ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាគ្រូពេទ្យម្នាក់ និងជាអនុប្រធានមណ្ឌលសុខភាពឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផង បានទទួលមរណភាព ដោយសារឡើងសម្ពាធឈាម នៅអំឡុងពេលបំពេញការងារ លុះក្រុមគ្រួសារមកទទួលយកសព ដើម្បីដឹកទៅកាន់លំនៅឋាន ឯទីរួមខេត្តស្ទឹងត្រែង បែរជារកឡានពេទ្យដឹកសពមិនបាន ទើបធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ ធ្វើការរិះគន់ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក រហូតដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត សម្រេចបង្កើតក្រុមការងារ ចុះស្រាវជ្រាវចំពោះករណីនេះភ្លាមៗ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចបរិវេណមណ្ឌលសុខភាពឃុំស្រែសំបូរ ស្ថិតក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង។
ក្រោយពីមានការចោទប្រកាន់មកលើថ្នាក់ដឹកនាំពេទ្យខេត្តស្ទឹងត្រែង លើករណីស្ត្រីបុគ្គលិកពេទ្យម្នាក់បានបាត់បង់ជីវិត ហើយគ្មានរថយន្តពេទ្យរដ្ឋដឹកសពយកមកផ្ទះ ដើម្បីធ្វើបុណ្យនោះ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក៏បានបង្កើតក្រុមការងារ ចុះស្រាវជ្រាវការចោទប្រកាន់ខាងលើនេះភ្លាម។
លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ថា ករណីចោទប្រកាន់របស់ក្រុមគ្រួសារ ដែលជាស្ត្រីបម្រើការងារនៃមណ្ឌលសុខភាព ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានស្លាប់ ហើយគ្មានរថយន្តដឹកសព មកធ្វើបុណ្យ នៅខេត្តស្ទឹងត្រែង នោះ លោកបានឱ្យក្រុមការងារចុះស្រាវជ្រាវលើករណីនេះហើយ ដើម្បីរកការពិត បើពិតដូចការចុះផ្សាយនោះ លោកនឹងមានវិធានការតាមច្បាប់ ចំពោះអ្នកទទួលខុសត្រូវអង្គភាពនោះ។

គួរបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ ត្រូវបានស្ត្រីម្នាក់ដែលត្រូវជាសាច់ញាតិគ្រួសារសព មាន គណនីហ្វេសប៊ុកឈ្មោះ Leang Chan thy បានបង្ហោះសាររៀបរាប់ថា “មីងខ្ញុំធ្វើការនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង ២៥ឆ្នាំ រហូតទៅបំពេញការងារនៅកញ្ចាញគោក (មណ្ឌលសុខភាពឃុំស្រែសំបូរ) ស្លាប់នៅទីនោះ រកឡានដឹកសពមកផ្ទះវិញមិនមាន។ នេះគឺបុគ្គលិកពេទ្យផង ចុះទម្រាំប្រជាជនសាមញ្ញ សង្ឃឹមអីទៅ។ មីងរបស់ខ្ញុំបានស្លាប់ដោយសារសម្ពាធឈាមឡើងខ្ពស់ ទៅបម្រើការងារជាអនុប្រធានមណ្ឌលសុខភាពឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ម្តាយមីង បានស្លាប់ តាំងពីម៉ោង ៥ៈ៣០ ដល់ម៉ោងជិត ៩យប់ ថ្ងៃទី០៦ ខែមេសា មិនមានរថយន្តរបស់មន្ទីរពេទ្យ ដើម្បីដឹកសពយកមកធ្វើបុណ្យនៅផ្ទះឯទីរួមខេត្តស្ទឹងត្រែង។ ពេលគាត់សួរទៅខាងគ្រូពេទ្យខេត្ត បែរជាឆ្លើយថា រថយន្តសម្រាប់ដឹកមនុស្ស មិនមែនសម្រាប់ដឹកសពទេ។ ពេលឮសំដីបែបនេះ ទើបធ្វើឱ្យមានការប្រតិកម្ម ហើយក្រុមគ្រួសារ ក៏សម្រេចចិត្តយករថយន្តផ្ទាល់ខ្លួន ដឹកសពពីស្រុកសៀមប៉ាង ដែលមានចម្ងាយឆ្ងាយ មកធ្វើបុណ្យនៅផ្ទះនៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង”។

លោកជួន សំនៀង ប្រធានមណ្ឌលសុខភាពឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធករណីស្ត្រីបម្រើការងារនៅក្នុងមណ្ឌលសុខសុខភាពស្លាប់នេះ ខាងគ្រូពេទ្យ បានខំប្រឹងប្រែងណាស់ មិនដូចការចោទប្រកាន់នោះទេ។ មកពីខាងសាច់ញាតិ មិនទំនាក់ទំនងទៅ លោកផ្ទាល់ ហើយចង់ដឹកសពទៅផ្ទះភ្លាមៗ។
លោក ជួន សំនៀង បាននិយាយថា “គ្រូពេទ្យ គេមិនអាចដឹកសពទៅភ្លាមបានទេ គឺត្រូវរង់ចាំ ទំនាក់ទំនងរករថយន្តពេទ្យ ជាមុនសិន។ ម៉្យាងទៀត អ្នកដែលស្គាល់ ធ្លាប់បម្រើការងារនៅមណ្ឌលសុខភាព រៀបចំជូនដំណើរសព ជាលើកចុងក្រោយផង។ ខាងក្រុមគ្រួសារដែលទៅ ពីទីរួមខេត្តទៅវិញទេ ដែលចង់ដឹកសពទៅភ្លាមៗនោះ។ ក្រោយមក ក៏បានបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក រិះគន់ដល់គ្រូពេទ្យ…”។
ក្រោយពីមានករណីខាងលើនេះ ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្ត កំពុងចុះស៊ើបអង្កេត ស្រាវជ្រាវរកការពិត ចំពោះក្រុមគ្រួសារសព ចោទប្រកាន់មកលើថ្នាក់ដឹកនាំពេទ្យនេះ៕