល់នាងអូន ស៊ឹម អ៊ុន តាមទូរស័ព្ទ លុះពេលសាសងគ្នាទៅ ទើបដឹងថា នាងជាមេម៉ាយកូន២ និងមានអាយុខុសពីគាត់ឆ្ងាយណាស់ ពោលគឺសមតែជាតានិងចៅ ប៉ុន្តែហេតុថានិស្ស័យ ទើបធ្វើឱ្យពួកគាត់ស្ម័គ្រទទួលយកគ្នាជាប្តីប្រពន្ធ ដោយចិត្តនិងចិត្ត និងបានត្រឹមសែនព្រេន ១ព្រឹកប៉ុណ្ណោះ។ ដូចអ្វីដែលប្រពន្ធគាត់បាននិយាយអ៊ីចឹង កាលចាប់ដៃគ្នាដំបូងៗនោះ មានតែអ្នកសើចចំអកពេបជ្រាយ ជាងអ្នកជូនពរ រហូតមានអ្នកខ្លះដាក់ទំនាយថា យកប្រពន្ធក្មេង មិនយូរមិនឆាប់ ច្បាស់ជាស្លាប់លើបង្គងមិនខាន តែចំពោះខ្លួនគាត់ផ្ទាល់ គាត់មិនទៅល្ងង់ដល់ថ្នាក់ខំប្រឹងមិនប្រមាណកម្លាំង បណ្តោយឱ្យស្លាប់លើបង្គងនោះទេ តែគាត់ធ្វើអ្វីតាមតែកម្លាំងរបស់គាត់ប៉ុណ្ណោះ។
លោកតា ម៉ៅ ប្រោញ បានឱ្យដឹងថា ដំបូងៗ ពេលប៉ះមេម៉ាយក្តៅស្រួយបែបនេះ គាត់អាចទៅរួច មិនអន់ប៉ុន្មានឡើយ តែយូរទៅ កម្លាំងក៏ខ្សត់ អាយុក៏ច្រើន ទើបគាត់មិនសូវបំពេញក្តីសុខឱ្យប្រពន្ធបានគ្រប់គ្រាន់នោះឡើយ យូរៗបានមួយទាំងញ័រជង្គង់ដែរ តែប្រពន្ធមិនដែលបង្អាប់គាត់ទេ មានតែជួយផ្តល់កម្លាំងចិត្ត និងពួតដៃគ្នារកស៊ីចិញ្ចឹមគ្រួសារ រួមរស់យ៉ាងមានសុភមង្គលដល់សព្វថ្ងៃ៕